ទឹកធ្លាក់​អូរ​គគី​ ​ក្លាយជា​ទិសដៅ​ទេសចរណ៍​ថ្មីក្នុង​ខេត្តកំពង់ស្ពឺ​

05/03/2021 2:00 pm កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​៖ ស្ថិតនៅ​ភូមិ​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ «​ទឹកធ្លាក់​អូរ​គគី​» ធ្លាប់តែ​ជា​តំបន់​ស្ងាត់ជ្រងំ ដែល​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​សឹង​មិន​ហាន​ឈរ​មើល​កម្សាន្ត កំពុង​ប្រែ​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​សម្រាប់​ខេត្តកំពង់ស្ពឺ​។ 

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ តំបន់​ទឹកធ្លាក់​អូរ​គគី ដែលមាន​ប្រវត្តិ​រាប់រយឆ្នាំ​មកហើយ ធ្លាប់ជា​តំបន់​ស្ងាត់ជ្រងំ​សូម្បីតែ​អ្នកធ្វើដំណើរ​ឆ្លងកាត់​មិន​ហាន​ឈរ​មើល​កម្សាន្ត​នោះ កំពុង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ សម្រស់​ទឹកធ្លាក់​អូរ​គគី ដែល​លាក់ខ្លួន​សម្ងំ​ក្នុងព្រៃ​នេះ អាច​ឲ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នា​រដូវវស្សា ដែលមាន​ទឹកជ្រោះ​យ៉ាង​ស្រស់ស្អាត​។​


រូបភាពពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរទេសចរណ៍ខេត្ត​កំពង់ស្ពឺ

​ភ្ញៀវទេសចរ​ចំណាយពេល​ធ្វើដំណើរ​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤ ដល់​ត្រង់ចំណុច​នៃ​ចន្លោះ​គីឡូម៉ែត្រ លេខ ១០៦-១០៧ ​តំបន់​ពេជ្រនិល រួច​បត់​ឆ្វេង​ពី​ផ្លូវជាតិ​ចម្ងាយ​៥០០​ម៉ែត្រ ដោយ​ដើរ​ឡើង​ប្រហែល ២០០​ម៉ែត្រ លោកអ្នក នឹង​ទៅដល់​តំបន់​ទឹកធ្លាក់​ធម្មជាតិ អូរ​គគី ដែល​អម​ជាមួយ​ធម្មជាតិ និង​សំឡេង​ទឹកធ្លាក់​យ៉ាង​រណ្ដំ​។ 


រូបភាពពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរទេសចរណ៍ខេត្ត​កំពង់ស្ពឺ

​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មក​កម្សាន្ត ដើម្បី​ជួយ​ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ពិសេស​បង្កើត​មុខរបរ​ថ្មី​ដល់​ប្រជាជន​ក្នុង​តំបន់ និង​បញ្ចៀស​ការកាប់​ទន្ទ្រានព្រៃ​ឈើ​ផងដែរ​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​៕ 

ព័ត៌មានទាក់ទង