«​ទៀបបារាំង​» ងាយស្រួល​ដាំ​ដុះ និង​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​

30/06/2020 12:00 pm ភ្នំពេញ

ភ្នំពេញ​៖ ទៀបបារាំង ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ ដែល​ប្រើប្រាស់​រយៈពេល​ដាំ​ដុះ​ខ្លី ឆាប់​បាន​ផល និង​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​។ ដំណាំ​ទៀបបារាំង អាច​ដាំ​ដុះ​បាន​យ៉ាង​ងាយស្រួល ព្រោះ​វា​អាច​លូតលាស់ ឆ្លាស់​ជាមួយនឹង​ដំណាំ​ផ្សេងទៀត​បាន​។ ទៀបបារាំង ត្រូវការ​ពន្លឺ​ថ្ងៃ​តិច និង​មាន​លក្ខណៈ​សមស្រប​បំផុត​សម្រាប់​ដី​ទួល និង​ដីឥដ្ឋ​ល្បាយ​។​



​ដំណាំ​ប្រភេទ​នេះ​ឆាប់​ឲ្យ​ផល សំណុំដើម​តូច តែ​មិន​ធុន​នឹង​ទឹក​ទេ​។ វា​សមស្រប​នឹង​លក្ខណៈ​អាកាសធាតុ របស់​ប្រទេស​កម្ពុជា ព្រោះ​វា​មាន​លក្ខណៈ​ក្ដៅ ហើយ​សើម ពិសេស​អាច​ដាំ​ដុះ​នៅក្នុង​តំបន់​អាស៊ី និង​អាមេរិក​ខាងត្បូង​។ ក្រៅពី​ភាពងាយស្រួល​ក្នុង​ការដាំដុះ​ឆាប់​បាន​ផល​ច្រើន ផ្លែទៀប​បារាំង​ក៏មាន​គុណសម្បត្តិ​ច្រើន​ចំពោះ​សុខភាព​ផងដែរ​។​

​តាម​ការស្រាវជ្រាវ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត ទៀបបារាំង​ត្រូវបាន​កែច្នៃ​ដោយ​ប្រើប្រាស់​ស្លឹក​របស់​វា មក​ធ្វើជា​ឱសថ​សម្រាប់​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺមហារីក​បាន​យ៉ាងច្រើន​មុខ​។ នៅក្នុង​ផ្លែទៀប​បារាំង មាន​សារធាតុ​ជាច្រើន​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព​ដូចជា​៖ Carbohydrate Fruitose ជាតិ​សរសៃ Fiber Protein Vitamin B1 B2 B3 B6 B9  និង​Vitamin C ក្នុង​កម្រិត​ខ្ពស់​។​

​មិន​ត្រឹមតែ​អាចមាន​លទ្ធភាព​ក្នុងការ​កាត់បន្ថយ​ហានិភ័យ និង​ជួយ​ព្យាបាល​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ​ទៀតផង ដោយ​សារធាតុ​នៅក្នុង​ទៀបបារាំង អាច​បង្អាក់​នៅ​ការលូតលាស់​របស់​មហា​រីក មិន​ឲ្យ​ការវិវត្តន៍​លឿន សារធាតុ​នៅក្នុង​ទៀបបារាំង ក៏​អាចជួយ​បង្កើន​ទឹកដោះ​ស្ត្រី​ដែលមាន​បុត្រ​បានល្អ ធ្វើ​ឲ្យ​ស្ងប់​អារម្មណ៍ គេង​លក់​ស្រួល និង​អាច​បន្សាប​អាកា​រៈ​ស្រវឹង​។​

(​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​បច្ចេកទេស​ដាំ​ដំណាំ​ទៀប របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​)

ព័ត៌មានទាក់ទង