«​វាល​ធំ​» ទី​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ត្រកាល នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ

29/06/2020 11:00 am រតនគីរី

«​វាល​ធំ​» ជា​តំបន់​ធម្មជាតិ​ដែល​គ្របដណ្ដប់​ដោយ​វាលស្មៅ​ពណ៌​បៃតង​ខៀវខ្ចី​នៅ​រដូវវស្សា និង​ពណ៌​មាស នៅ​រដូវប្រាំង​។ «​វាល​ធំ​» ដែល​ស្ថិតនៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ទេ​សចភាព​ដ៏​ស្រស់ត្រកាល ដែល​អាច​គយគន់​ទេសភាព​ថ្ងៃ​លិច និង​ថ្ងៃ​រះ ៣៦០​ដឺ​ក្រេ​។ ឧទ្យាន​ជាតិ​វីរៈ​ជ័យ បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ មាន​ផ្ទៃដី ៣៣២.៥០០ ហិកតា ដែល​លាតសន្ធឹង​គ្របដណ្ដប់​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តស្ទឹងត្រែង និង​រតនគិរី គឺជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ហើយ​គ្របដណ្ដប់​ដោយ​ព្រៃស្រោង និង​វាលស្មៅ​។



​លោក ជួន ភិរម្យ ជា​អ្នកទេសចរ​ម្នាក់​ដែល​ចំណាយ​៥​ថ្ងៃ​សម្រាប់​ដំណើរ​កម្សាន្ត​ផ្សងព្រេង  នៅ​វាល​ធំ​នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃ ២២ មិថុនា​កន្លងទៅ​។ លោក ភិរម្យ បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា វាល​ធំ​នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ទេសភាព​ស្អាត មិន​ចាញ់​ភ្នំ​ខ្នង​ផ្សា​នោះទេ​។ បើតាម​អ្នកទេសចរ​រូបនេះ មូលហេតុ​ដែល​ទេសចរ​ជាតិ មិនសូវ​ទៅ​កម្សាន្ត​នៅ​ទីនោះ ទំនង​ដោយសារ​កត្តា​ផ្លូវ និង​កត្តា​ពេលវេលា ហើយ​ភាគច្រើន​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ គឺជា​ជនបរទេស​។ 

​លោក ជួន ភិរម្យ រៀបរាប់​ទៀតថា​៖«​អ្នក​ដែល​ចង់​ដំណើរ​កម្សាន្ត​ទៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ គឺ​ត្រូវ​ទាក់ទង​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ជាមុនសិន ដើម្បី​ចុះឈ្មោះ បន្ទាប់មក​ពេលទៅដល់​ទីនោះ ត្រូវ​បង់​សេវា​ជូន​មន្ទីរ​បរិស្ថាន​ក្នុង​មួយថ្ងៃ ២០.០០០​រៀល សម្រាប់​មនុស្ស​ម្នាក់​។ យើង​នៅ​ទីនោះ ៣​ថ្ងៃ ត្រូវអស់ ៦០.០០០​រៀល​ក្នុង​ម្នាក់​»​។​

​បើតាម​លោក លៀម ស៊ូ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​វីរៈ​ជ័យ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ ថា នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ដូចជា ឈ្នូ​ស ប្រើស ជ្រូកព្រៃ សំ​ពោធ កាំ​ប្រ​ម៉ា​ជាដើម និង​រុក្ខជាតិ​ចម្រុះ និង​សត្វ​ស្លាប​ច្រើន​ប្រភេទ​ផងដែរ​។ តាម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស  ឧទ្យាន​ជាតិ​វីរៈ​ជ័យ​មិនទាន់មាន​ទេសចរ​ច្រើន​បានធ្វើ​ដំណើរ​ទៅដល់​ទីឋាន​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ​នៅឡើយ​ទេ​។​

​ដើម្បី​ធ្វើដំណើរ​ទៅដល់ «​វាល​ធំ​» នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ អ្នកទេសចរ​ត្រូវធ្វើ​ដំណើរ​ពី​ស្រុក​តា​វែង ដល់​វាល​ធំ ប្រមាណ ៣២​គីឡូម៉ែត្រ​។ ហើយ​អ្នកទេសចរ ត្រូវ​ត្រៀម​នូវ​សម្ភារ​មួយចំនួន​ដូចជា ម្ហូបអាហារ សម្លៀកបំពាក់ របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួន បើ​គិត​ជា​ទម្ងន់​ពី ១០-១២​គីឡូ ដើម្បី​ជៀសវាង​ការដាក់​សម្ភារ​លើ​ទម្ងន់ នឹងធ្វើ​ឲ្យ​អ្នកទេសចរ ពិបាក​ក្នុងការ​ធ្វើដំណើរ​៕

សូម​អញ្ជើញទស្សនា​រូបភាព​នា​វាល​ធំ​ នៃ​ឧទ្យាន​ជាតិ​វីរៈជ័យ ដែល​ផ្តល់ដោយ លោក ជួន ភិរម្យ អ្នកទេសចរដែលបានធ្វើដំណើរកម្សាន្តផ្សងព្រេងនៅឧទ្យានជាតិវីរៈជ័យ កាលពីអំឡុងពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២០។  








ព័ត៌មានទាក់ទង