ខេត្តកោះកុង ពឹងផ្អែកទាំងស្រុង លើវិស័យកសិកម្ម និងសេវាកម្មទេសចរណ៍

ភ្នំពេញ៖ វិស័យកសិកម្ម សេវាកម្ម បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចខេត្តកោះកុង។ ប្រជាជនខេត្តកោះកុង ៥៧,៥ ភាគរយ ពឹងផ្អែកលើវិស័យកម្ម ៤២ភាគរយ ពឹងលើវិស័យសេវាកម្មនិង ០,២ភាគរយ ពឹងលើវិស័យឧស្សាហកម្ម។ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងថ្លែងដូច្នេះ នៅក្នុងសន្និសីទសាព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង»នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង ក្នុងចំណោមប្រជាជន ៥៧,៥%ដែលពឹងលើរបរកសិកម្មនោះមាន ធ្វើស្រែចម្ការ,ដាំបន្លែ, ចិញ្ចឹមសត្វ, នេសាទ និងរកអនុផលព្រៃឈើ។ ក្រៅពីវិស័យកសិកម្ម ខេត្តកោះកុង មានសក្ដានុពលធម្មជាតិដ៏សម្បូរបែប ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ក្នុងនោះមានតំបន់វិស្សមកាល តំបន់អេកូទេសចរណ៍ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះមួយចំនួនទៀត។ ទាំងនេះ សុទ្ធតែចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក។ នេះជាការបញ្ជាក់របស់របាយការណ៍ដដែល។
សូមបញ្ជាក់ថា ខេត្តកោះកុងមានផ្ទៃដីសរុប ១០.០៤៥,៥៨ គីឡូម៉ែត្រការ៉េ និងមានចម្ងាយ ២៩០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងលិចជាប់ឈូងសមុទ្រថៃ និងប្រទេសថៃ ខាងជើងជាប់ខេត្តពោធិ៍សាត់ និងខាងត្បូងជាប់ឈូងសមុទ្រថៃ និងខេត្តព្រះសីហនុ ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

