Thmey Thmey 25
កំណត់ហេតុ​ជីវ​តាក្វាន់​៖ សម័យ​ចេនឡា កសិករ​ខ្មែរ អាចធ្វើ​ស្រែ​បាន​៣ ឬ​៤​ដង​ក្នុង​មួយឆ្នាំ​
04/12/2021 7:00 am ភ្នំពេញ ​ភ្នំពេញ​៖ កំណត់ហេតុ​របស់លោក ជីវ​តាក្វាន់ បានសរសេរថា អ្នកស្រុក​ចេនឡា​អាច​សាបព្រោះ និង​ច្រូតស្រូវ​បាន​៣​ឬ​៤​លើក​ក្នុង​មួយឆ្នាំ​។ លោក​ពន្យល់ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​សម័យ​នោះ ធ្វើស្រែ​បាន​៣​ឬ​៤​លើក​ក្នុង​មួយឆ្នាំ គឺ​បណ្តាលមកពី​អាកាសធាតុ​អំណោយផល​។

​ខាងក្រោម​នេះ គឺជា​អត្ថបទ​ដកស្រង់​ពី​កំណត់ហេតុ​របស់លោក​ជីវ​តាក្វាន់​ត្រង់​ជំពូក ការ​ភ្ជួរ​ដាំ​របស់​កសិករ​នៅ​ស្រុក​ចេនឡា​៖  

​ប្រហែល​ក្នុង​មួយឆ្នាំ គេ​អាច​សាបព្រោះ និង​ច្រូតស្រូវ​បាន​បី​ឬ​បួន​លើក ពីព្រោះ​រដូវ​ទាំង​បួន មាន​អាកា​ធាតុ​ស្រួល​ល្អ ដូចជា នៅ​ខែ​ទី​៥ និង​ទី​៦​ដែរ​។ ម្យ៉ាងទៀត ស្រុក​នេះ គេ​មិន​ស្គាល់​ដូចម្តេច​ដែល​ហៅថា ព្រិល ឬ​ទឹកកក​ឡើយ​។ ស្រុក​នេះ កន្លះ​ឆ្នាំមាន​ភ្លៀង កន្លះ​ឆ្នាំ​ឥតមាន​ភ្លៀង​សោះ​។ ចាប់ពី​ខែ​ទី​៤​ដល់​ខែ​ទី​៩ តែ​ដល់ពេល​រសៀល មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ទឹក​ក្នុង​សមុទ្រ​ទឹកសាប​(​ទន្លេសាប​)​ជោរ​ឡើង​មាន​កម្ពស់​៧០​ទៅ​៨០​ហត្ថ​។ ដើមឈើ​ធំៗ លិច​នៅសល់តែ​ចុង ឯ​ពួក​អ្នកស្រុក​រស់នៅ​ក្បែរ​មាត់​នោះ បាននាំគ្នា​រើ​លំនៅ​មក​ជ្រក​ខាងក្រោយ​ភ្នំ​វិញ​។  

​ចាប់ពី​ខែ​ទី​១០​ដល់​ខែ​ទី​៣​នៃ​ឆ្នាំ​ថ្មី គ្មាន​ភ្លៀង​មួយ​ដំណក់​ទេ​។ នៅក្នុង​សមុទ្រ​ទឹកសាប​នោះ អាចធ្វើ​ដំណើរ​បានតែ​កូន​នាវា​តូចៗ​ទេ​។ ត្រង់​កន្លែង​ទឹក​ជ្រៅ មាន​ជម្រៅ​តែត្រឹម​៣​ឬ​៥​ហត្ថ​ប៉ុណ្ណោះ​។ ពេលនោះ​អ្នកស្រុក​រើ​ទីលំនៅ​មក​មាត់ទឹក​ធ្វើការ​ភ្ជួរ​ដាំ​វិញ​។ ចំពោះ​ស្រូវ ដល់​ពេលណា​ទុំ​ក៏ត្រូវ​ដល់ពេល​ទឹក​ឡើងដល់​ល្មម​។ គេ​សាបព្រោះ​ដាំ​តាម​កន្លែង​ដី​របស់គេ​រក្សា​រៀងខ្លួន​។ គេ​ភ្ជួរស្រែ​ដោយ​មិនចាំបាច់​ប្រើគោ​ទេ​។ ចប និង​ក​ណ្ឌៀ​វ​របស់គេ ពិតមែន​តែមាន​សណ្ឋាន​ប្រហាក់ប្រហែលគ្នា​និង​របស់​ចិន​ដែរ តែ​មិន​ដូចគ្នា​ឡើយ​។   

​មាន​ស្រូវ​មួយបែប​ទៀត គេ​មិន​ព្រោះ​ដូច​ស្រូវ​ធម្មតា​ទេ​។ ស្រូវ​ដែល​គេ​ព្រោះ​នោះ ចេះ​លូត​ឡើង​តាម​ទឹក​។ បើ​ទឹក​ឡើងដល់​កម្ពស់​១០​ហត្ថ ស្រូវ​នោះ​ក៏​លូតលាស់​កម្ពស់​នោះដែរ​។ នេះ​ប្រហែលជា​ពូជស្រូវ​មួយបែប​ផ្សេង​ទៀតហើយ​។ ស្រែ​អំពក និង​ថ្នាល​បន្លែ គេ​មិន​ប្រើ​គ្រឿង​ស្មោកគ្រោក​ដែល​នាំ​ឲ្យ​មិន​ស្អាត​នោះទេ​។ ពួក​ចិន​ដែល​ទៅ​ស្រុក​នោះ ក៏​គេ​មិន​ហ៊ាន​និយាយ​រឿង​ពាង​លាម​កនៅ​ប្រទេស​ចិន​ឲ្យ​ពួក​នោះ​ដឹង​ដែរ ព្រោះ​ខ្លាច​គេ​មើលងាយ​។ នៅក្នុង​ផ្ទះ​ពីរ​បី​ខ្នង គេ​ជីករណ្ដៅ​បង្គន់​អាចម៍​មួយ​ហើយ​គេ​ប្រក់​ស្បូវ​។ ដល់​កាលណា​ពេញ​នៅ​ទីនោះ គេ​លប់ចោល​វិញ ហើយ​ទៅ​ជីករណ្ដៅ​មួយទៀត​។ នៅ​រាល់ពេល​បន្ទោបង់​រួច គេ​តែងតែ​លេង​ឯ​ស្រះ​ឲ្យ​បាន​សា្អ​ត​ជានិច្ច តែ​យកតែ​ដៃ​ឆ្វេង​ទៅ​លាង ឯ​ដៃស្តាំ គេ​ទុក​បរិភោគ​បាយ​។ ពួកគេ​មើលឃើញ​ជនជាតិ​ចិន​ចូល​បង្គន់​ហើយ យក​ក្រដាស់​កិត​គេ​សើច ថែមទាំង​មិន​ចង់​ឲ្យ​ឡើងលើ​ផ្ទះ​គេ​ទៀតផង​។ ស្រីៗ​ស្រុក​នេះ បត់ជើងតូច​ក៏​ឈរ​ដូច​ប្រុស​ដែរ ជាការ​គួរ​ឲ្យ​អស់​សំណើ​រណាស់​។     
 
​ប្រភព​៖ «​កំណត់ហេតុ​របស់​ជីវ​តាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា​» បកប្រែ​ពី​ឯកសារ​ដើម​ភាសា​ចិន ដោយ លោក លី ធា​ម​តេង       

ដោយ៖ ថ្មីៗ២៥រាជធានី-ខេត្ត © រក្សាសិទ្ធិដោយ thmeythmey25.com