កសិករ​វ័យក្មេង គង់ គឹម​ឆាវ កំពុង​កាក់កប​ជាមួយ​របរ​ចិញ្ចឹម​កង្កែប​លក់​នៅ​ខេត្តសៀមរាប

30/06/2020 11:00 am សៀមរាប

លោក គង់ គឹម​ឆាវ វ័យ​២៦​ឆ្នាំ ដែល​បានបញ្ចប់​មហាវិទ្យាល័យ​ផ្នែក​ជលផល រស់នៅ​ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប អាច​ទទួលបាន​ប្រាក់ចំណូល​ជាង ២​ម៉ឺន​ដុល្លារ​ពី​របរ​ចិញ្ចឹម​កង្កែប​លក់​។ នេះ​បើតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​រាយការណ៍​ទៅ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​។​



អត្ថបទ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​រៀបរាប់ថា មុននឹង​ចាប់ផ្តើម​របរ​ចិញ្ចឹម​កង្កែប យុវជន គង់ គឹម​ឆាវ បាន​បម្រើការ​ជា​បុគ្គលិក​លក់​ចំណី​សត្វ​ក្នុង​ស្ថាប័ន​មួយរយៈ​ពេល​មួយឆ្នាំ​។ ក្រោយពី​ទទួលបាន​បទពិសោធន៍ លោក​យល់ថា​ការចិញ្ចឹម​កង្កែប​ឆាប់​ទទួលបាន​ផល ដោយ​ប្រើពេល​តែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ទទួលបាន​ផល​។ 

​បី​ឆ្នាំ​ហើយ​ដែល​លោក គឹម​ឆាវ បាន​ចាប់យក​មុខរបរ​ចិញ្ចឹម​កង្កែប​យក​សាច់ និង​កូន​លក់​។ តម្លៃ​កង្កែប​សាច់ ១​គីឡូ​លក់បាន ៧ ០០០​រៀល ចំណែក​កូន​កង្កែប​លក់ ២០០​រៀល ៣០០​រៀល​ក្នុង​មួយ​ក្បាល​ទៅតាម​ទំហំ​។ នេះ​បើតាម​លោក គង់ គឹម​ឆាវ​។​

​បច្ចុប្បន្ន លោក គឹម​ឆាវ មាន​អាង​ចិញ្ចឹម​កង្កែប​សរុប​ចំនួន ៣០​។ ជា​មធ្យម​អំឡុង​វិបត្តិ​កូ​វីដ​១៩​នេះ លោក​អាច​រកចំណូលបាន​ជាង ២​ពាន់​ដុល្លា​ក្នុង​មួយខែ​។ លោក​បន្តថា ភាពខុសគ្នា​មុន​វិបត្តិ​កូ​វីដ​-១៩ លោក​លក់​កង្កែប​សាច់​បាន​ច្រើនជាង​ការលក់​កូន ប៉ុន្តែ​ក្នុងអំឡុង​វិបត្តិ​ជំងឺ​នេះ លោក​លក់​កូន​កង្កែប បាន​ច្រើនជាង​សាច់​ទៅវិញ​៕

ព័ត៌មានទាក់ទង