កម្ពុជា ត្រៀម​នាំចេញ​អង្ករ​៣​ម៉ឺន​តោន ទៅ​ទី​ម័​រ​ខាង​កើតជា​លើកដំបូង​

13/06/2020 9:59 am ភ្នំពេញ

​កម្ពុជា ទទួល​ស្វាគមន៍​ការបើក​រោងចក្រ​កិនស្រូវ​នៅ​កម្ពុជា ពី​អ្នកវិនិយោគ​ទី​ម័​រ​ខាងកើត និង​ត្រៀម​នាំចេញ​អង្ករ​ចេញ​៣​ម៉ឺន​តោន ទៅ​ទី​ម័​រ​ខាងកើត​ផងដែរ​។​

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ចំនួន​អង្ករ​៣​ម៉ឺន​តោន​នេះ កម្ពុជា មានលទ្ធភាព​និង​ត្រៀម​ជាស្រេច សម្រាប់​ការនាំ​ចេញទៅ​ទី​ម័​រ​ខាងកើត​។ លោក មានប្រសាសន៍ថា​៖ «​កន្លងមក​កម្ពុជា​មិន​ធ្លាប់​នាំ​អង្ករ​ទៅកាន់​ទី​ម័​រ​ខាងកើត​ឡើយ​»​។​

​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​ម​ន្រី្ត​ក្រសួងពាណិជ្ជកម្ម បាន​ជួយ​ពិភាក្សា​ជាមួយ​លោក អើ​មេ​នេ​ហ្គី​ល​ដូ គូ​ប៉ា ឡូ​ប៉េ​ស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ទី​ម័​រ​ខាងកើត​ប្រចាំ​នៅ​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត ចង់​ឲ្យ​មានការ​នាំចូល​អង្ក​រក​ម្ពុ​ជា ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត ដើម្បី​ផ្គត់​ផ្គង​ទៅ​ទីផ្សារ ក្រោយពី​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត​ត្រូវបាន​ដោះស្រាយ​ហើយ​។ នេះ​បើតាម​ការចេញ​ផ្សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​។​

​លោក​ឯកអគ្គរដ្ឋទូត លើកឡើងថា វិស័យ​ប្រេងឥន្ធនៈ​នៅ​ទី​ម័​រ​ខាងកើត​កំពុង​ត្រូវការ​កម្មករ​។ លោក បញ្ជាក់ថា រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​នឹង​ផ្ដល់​ការងារ​ក្នុង​វិស័យនេះ​ប្រមាណ​៣​ពាន់​កន្លែង​ដល់​កម្ពុជា​។ ក្រៅពីនេះ ប្រទេស​ទី​ម័​រ​ខាងកើត ក៏មាន​កសិផល​មួយចំនួន​ដែល​អាច​នាំ​ចេញមក​ទីផ្សារ​កម្ពុជា​វិញ​ផងដែរ​។​

​លោក ប៉ាន សូរ​ស័ក្តិ អះអាងថា កម្ពុជា ត្រៀម​អង្ករ​៣​ម៉ឺន​តោន​រួចជាស្រេច សម្រាប់​នាំចេញ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត​។ លោក បានស្នើ​សុំ​ឲ្យ​សហ​ភាគី​ទី​ម័​រ​ខាងកើត​ពិនិត្យ​លទ្ធភាព ហើយ​ផ្ដល់ដំណឹង​ជូន​ដល់​កម្ពុជា​វិញ​។​

​ជាមួយគ្នា​ដែរ លោក​រដ្ឋ​ម​ន្រី្ត បានស្នើ​សុំ​ឲ្យ​ព​ន្លឿ​ន​ការអនុវត្ត​អនុស្សរណៈ​នេះ ដើម្បី​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​។ លោក ថ្លែង កម្ពុជា​ស្វាគមន៍​ដល់​វិស័យ​ឯកជន​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ក្នុង​ការបើក​រោងចក្រ​កិនស្រូវ​នៅ​កម្ពុជា ដើម្បី​នាំចេញ​អង្ករ​ទៅ​ទី​ម័​រ​ខាងកើត​វិញ​ផងដែរ​៕

ព័ត៌មានទាក់ទង