Thmey Thmey 25
កម្ពុជា លក់​ឥណទាន​កាបូន​ព្រៃឈើ បាន​ជាង​១១​លាន​ដុល្លារ​រយៈពេល ៤​ឆ្នាំនេះ​
24/06/2020 3:30 pm ភ្នំពេញ ​ភ្នំពេញ​៖ ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ថវិកា​ចំនួន ១១,៦​លាន​ដុល្លារ ពី​ការលក់​ឥណទាន​កាបូន​។ បច្ចុប្បន្ន​កម្ពុជា​កំពុង រក​ដៃគូ​ផ្សេងៗ ដើម្បី​ទិញ​កាបូន​ដែល​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅតាម​តំបន់ការពារធម្មជាតិ​នានា ដែល​នៅ​សេសសល់​ច្រើន​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

​លោក​នេត្រ ភក្ត្រា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេ​លេ​ក្រាម នា​ព្រឹក​ថ្ងៃទី​២៣​មិថុនា ឆ្នាំ​២០២០ ថា ក្រុមហ៊ុន​ចំនួន​៣ បាន​ទិញ​កាបូន​ពី​កម្ពុជា ជិត​១០​លាន​តោន ខណៈ​កម្ពុជា​នៅសល់​កាបូន​ដែល​ភាយ​ចេញពី​ព្រៃឈើ​នេះ ជាង​១០​លាន​តោន​ទៀត​។ ក្រុមហ៊ុន​ទាំង​៣ ដែល​ស្ម័គ្រចិត្ត​ទទួល​ទិញ​កាបូន​ពី​កម្ពុជា​នោះ រួមមាន ក្រុមហ៊ុន Disney, ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci ។​

​រដ្ឋលេខាធិកា​ក្រសួងបរិស្ថាន​រូបនេះ បាន​បន្ថែមថា មុននឹង​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា ក្រុមហ៊ុន​ទាំងនោះ បាន​វាយតម្លៃ​ច្បាស់លាស់​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេងៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត ដើម្បី​ធានា​ការពារ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូរ​ដោយ​ព្រៃឈើ សត្វព្រៃ​និ ង​ជីវៈចម្រុះ​ផ្សេងទៀត​។

«​ការសម្រេច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បាន​បង្ហាញថា​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​បាន​នូវ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​»​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា ដែល​បាន​បន្តថា ការខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ​នេះ  កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែមទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។​

​រដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ថែរក្សា​ឈើ និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី ដែល​អាច​ផលិត​ឥណទាន​កាបូន​លក់ ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។ បើតាម​លោក នេត្រ ភក្ត្រា ថវិកា​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន​នោះ ត្រូវបាន​យកទៅ​ប្រើប្រាស់​សម្រាប់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​តំបន់​នោះ​។
​កម្ពុជា មាន​ទីតាំង​លក់​កាបូន​ចំនួន​៣​កន្លែង ដែល​ក្នុងនោះ​មាន នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី​, ដែនជម្រកសត្វព្រៃ​សត្វព្រៃ​តា​តៃ ក្នុង​ខេត្តកោះកុង និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​។ នៅក្នុង​តំបន់​អាស៊ាន ក្រៅពី​កម្ពុជា គឺ​មានតែ​ប្រទេស​ឥណ្ឌូណេស៊ី​ទេ ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។​
​បើតាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផងដែរ ក្រៅពី​ទីតាំង​លក់​ឥណទាន​កាបូន​ទាំងបី​ខាងលើ​។

​សូម​រម្លឹកថា កម្ពុជា​បាន​លក់​ឥណទាន​ការ​បូ​ន​ដំបូង​របស់ខ្លួន​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ទំហំ​ផ្ទៃដី​២៩២,៦៩០​ហិកតា​ក្នុង​ខេត្តមណ្ឌលគិរី  លើ​គម្រោង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ តាំងពី​ឆ្នាំ​២០១៦ មក​។ ដោយឡែក កម្ពុ​ជាមាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរបែប ក្នុងនោះ​មាន​ព្រៃឈើ​ប្រមាណ ៥០​ភាគរយ​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន​រហូតដល់ ៤១​ភាគរយ​នៃ​ប្រទេស ស្មើ ៧,៣​លាន​ហិកតា​៕  

 
ដោយ៖ អ៊ូ សុខ​មាន​ © រក្សាសិទ្ធិដោយ thmeythmey25.com