ព្រៃកោងកាងពាមក្រសោប ជាកន្លែងស្តុក ដែនជម្រក និងប្រភពមេពូជធនធានសមុទ្រដ៏សំខាន់
កោះកុង៖ កោះកុងជាខេត្តដែលមានព្រៃកោងកាង ច្រើនជាងគេក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា។ ព្រៃកោងកាងនៅតំបន់ការពារធម្មជាតិពាមក្រសោបខេត្តកោះកុង គឺបានដើរតួយ៉ាងចម្បង ជម្រក ទីតាំងរក្សាស្តុក បង្កាត់ពូជ និងប្រភពមេពូជធនធានសមុទ្រដ៏សម្បូរបែប។ នេះបើតាមគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងដំណើរទស្សនកិច្ចនៅសហគមន៍ពាមក្រសោប កាលពីចុងសប្តាហ៍កន្លងទៅ។

លោក នេត្រ ភក្ត្រាបញ្ជាក់ដូច្នេះ៖ «ព្រៃកោងកាង ក្នុងខេត្តកោះកុង ពិសេសតំបន់ពាមក្រសោប បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ ដែលជាប្រភពធនធានសមុទ្រសម្បូរបែប ដូចជាផ្តល់ផលវារីវប្បកម្មពីខេត្តកោះកុងមាន ១៥១០០តោនក្នុង១ឆ្នាំ។ ផលនេសាទសមុទ្រ របស់ខេត្តកោះកុង ពិសេសពីតំបន់ពាមក្រសោប មានចំនួន ១១ ៦៨០ តោនកាលពីឆ្នាំ ២០១៩ កន្លងទៅ»។
_1593058285.jpg)
រូបភាពពីក្រសួងបរិស្ថាន
ក្រៅពីនេះ ព្រៃកោងកាង ក៏មានមុខងារជាច្រើនដែរក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ។ កោងកាង ជារបៀងជម្រក តភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសឹករេចរិល ក៏ជាជម្រកថនិកសត្វជាច្រើនប្រភេទផងដែរ។ កោងកាងជាប្រភពដ៏ល្អ ដែលផ្ដល់ប្រូតេអ៊ីនខ្ពស់ដល់មនុស្ស និងជីវៈចម្រុះ ព្រមទាំងរួមចំណែកទប់ស្កាត់ផលប៉ះពាល់ លើធនធានជីវៈចម្រុះសមុទ្រ។ នេះជាការបន្ថែមរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោកបានបន្តទៀតថា៖«ព្រៃកោងកាង ជួយបន្សុទ្ធទឹក ដោយស្រូបយកភាពមិនបរិសុទ្ធ និងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីលោហៈ និងជួយឲ្យយើងស្រូបយកខ្យល់ដង្ហើមបរិសុទ្ធ ដោយវាជួយស្រូបយកជាតិពុលនៅលើអាកាស និងជាវិធានការកាត់បន្ថយផលប៉ះពាល់ ចំពោះការប្រែប្រួលអាកាសធាតុ»។
_1593058303.jpg)
រូបភាពពីក្រសួងបរិស្ថាន
សូមជម្រាបថា កម្ពុជាមានផ្ទៃដីព្រៃកោងកាងចំនួន ៥៨ ៨០០ហិកតា ក្នុងនោះខេត្តកោះកុងមានទំហំ ៤៦ ៥២៩ ហិកតា ព្រះសីហនុមានទំហំ ៩ ៣៥២ ហិកតា កំពតមានទំហំ ១ ៩៦៦ ហិកតា និងខេត្តកែបមានព្រៃកោងកាងទំហំជាង១ពាន់ហិកតា៕
_1593058320.jpg)
រូបភាពពីក្រសួងបរិស្ថាន
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

