អ្នកស្រី ស្រ៊ា​ត មុំ​សុភា សង្ឃឹមថា​ទេសចរ​ក្នុងស្រុក នឹង​ជួយជំ​រុញវិស័យ​ទេសចរណ៍​ឲ្យ​ងើបឡើង​វិញ​

02/07/2020 10:00 am ភ្នំពេញ

​ភ្នំពេញ​៖ អ្នកស្រី ស្រ៊ា​ត មុំ​សុភា បានផ្តល់​ក្តីសង្ឃឹម​យ៉ាង​មុតមាំ ចំពោះ​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក ថា​ពួកគាត់​នឹង​ជួយ​រុញច្រាន​ឲ្យ​វិស័យ​ទេសចរណ៍​រស់​រវើក និង​ងើប​ឡើងវិញ បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ បញ្ចប់ទៅ​។ អគ្គនាយិកា​ក្រុមហ៊ុន សូ​ហ្វី​យ៉ា ត្រា​វេ​ល​អេ​ន​ធួរ រូបនេះ​ជំរុញ​ឲ្យ​ប្រតិបត្តិ​ទេសចរណ៍​ទាំងអស់ ងាក​មក​សំឡឹងមើល​ឱកាស ក្នុង​វិបត្តិ​នេះ ហើយ​ចាប់ផ្តើម​ផ្លាស់ប្តូរ​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ឲ្យ​ត្រូវ​នឹង​រសជាតិ​ទេសចរ​ក្នុងស្រុក​វិញ​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខាងក្រោម​ដូចតទៅ​៖
 



​វិស័យ​ទេសចរណ៍​កម្ពុជា បានទទួល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដែល​បន្ត​អូសបន្លាយ និង​ញ៉ាំ​ញី​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក រួមទាំង​កម្ពុជា​ផង​។ វិបត្តិ​នេះ បានធ្វើ​អាជីវកម្ម​ទេសចរណ៍​មួយចំនួន​នៅ​កម្ពុជា​បានប្រកាស​បិទទ្វារ មួយចំនួន​ផ្អាក​សកម្មភាព​អាជីវកម្ម និង​ខ្លះ​នៅ​បន្ត​ដំណើរការ​ទាំង​ត្រដាបត្រដួស​។
 

​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​Thmeythmey25   កាលពី​ថ្ងៃទី​១៨ ខែមិថុនា អ្នកស្រី ស្រ៊ា​ត មុំ​សុភា អគ្គនាយិកា​ក្រុមហ៊ុន សូ​ហ្វី​យ៉ា ត្រា​វេ​ល​អេ​ន​ធួរ បង្ហាញ​កង្វល់​ថា ក្នុង​រយៈ​ព​លេ​២​ទៅ​៣​ខែ​ទៀត នឹងមាន​ក្រុមហ៊ុន​ទេសចរណ៍​កាន់តែច្រើន ប្រកាស​ក្ស័យធន បើ​ស្ថានភាព​កូ​វីដ​-១៩ នៅតែ​មិន​ស្រាកស្រាន្ត​។ អ្នកស្រី បញ្ជាក់​ដូច្នេះ​៖«​នៅ​រយៈពេល​២-៣ ខែ​ទៀត ប្រសិនបើ​ស្ថានភាព​ហ្នឹង​(​កូ​វីដ​-១៩) មិនមាន​ភាពប្រសើរ​ទេ គឺមាន​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន នឹង​ប្រឈមមុខ​នឹង​ការបិទទ្វារ​តែម្តង​។ មានន័យថា​ប្រកាស​ក្ស័យធន​តែម្តង​។ ឥឡូវ​ហ្នឹង​ក្រុមហ៊ុន​មួយចំនួនធំ​ហ្នឹង នៅមាន​លទ្ធភាព​នៅឡើយ ក្នុង​ការបង់​ប្រាក់ខែ​បុគ្គលិក​បាន​ខ្លះ អ្នកខ្លះ​ក៏​យើង​ឲ្យ​គាត់​សម្រាក​ដោយ​មិន​ទទួល​ប្រាក់ខែ ហើយ​បន្ត​មានឈ្មោះ​ក្នុង​អាជីវកម្ម មានការ​ប្រកាស​ពន្ធ​។ តែបើ​នៅតែ​បន្តទៀត ខ្ញុំ​មើលឃើញថា​នឹងមាន​ការប្រកាស​ក្ស័យធន​»​។   

​សម្រាប់​អ្នកស្រី ស្រ៊ា​ត មុំ​សុភា បើទោះជា​ស្ថានភាព​ស្ងប់ស្ងាត់​វិញ​នៅក្នុង​រយៈពេល​ឆាប់ៗ​វិញ​ក៏ដោយ ប៉ុន្តែ​វិស័យ​ទេសចរណ៍​ដែល​បាន​រងគ្រោះ​ផ្ទាល់​មុន​វិស័យ​ផ្សេងៗ​នោះ នឹង​ងើប​ឡើងវិញ​ក្រោយ​គេ ឬ​ត្រូវការ​ពេល​យូរ​ជាងគេ​វិញ​។ អ្នកស្រី​ពន្យល់​បន្តថា​៖« បើ​អូសបន្លាយ​យូរ ពេល​ចប់​ទៅ​វា​មាន​ក្រុមហ៊ុន​តិចតួច​ដែល​នៅ​សេសសល់ ក្រុមហ៊ុន​ភាគច្រើន​បោះបង់​។ បោះបង់​អាច​ថា​ក្នុង​រយៈពេល​ហ្នឹង ឬ​អ្នកខ្លះ​ក៏​បោះបង់​រហូត​ទៅ​។​....​។ ការចាប់ផ្តើម​ដំណើរការ​វា​អាច​យឺត ព្រោះ​យើង​ត្រូវ​យល់ថា វិស័យ​ដែល​ប៉ះពាល់​មុនគេ គឺ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​នៅពេល​អ្វីៗ​ត្រឡប់មក​ធម្មតា​វិញ វិស័យ​ទេសចរណ៍​ប្រាកដជា​ងើប​ក្រោយ​គេ ព្រោះ​គេ​ត្រូវការ​គិតគូរ​ទៅលើ​រឿង​អ្វី​ផ្សេងៗ​ច្រើន មុន​នឹងមាន​កញ្ចប់​ថ​វិកា​ចំណាយ​លើ​ការដើរ​ហើរ ឬក៏​ការចាយវាយ​លើ​ការកម្សាន្ត​»​។ 

​ទោះជា​យ៉ាងនេះ​ក្តី អ្នកស្រី ស្រ៊ា​ត មុំ​សុភា នៅតែមាន​សុ​ដ្ឋិ​និយម​ថា ភ្ញៀវទេសចរ​ក្នុងស្រុក នឹង​ជួយ​ច្រាន​វិស័យ​ទេសចរណ៍​ឲ្យ​ងើបឡើង​វិញ​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​ទេសចរណ៍ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យនេះ ខិតខំ​កែប្រែ​កញ្ចប់​ទេសចរណ៍ ក៏ដូចជា​សេវាកម្ម​ឲ្យ​ត្រូវចិត្ត​ទេសចរណ៍​ក្នុងស្រុក​ដែរ​។ 

​កន្លងមក​ក្រសួងទេសចរណ៍ ក៏បាន​រៀបចំ​ស្ដង់ដា​ថ្មី​ក្នុងពេល​កម្ពុជា​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ចំនួន​៣ រួមមាន​៖ សេវាកម្ម​ស្នាក់នៅ ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍​សហ​គម​ន៍​-​រមណី​ដ្ឋា​ន​ទេសចរណ៍​ផងដែរ ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​មាន​សកម្មភាព​ឡើងវិញ និង​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​។ បើតាម​របាយការណ៍​ក្រសួងទេសចរណ៍​កម្ពុជា បាត់បង់​ទេសចរ​បរទេស​ប្រមាណ ៣៨% ពោលគឺ​ធ្លាក់ចុះ​ជាង ៧ សែន​នាក់ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០៕
 

ព័ត៌មានទាក់ទង