Thmey Thmey 25
«​កោះ​សាមសិប​» សហគមន៍​អេកូ​ទេសចរណ៍​ថ្មី លាក់​សម្រស់​តាម​ដង​ទន្លេមេគង្គ ខេត្តក្រចេះ​
11/06/2020 10:05 am ភ្នំពេញ ក្រចេះ​៖ «​កោះ​សាមសិប​» ជា​តំបន់​អេកូ​ទេសចរណ៍​ថ្មី​មួយ លាតសន្ធឹង​តាម​ដង​ទន្លេមេគង្គ ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ កោះ​នេះ ស្ថិតក្នុង​កម្រង​កោះ​មួយ នៅក្នុង​ចំណោម កោះ​ទាំងអស់ ដែល​ស្ថិតនៅ​ក្នុងភូមិ​ចំនួន​បី គឺ​ខ្សាច់​លាវ កោះ​ខ្ញែរ និង​ពន្ធ​ជា នៃ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​

​បង្កើតឡើង​នៅ​ឆ្នាំ​២០១៨ ដោយមាន​ការគាំទ្រ​ដោយ​អង្គការ NTFP-EP Cambodia និង​អង្គការ WWF «​កោះ​សាមសិប​» ជា​តំបន់​ប្រជុំ​ទៅដោយ​កោះ​តូចធំ​ជាច្រើន​ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ​តូចធំ និង​ជា​បណ្ដុំ​សរសៃទឹក និង​ជីវចម្រុះ​នៃ​ដង​ទន្លេមេគង្គ​។
 
​ដើម្បី​ធ្វើដំណើរ​មកដល់​កោះ​សាមសិប ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ត្រូវ​ជិះទូក​សហគមន៍ រយៈពេល​ជាង​១​ម៉ោង តាម​ដង​ទន្លេមេគង្គ​។ នៅទីនេះ​អ្នកទេសចរ អាច​ជិះទូក​មើល​សម្រស់​ព្រៃ​លិច​ទឹក មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ​, ថតរូប​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​, គយគន់​ព្រៃ​លិច​ទឹក​,​និង​បោះតង់​សម្រាក​នៅលើ​ឆ្នេរ​ខ្សាច់​សក្បុស​។ ប៉ុន្តែ គេ​អាច​ទៅ​ទស្សនា​កោះ​នេះ​បានតែ​រដូវ​ទឹក​ស្រក​ប៉ុណ្ណោះ ព្រោះ​ជា​ពេល​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​បាន​រំលេច​ខ្លួន​ឡើង ហើយ​អាច​មើលឃើញ​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​មេ​ពូជ​កម្រ​ជាច្រើន​ប្រភេទ និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ស្លាប​ប្រមាណ​២១៨​ប្រភេទ រួមមាន​សត្វ​ស្លាប​ដែល​កម្រ​ជិត​ផុត​ពូជ​ផងដែរ​៕









 
ដោយ៖ សែម វណ្ណា © រក្សាសិទ្ធិដោយ thmeythmey25.com