​ស្ទឹងត្រែង ​បង្កើត​គម្រោង​ស្ថានីយ៍​ភ្ញាស់​ពូជ​ត្រី​កម្រ ជាពិសេស​ប៉ា​សេ​អ៊ី ចាក់​ចូលក្នុង​ទន្លេ​

30/06/2020 10:00 am ស្ទឹងត្រែង

​ស្ទឹងត្រែង​មាន​ទន្លេ​ដល់​ទៅ​៤​ហូរ​កាត់​ដែលជា​ជម្រក​នៃ​ពពួក​ត្រី​ពូជ​ជាច្រើន ជាពិសេស​ជាទី​ជម្រក​តែមួយគត់​របស់​ត្រី​ប៉ា​សេ​អ៊ី​។  នៅ​រដូវ​នេះ​ការនេសាទ​ត្រី​ប៉ា​សេ​អ៊ី ត្រូវបាន​បិទ​ការនេសាទ​ជា​ទ្រង់ទ្រាយ​ធំ និង​លក្ខណៈ​អាជីវកម្ម​។



​នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តស្ទឹងត្រែង​»  នៅ​ថ្ងៃទី ២៣ ខែមិថុនា លោក លៀង សេង ប្រធាន​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ខេត្តស្ទឹងត្រែង​កំពុងស្ថិត​ក្នុង​រដូវ​បិទ​ឡូ​តិ៍​នេសាទ​មុនគេ​មួយខែ ចាប់ពី​ថ្ងៃទី​១ ខែឧសភា មកម្ល៉េះ ។ បើទោះបី​ជាមាន​ការបិទ​ការនេសាទ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​រដ្ឋបាលខេត្ត អនុញ្ញាត​ឲ្យ​មានការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ធម្មតា​។ 

​ដោយសារ​មាន​រសជាតិ​ឆ្ងាញ់ និង​ជា​ប្រភេទ​ត្រី​កម្រ​ទៀតសោត ធ្វើ​ឲ្យ​ត្រី​ប៉ា​សេ​អ៊ី​មានតម្លៃ​ថ្លៃ ក្នុងនោះ​សម្រាប់​ទំហំ​ត្រី​ក្រោម ១​គីឡូ​មានតម្លៃ ១០-១៥​ម៉ឺន​រៀល និង​ត្រី​មាន​ទំហំ ១​គីឡូ​ឡើងទៅ​មានតម្លៃ ៤០-៦០​ម៉ឺន​រៀល​។ 



​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​បាត់បង់​ពូជ​ត្រី​ប៉ា​សេ​អ៊ី និង​ប្រភេទ​ត្រី​កម្រ​ផ្សេងទៀត រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹង​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​ធនាគារពិភពលោក មាន​គម្រោង​បង្កើត​ស្ថានីយ៍​ភ្ញាស់​ពូជ​ត្រី​ដែល​កម្រ​ដើម្បី​ចាក់​ចូលក្នុង​ទន្លេ​។ នេះ​បើតាម​សម្ដី​របស់លោក​ប្រធាន​មន្ទី​កសិកម្ម​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​។ 
 
​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង​បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ឲ្យ​ដឹងថា សម្រាប់​យុទ្ធនាការ រយៈពេល​ពីរ​ខែ ក្នុង​ឆ្នាំ ២០២០ ក្នុងការ​ការពារ​ត្រី​មេ​ពូជ​ក្នុង​រដូវ​បិទ​នេសាទ ប្រជា​នេសាទ​ប្រមាណ ៩០% បាន​គោរព​តាម​ការអំពាវនាវ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ដោយ​មិន​ធ្វើការ​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​រដូវ​បិទ​នេសាទ​នោះទេ​។  ត្រី​មេ​ពូជ​គ្រប់​ប្រភេទ​មិនតិចជាង ៨០% បាន​រួច​ពី​ការនេសាទ​ដោយ​ឧបករណ៍​មង​បណ្តែត ហើយ​មានឱកាស​បានធ្វើ​ចរាច​រណ៍​ទៅកាន់​ជម្រក​នានា​វិញ ។​
  

​សូមបញ្ជាក់ថា រដូវ​បិទ​នេសាទ​នៅ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង គឺ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី ០១ ខែឧសភា រហូតដល់​ថ្ងៃទី ៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ដែល​ខេត្ត​នេះ​គឺជា​ខេត្ត​មួយ​សំបូរ​ទៅដោយ​ត្រី​ធម្មជាតិ​ធំៗ និង​កម្រៗ ដូចជា ត្រី​រាជ  ត្រី​គល់រាំង  ត្រី​ត្រសក  ត្រី​ប៉ា​ស៊ី​អី  បបែល​យ​ក្យ និង​សត្វ​ផ្សោត​ទឹកសាប​។ 

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង បញ្ជាក់ទៀតថា ត្រី​នៅ​ខេត្តស្ទឹងត្រែង កំពុង​រង​នូវ​ការគំរាមកំហែង​ខ្លាំង​ឡើង​មានការ​កើនឡើង​ចំនួន​បទល្មើស កើនឡើង​នៃ​ចំនួន​អ្នកនេសាទ​៕

ព័ត៌មានទាក់ទង