លោក ប៉ែន វណ្ណរិទ្ធ ជំរុញឲ្យកសិករខេត្តកំពង់ធំបង្កើនការដាំដុះ ដោយមិនប្រើសារធាតុគីមី

ភ្នំពេញ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានជំរុញឲ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វ និងដាំដុះបន្លែ ដំណាំ ផ្លែឈើ ដោយមិនប្រើសារធាតុគីមី សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងឈានទៅរកលទ្ធភាពនាំចេញទៅក្រៅប្រទេស។ នាសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ធំ» កាលពីថ្ងៃទី២៧ ឧសភា លោក ប៉ែន វណ្ណរិទ្ធ បានចាត់ទុកកាលៈទេសៈបច្ចុប្បន្ន ដែលរដ្ឋាភិបាល បានបិទការនាំចូលទំនិញមួយចំនួននោះ ថាជាឱកាសមាសសម្រាប់កសិករបង្កើនការប្រឹងប្រែងផលិតរបស់ខ្លួន។ សម្រាប់ប្រធានមន្ទីរកសិកម្មរូបនេះ ខេត្តកំពង់ធំ អំណោយផលលើវិស័យកសិកម្ម ដែលប្រជាពលរដ្ឋអាចរកចំណូលពីការដាំដុះ និងចិញ្ចឹមសត្វ។
សូមអញ្ជើញស្ដាប់ការលើកឡើងរបស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដូចតទៅ៖
បើតាមលោក ប៉ែន វណ្ណរិទ្ធ ការចិញ្ចឹមសត្វគោ ក្របី និងជ្រូក នៅក្នុងខេត្តកំពង់ធំ មានចំនួន ១.២លានក្បាល។ ចំណែកការចិញ្ចឹមសត្វបក្សី មានជាង ១លានក្បាល ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្រូវចំនួន ២៩០,៣៤៥ហិកតា ក្នុងនោះស្រូវប្រាំងសរុបចំនួន ៦៥,៤៥៥ហិកតា ផ្ទៃដីប្រមូលផលចំនួន ២៨៦,៩៦២ហិកតា ដែលបរិមាណផលចំនួន ៨៦៩,៧០៧តោន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

