«ប្រាសាទយាយព័ន្ធ» និមិត្តសញ្ញាចម្បងនៃខេត្តកំពង់ធំ

កំពង់ធំ៖ សាងសង់ឡើងដោយព្រះបាទឦសានវរ្ម័នទី១ នាដើមសតវត្សទី៧ ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ នៅរមណីដ្ឋានប្រាសាទសំបូរគ្រៃគុក ត្រូវបានក្រសួងមហាផ្ទៃ ជ្រើសរើសធ្វើជានិមិត្តសញ្ញាចម្បងតំណាងឲ្យខេត្តកំពង់ធំ។

តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ រូបប្រាសាទយាយព័ន្ធ តំណាងឲ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឲ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា។ និមិត្តសញ្ញានេះ ត្រូវប្រើប្រាស់ជាផ្លូវការលើឯកសារស្នាមម្រាប់រដ្ឋបាលខេត្តកំពង់ធំ ដែលក្រៅពីរូបប្រាសាទយាយព័ន្ធ មានរូបបដិមាតោ រូបដំរីជាន់ខ្លា កួរស្រូវ និងដើមឈើ។

ប្រាសាទនាគព័ន្ធ ឬយាយព័ន្ធ ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តាមឯកសាររដ្ឋបាលខេត្ត ប្រាសាទនាគព័ន្ធ ឬប្រាសាទយាយព័ន្ធ ជាសំណង់តួប៉មកណ្តាលនៃក្រុមប្រាសាទខាងត្បូង នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលអមដោយតួប៉មបន្ទាប់បន្សំចំនួន៧ទៀត។ សំណង់នេះ ត្រូវបានកសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះសិវៈ។
ក្រុមការងារសារព័ត៌មាន ThmeyThmey25 បានសាកសួរព័ត៌មានបន្ថែមពីលោក សេង មឿន នាយកផ្នែកនគរបាលទេសចរណ៍នៅតំបន់ប្រាសាទសំបូរព្រៃគុក ដោយលោកបានបញ្ជាក់ថា ប្រាសាទយាយព័ន្ធ មានកម្ពស់២៥ម៉ែត្រ និងជាប្រាសាទដែលខ្ពស់ជាងគេក្នុងចំណោមប្រាសាទ២៩៣នៅតំបន់ប្រាសាទសំបូរព្រៃគុក។
លោក បានបន្តថា ប្រាសាទយាយពន្ធ័នេះ គឺជាក្រុមប្រាសាទខាងត្បូងនៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទជាច្រើន និងមានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។
បើតាមលោក សេង មឿន ប្រាសាទយាយព័ន្ធនេះ មានរាងចតុកោណកែង ស្ថាបនាឡើងពីឥដ្ឋ ដោយនៅលើខឿនមានក្រាលដោយថ្មភក់ ដែលបានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ័ន្មទី១ ចន្លោះឆ្នាំ៦១៦-៦៣៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរជាអាទិទេពនៃព្រហ្មញ្ញសាសនា នាសម័យចេឡានចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧។ លោកបានអះអាងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖« បន្ទាប់ពីប្រាសាទសំបូរ ប្រាសាទយាយព័ន្ធនេះ គឺជាប្រាសាទដែលចំណាស់ជាងគេផងដែរ»។
នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានផ្ទៃដី៣,០០០ហិកតា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ សាធារណរដ្ឋប៉ូឡូញ៕

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

