អាជ្ញាធរ បិទ​សិប្បកម្ម​ផលិត​ពពុះសណ្តែក​៧​ទីតាំង​បណ្ដោះអាសន្ន នៅក្នុង​ខេត្តកណ្តាល ក្រោយ​រកឃើញ​សារធាតុ​គីមី​

01/07/2020 1:00 pm កណ្តាល

ភ្នំពេញ​៖ អាជ្ញាធរ បានសម្រេច​បិទ​សិប្បកម្ម​ផលិត​ពពុះសណ្តែក ៧​ទីតាំង​បណ្ដោះអាសន្ន នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ក្រោយពី​រកឃើញ​សារធាតុ​គីមី​នៅក្នុង​ផលិតផល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​។​



​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ពពុះសណ្តែក​ចំនួន​៧ ទីតាំង នៅ​ភូមិ​ពុក​ឬ​ស្សី ឃុំ​ពុក​ឬ​ស្សី និង​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែ​កតា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បី​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​លើ​ផលិតផល​ទាំងនេះ ស្រាប់តែ​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ដែល​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​តែម្ដង​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ដកហូត​ពពុះសណ្តែក ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ចំនួន ០៧ ទីតាំង សរុប​ទម្ងន់ ១០៨ គីឡូក្រាម​។ បន្ទាប់មក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ផ្អាក ទីតាំង​ផលិត​បណ្តោះអាសន្ន​»​។​

​ដើមចម ដែលនាំឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ និង​ឈានដល់​ផ្អាក​ទីតាំង​ផលិត​ពពុះសណ្ដែក​នេះ ធ្វើឡើង​ក្រោយពី​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​ក្នុង​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ មិថុនា ដោយ​រកឃើញ​ភាពមិនប្រក្រតី​នៃ​ពពុះសណ្ដែក ដែល​ដាក់លក់​នៅ​ទីផ្សារ​។ ក្នុង​សកម្មភាព​នោះ មន្ត្រី​ជំនាញ ក៏បាន​ដកហូត​ពពុះសណ្តែក​ដែលមាន​ផ្ទុក​សារ​ធា​គីមី​បូរ៉ា​ក់​ចំនួន ២០.៥ គីឡូក្រាម​។​

​ក្រោយ​រកឃើញ​ភាពមិនប្រក្រតី​នេះ ក្រុមការងារ​ចំពោះ​កិច្ច​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក៏បាន​ធ្វើ​កំណត់ហេតុ​ដកហូត និង​សាកសួរ​ស្វែងរក​ប្រភព​ម្ចាស់​ពពុះសណ្តែក​ខាងលើ ហើយ​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​ទីតាំង​ផលិត ទើប​បញ្ជូន​មន្ត្រី​ជំនាញ​ចុះមក​ត្រួតពិនិត្យ និង​ឈានដល់​ការសម្រេច​បិទ​សិប្បកម្ម​ផលិត​បណ្ដោះអាសន្ន​តែម្ដង​៕

ព័ត៌មានទាក់ទង