BeTreed តំបន់​អេកូ​ទេសចរណ៍​ដ៏​ប្លែក ដែលមាន​ផ្ទះ​លើ​ដើមឈើ ជិះ​ខ្សែ​រ៉​ត​កាត់​ព្រៃ និង សត្វព្រៃ​ជាង​១៨០​ប្រភេទ​

16/06/2020 9:00 am ភ្នំពេញ

​ភ្នំពេញ​៖ ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក មាន​ផ្ទៃដី​ចំនួន ៤២.០៩៧​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន ខេត្តព្រះវិហារ និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ក្រៅពី​ជីវចម្រុះ និង​ធនធានធម្មជាតិ​ដែលមាន​ស្រាប់ ដូចជា​ភ្នំ​,​ព្រៃឈើ​,​ស្ទឹង​បឹងបួ និង​សត្វព្រៃ​នោះ BeTreed តំបន់​អេកូ​ទេសចរណ៍​ដែល​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ  ក៏បាន​ក្លាយ​ជាទី​ទាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​ដែរ​។​





​លោក បេន ដេ​វី​ស ជា​អ្នក​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ នៅ​ទីនោះ បាន​កែច្នៃ​តំបន់​មួយផ្នែក​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ ទៅជា​តំបន់​អេកូ​ទេសចរណ៍ បែប​ផ្សងព្រេង  ឈ្មោះថា BeTreed​។ អ្វីដែល​ប្លែក និង​គួរ​ឲ្យ​ទាក់ទាញ​នេះ មានផ្ទះ​ស្នាក់​នៅលើ​ដើមឈើ​ខ្សែ​រ៉​ត​សម្រាប់​ជិះ​ឆ្លងកាត់​ព្រៃ​, កន្លែង​ហែល​ទឹក និង​សត្វព្រៃ​ជាង​១៨០​ប្រភេទ និង​ផ្លូវ​ដើរ​គយគន់​សម្រស់​ព្រៃភ្នំ​។​



​លោក បេន ដេ​វី​ស បាន​ប្រាប់​មក​សារព័ត៌មាន thmeythmey25 តាម​ទូរ​សព្ទ​បន្ថែមថា​៖«​នៅទីនេះ មាន​សត្វ​ស្លាប​ចំនួន ១៦៣ ប្រភេទ និង​សត្វ​ជើង​បួន​ចំនួន​២៤​ប្រភេទ ដូចជា​ក្ងោក ទោច ស្វា ទន្សោង និង​ឈ្លូស ជាដើម​។ សត្វ​ទាំងអស់នោះ បានមកពី​អ្នកភូមិ​គេ​យកមក​ឲ្យ និង​ខ្លះទៀត មក​រស់នៅ​ទីនេះ ដោយ​ខ្លួនឯង និង​រក​ចំណី​ស៊ី​ដោយ​ខ្លួនឯង​ផងដែរ​»​។

​លោក បេន បន្តថា​លោក​បាន​ច្នៃ​តំបន់​អភិរក្ស​នេះ ជា​កន្លែង​ទេសចរណ៍​រយៈពេល​៨​ឆ្នាំ​ហើយ ពោលគឺ​ចាប់ពី​ឆ្នាំ ២០១២​មកម្ល៉េះ​។ រហូតដល់​ឆ្នាំ​២០១៥ ទើប​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ទីនោះ​។ នៅ​ឆ្នាំ​២០១៩ BeTreed បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត ជាង​៦០០​នាក់​។ នេះ​បើតាម លោក បេន ដាវី​ស​។​



​លោក ឈឺ​ន ឈី​ម ជា​អ្នកទេសចរ​ម្នាក់ ដែល​បាន​ទៅ​កម្សាន្ត​នៅ BeTreed កាលពីពេល​ថ្មីៗ​នេះ បាន​ប្រាប់​Thmeythmey25 តាម​ទូរ​សព្ទ​ថា អ្វីដែល​លោក ចាប់អារម្មណ៍​ខ្លាំង​នៅ BeTreed គឺ​ផ្ទះ​ស្នាក់​នៅលើ​ដើមឈើ ខ្ពស់​ផុតពី​ដី​ដ៏​ប្លែក​នោះឯង​។ លោក ឈឺ​ន ឈី​ម ដែលជា​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្ន​ណ​ឱ​រ៉ា​ល់​ផង​នោះ បញ្ជាក់​ដូច្នេះ​ថា​៖ «​នៅ​ទីនោះ គឺ​សម្បូរ​ធនធានធម្មជាតិ​ណាស់ សត្វ​អ្វី​ក៏មាន គឺ​ច្រើន​ប្រភេទ​តែម្ដង​។ ហើយ​អ្វីដែល​គួរ ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ផ្ទះ​ស្នាក់​ធ្វើ​ពី​ដើមឈើ វា​នៅ​ខ្ពស់​ផុតពី​ដី​ដែល​វា​ពិតជា ប្លែក​មែនទែន​»៕







 

ព័ត៌មានទាក់ទង