តូបលក់ដូរនៅតាមប្រាសាទបើកលក់វិញ ដោយរំពឹងខ្លាំងលើទេសចរក្នុងស្រុក
សៀមរាប៖ ក្រោយស្ងប់ស្ងាត់មួយរយៈ សកម្មភាពដើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតំបន់ប្រាសាទ ចាប់ផ្តើមមានឡើងវិញ។ ចាប់ពីពាក់កណ្ដាលខែ ឧសភាមក វត្តមានទេសចរក្នុងស្រុកកាន់តែច្រើន នៅតំបន់ប្រាសាទខេត្តសៀមរាប។ អាជីវកម្មនៅតំបន់ប្រាសាទ ដែលបានបិទទ្វារមួយរយៈ ក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញ ដោយរំពឹងខ្លាំង លើសកម្មភាពទេសចរក្នុងស្រុក។ ទោះបាត់ចំណូលមួយផ្នែកធំ ក៏អ្នកលក់ដូរទាំងនោះយល់ថា ប្រសើរជាងនៅផ្ទះ ដែលមិនមានចំណូលអ្វីបន្ដិចសោះ។
ពេលជំងឺកូវីដ១៩ ត្រូវបានប្រកាសអាសន្ននៅជុំវិញពិភពលោក ខេត្តសៀមរាបដូចតំបន់រមណីយដ្ឋានដទៃទៀតដែរ គឺប្រែជាស្ងប់ស្ងាត់។ គ្មានជើងហោះហើរដ៏មមាញឹក ចរាចរណ៍តាមដងផ្លូវក៏លែងកកស្ទះដូចមុនៗ។ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារតូចធំ បានបិទទ្វារព្រមៗគ្នា ធ្វើឱ្យសេដ្ឋកិច្ចខេត្តនេះធ្លាក់ដល់ចំណុចបាត។ ចំណែកការលក់ដូរតូចៗនៅតំបន់ប្រាសាទដែលធ្លាប់ទទួលទេសចរគ្រប់ជាតិសាសន៍ ក៏រងផលប៉ះពាល់ខ្លាំងដែរ។
ដ្បិតថា មិនអាចរកចំណូលបានច្រើនដូចពេលមុនៗ តែអ្នកលក់ដូរនៅតំបន់ប្រាសាទដែលភាគច្រើនលក់ខោអាវ វត្ថុអនុស្សាវរីយ៍ ភេសជ្ជៈ ប្រឹងងើបឈរឡើងវិញ ដោយរំពឹងថាអាចបានចំណូលខ្លះៗពីការដើរកម្សាន្តរបស់ទេសចរក្នុងស្រុក។ ពួកគេភាគច្រើន ប្រឈមខ្ពស់នឹងការបង់ប្រាក់ធនាគារ។
ឈរកាន់ខោអាវហៅភ្ញៀវជួយទិញ លោក ឈាន ប៊ុនភ្លី អ្នកលក់ខោអាវនិងវត្ថុអនុស្សាវរីយ៍ក្នុងប្រាសាទអង្គរវត្ត និយាយថា នេះជាលើកទី១ហើយដែលលោកឃើញអង្គរស្ងប់ស្ងាត់បែបនេះ។ លក់ដូរនៅទីនេះជាង២០ឆ្នាំមកនេះ ជាពេលដំបូងបង្អស់ដែលលោកឃើញប្រាសាទអង្គរវត្តគ្មានទេសចរ មានតែចម្លាក់ផ្ទាំងថ្មក្នុងសភាពសោះកក្រោះជាខ្លាំង។ លោកបន្តថា ក្រោយបិទទ្វារមួយរយៈពេលជំងឺកូវីដផ្ទុះខ្លាំងអំឡុងខែមីនា លោកសម្រេចបើកទ្វារលក់វិញ ដោយរំពឹងលើទេសចរក្នុងស្រុក។ យ៉ាងណា ចំណូលពីការលក់ដូរនេះធ្លាក់ចុះជាខ្លាំងបើធៀបនឹងពេលមុនៗ។ លោកពន្យល់ថា៖« ថយចុះខ្លាំង ពីមុនថ្មើរនេះមានភ្ញៀវច្រើន ទាំងភ្ញៀវចិន ជប៉ុន កូរ៉េ ឥឡូវធៀបពេលមុនឆ្ងាយពីគ្នាដាច់ ប្រាក់ចំណូលវិញអាចខុសគ្នាចូលប្រហែល៧០ទៅ៨០ភាគរយ ព្រោះភ្ញៀវជាតិភាគច្រើនគាត់ទិញតែភេសជ្ជៈផឹក ចំណាយតិច»។
និយាយដោយទឹកមុខមិនសូវរីករាយ ប៊ុនភ្លី រៀបរាប់ថា ការលក់រាល់ថ្ងៃអាចត្រឹមទប់ទល់ចំណាយប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះខ្លួននៅផ្ទះក៏មិនដឹងធ្វើអ្វី ទើបចេះតែមកលក់ដើម្បីបំបាត់ការអផ្សុកបានខ្លះ។ វ័យ៣៤ឆ្នាំ អ្នកភូមិរហាលដែលបន្តអាជីពពីម្ដាយដែលធ្លាប់ជាអ្នកលក់នៅអង្គរតាំងពីទ.វ៨០ រៀបរាប់ទៀតថា វត្តមានទេសចរក្នុងស្រុកហាក់មានចំនួនច្រើនគួរសម ពិសេសរាល់ថ្ងៃចុងសប្ដាហ៍ ដែលគេអាចបានចំណូលពីការលក់ដូរប្រមាណ២០ម៉ឺនរៀលក្នុងមួយថ្ងៃ តែខុសគ្នាឆ្ងាយបើធៀបនឹងចំណូលមុនជួបវិបត្តិជំងឺកូវីដ១៩។
ដៃកាន់ស្គរតូចឈរនៅមុខតូបលក់គ្រឿងភ្លេង និងខោអាវ មិនឆ្ងាយប៉ុន្មានពីតូប ប៊ុនភ្លី លោក រាជ្យ រ៉ាន វ័យ៣៨ឆ្នាំ ក៏រអ៊ូពីការបាត់ចំណូលខ្លាំងដែរ។ អ្នកភូមិក្រវ៉ាន់រូបនេះប្រាប់ថា វិបត្តិជំងឺកូវីដ១៩នេះធ្វើឱ្យស្ងាត់ភ្ញៀវខ្លាំង ហើយបានប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចគ្រួសារលោក និងកំពុងបារម្ភចំពោះរបរជាឆ្នាំងបាយធំមួយនេះ ព្រោះលោកមិនមានរបរអ្វីផ្សេងដើម្បីរកទៀតទេ។
លោក សួន ស៊ុនតារា អ្នករត់កង់បី បានបង្ហាញទឹកមុខស្រពោនពេលនិយាយរៀបរាប់បញ្ហាជីវភាព។ សព្វថ្ងៃលោក តារា ត្រូវកាត់បន្ថយការចាយវាយប្រចាំថ្ងៃ ម្យ៉ាងទៀតលោកបានលក់របស់មានតម្លៃក្នុងខ្លួនមួយចំនួនសម្រាប់ដោះទាល់ជីវភាពប្រចាំថ្ងៃ។ ជាងនេះ បុរសវ័យ៤២ឆ្នាំដែលមានស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាបរូបនេះ បានខ្ចីប្រាក់បងប្អូនមួយចំនួនដើម្បីសងធនាគារផងដែរ ដ្បិតគ្មានចំណូលនឹងធឹងដូចពេលមុន។
លោករៀបរាប់ទៀតថា៖« ប៉ះពាល់មែនទែន ជំពាក់លុយធនាគារ គេអត់បានពន្យារទាំងអស់ទេ គេពន្យារតែការ ឯដើមនៅដដែល ដល់ចឹងឥឡូវខ្ចីបងអស់មួយពាន់ដុល្លារយកទៅបង់ធនាគារ...លក់ចិញ្ចៀន ខ្សែដៃ ខ្សែក បង់ធនាគារអស់ហើយ»។
លោក សួន ស៊ុនតារា ចង់ដូរទៅធ្វើការសំណង់ដែរ តែបារម្ភថៅកែមិនបើកប្រាក់ឈ្នួលឱ្យ ព្រោះមានបទពិសោធន៍ពីសាច់ញាតិដែលធ្លាប់ធ្វើកន្លងមក ទើបនៅប្រឹងរត់រ៉ឺម៉ក គ្រាន់បានចាយវាយប្រចាំថ្ងៃ។
ចំណែកលោក ប៊ុនភ្លី វិញក៏មិនទាន់ដឹងថា ក្រៅពីរបរលក់ដូរនៅតំបន់ប្រាសាទ ខ្លួនគេអាចធ្វើអ្វីផ្សេងបានទៀតដែរ ប្រសិនបើវិបត្តិនេះនៅបន្តទៅវែងអន្លាយទៀត។ សព្វថ្ងៃ គ្រួសារមួយនេះពឹងទាំងស្រុងលើការលក់ដូរបន្ដិចបន្ដួចនៅតាមប្រាសាទ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com