​អ្នកស្រី គង់ សុខ​នី រស់នៅ​ជាមួយ​របរ​តម្បាញ​សូត្រ​តាំងពី​អាយុ​១១​ឆ្នាំ​មក ហើយ​មិនដែល​ចង់​បោះបង់​ឡើយ​

29/06/2020 4:00 pm កណ្តាល

ព្រោះ​ការស្រលាញ់ និង​ចង់​អភិរក្ស​មុខរបរ​តម្បាញ​សូត្រ​ខ្មែរ អ្នកស្រី គង់ សុខ​នី ចាប់ផ្ដើម​រៀន​តម្បាញ​បន្ត​ពី​ជីដូន និង​ម្ដាយ​របស់ខ្លួន​តាំងពី​អាយុ​១១​ឆ្នាំ​មក​។ បើទោះបី​ត្រូវ​ចំណាយពេល​យូរ​បន្តិច ក្នុងការ​ត្បាញ ប៉ុន្តែ​អ្នកស្រី​មិន​គិត​ចង់​បោះបង់​មុខរបរ​នេះឡើយ ព្រោះតែ​ការស្រលាញ់ និង​ចង់​អភិរក្ស​មុខរបរ​បែប​ប្រពៃណី​នេះ​។​



​ស្ថិតក្នុង​ចំណោម​ស្ត្រី​ជាច្រើន​ក្នុង​សហគមន៍ «​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​» មាន​ទីតាំងនៅ​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល អ្នកស្រី សុខ​នី វ័យ ៤០​ឆ្នាំ បាន​ប្រាប់ ThmeyThmey25 ថា​ក្នុង​រយៈពេល ១ ខែ អ្នកស្រី​អាច​ត្បាញ​សូត្រ​បាន​ចំនួន ៣ ក្បិន ហើយ​ក្នុង ១ ក្បិន​ទទួលបាន​ប្រាក់ ៦០​ដុល្លារ (​ជា​តម្លៃ​ដែល​សហគមន៍​ផ្ដល់​ឲ្យ​) ហើយ​ក្នុង​មួយខែ​អ្នកស្រី​អាច​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ត្រឹម ២០០​ដុល្លារ​។ វិបត្តិ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​អ្នកស្រី​បាត់បង់​ចំណូល​ដោយសារ​សហគមន៍​ផ្អាក​មួយរយៈ​។ 



​អ្នកស្រី​បាន​បន្តថា​៖«​មុននឹង​ចូលក្នុង​សហគមន៍​អ្នកស្រី​បាន​ប្រក​បរបរ​ត្បាញ​សូត្រ​នៅផ្ទះ​ចំនួន​៧​ឆ្នាំ ប៉ុន្តែ​ដោយសារ​មិនសូវមាន​ទីផ្សារ ទើប​អ្នកស្រី​សម្រេចចិត្ត​ចូលក្នុង​សហគមន៍​តម្បាញ​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​ហើយ​បើទោះបី​ប្រាក់ចំណូល​ដែល​ទទួលបាន​មិនសូវ​ច្រើន​ក៏ពិតមែន តែ​អ្នកស្រី​មិនដែល​គិត​ចង់​បោះបង់​នោះទេ​»​។ បន្ថែម​លើ​នោះ អ្នកស្រី​បានបង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ ដោយសារ​ការងារ​តម្បា​ញ​ត្រូវ​ប្រើពេល​យូរ ទាមទារ​អោយមាន​ការអត់ធ្មត់​ខ្ពស់​ជាដើម​។ 



​សិប្បកម្ម​តម្បាញ​សូត្រ​ខ្មែរ​ជា​មុខរបរ​បែប​ប្រពៃណី ជា​មុខរបរ​ពេញនិយម​សម្រាប់​ប្រជា​ជា​ជន​ខ្មែរ​ពី​ដើម ប៉ុន្តែ​បច្ចុប្បន្ន​គេ​សង្កេតឃើញថា​មុខរបរ​បែប​ប្រពៃណី​នេះ​មានការ​ធ្លាក់ចុះ ដោយ​សល់​តិចតួច​ប៉ុណ្ណោះ​នៅតាម​តំបន់​មួយចំនួន ហើយក៏​បានក្លាយ​ជាការ​គំរាម​គំហែង​គួរ​ឲ្យ​ព្រួយបារម្ភ​អាច​ប្រឈម​ទៅនឹង​ការបាត់បង់ បើសិន​មិនមាន​វិធានការ​ជាក់លាក់​ណាមួយ​នោះទេ​៕




ព័ត៌មានទាក់ទង