អ្នកស្រី ហ៊ុន រ៉ាវី ខំធ្វើការច្រើនមុខ ដើម្បីផ្សំប្រាក់ឱ្យកូនរៀននៅមហាវិទ្យាល័យ

ព្រៃវែង៖ មានការងារជាអ្នកចាក់មួកដោយដៃ រៀបអាវប៉ុង ចម្អិនសាច់ជូ(សាច់ជូរដែលគេយកទៅកូរទឹកឱ្យរងថ្លា) ស៊ីឈ្នួលបាចស្រូវ ដេរមួក ដេរខោរយ និងធ្វើស្រែខ្លួនឯងផង អ្នកស្រី ហ៊ុន រ៉ាវី ថាការងារទាំងនេះមិនមានទៀងទាត់ ហើយប្រាក់ចំណូលក៏មិនបានច្រើន ប៉ុន្តែវាក៏អាចជួយឱ្យអ្នកស្រី គេចផុតពីភាពខ្វះខាតដែរ។ ខំធ្វើការមិនគិតថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ ទាំងយប់ទាំងថ្ងៃ អ្នកស្រី ហ៊ុន រ៉ាវី ប្រឹងប្រែង ដើម្បីផ្សំប្រាក់ឱ្យកូនស្រីប្រុសបានរៀនខ្ពង់ខ្ពស់ កុំឱ្យជួបអនាគតលំបាកដូចខ្លួន។
«ខ្ញុំធ្វើវាមិនមានបានអ្វីធំដុំទេ ប៉ុន្តែវាក៏ជួយខ្ញុំមិនឱ្យខ្វះខាតដែរ។ ខ្ញុំសន្សំសំចៃដើម្បីទុកឱ្យកូនរៀន ក្រែងកូនមានការងារល្អធ្វើ ព្រោះខ្ញុំមិនមានចំណេះដឹងអ្វីជ្រៅជ្រះ វាហត់ វាយ៉ាប់ វាពិបាក ដល់ពេលអ៊ីចឹង ខំទៅដើម្បីកូន។ កូនរៀននៅសកលម្នាក់ ហើយកូនពៅរៀនថ្នាក់ទី៤»។ ទាំងនេះគឺជាការអះអាងរបស់អ្នកស្រី ហ៊ុន រ៉ាវី ដែលមានទីលំនៅក្នុងភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មានសម្បុរស្រអែម មុខមូល កម្ពស់មិនសូវខ្ពស់ អ្នកស្រី ហ៊ុន រ៉ាវី មានការងារបន្ទាប់បន្សំច្រើន សម្រាប់ធ្វើតាមរដូវដូចជា ចាក់មួកលក់ រៀបអាវប៉ុង ចម្អិនសាច់ជូរ(សាច់ជូរដែលគេយកទៅកូរទឹកឱ្យរងថ្លា) ស៊ីឈ្នួលបាចស្រូវឱ្យគេ និងធ្វើស្រែខ្លួនឯងផង។ ចំពោះការងារចាក់មួកដោយដៃ ស្ត្រីកូន២នាក់រូបនេះអាចឆ្លៀតធ្វើរាល់ថ្ងៃ ប្រសិនបើមិនមានការងារផ្ទះចាំបាច់។
អ្នកស្រីបញ្ជាក់ពីចំនួនមួកដែលចាក់បានក្នុងមួយថ្ងៃ៖«មួកក្មេង១ថ្ងៃបើខ្ញុំខំចាក់ មិនទៅធ្វើអ្វីសោះ ចាក់បាន៣ដែរ។ បើមួកធំបានតែ១ឬក៏២អីទេ នេះបើយើងព្យាយាមមិនធ្វើអ្វីផ្សេង គឺចាក់តែមួកតែម្ដង។ ហើយមានម៉ូតមួយទៀតនោះ ១ថ្ងៃចាក់បានតែ១ទេ។ មិនសូវចំណេញប៉ុន្មានទេ ខ្ញុំធ្វើកុំឱ្យតែនៅទំនេរទេ។ បើខ្ញុំចាក់រហូត ១ខែបានប្រហែលជាង៣០ម៉ឺនរៀលដែរ តែអាស្រ័យខ្ញុំបានធ្វើរាល់ថ្ងៃដែរ»។
អង្គុយលើកៅអីតូច ក្បែរគ្រែខាងមុខផ្ទះថ្មសង់ផ្ទាល់ដីរបស់ខ្លួន ស្ត្រីដែលពាក់អាវយឺតពណ៌ក្រហម បង់កក្រមាពណ៌ខៀវរូបនេះ ប្រាប់ពីតម្លៃលក់មួកចេញឱ្យឈ្មួញកណ្ដាល ស្របពេលលើកមួកដែលចាក់រួចមកបង្ហាញខ្ញុំ៖«ខ្ញុំចាក់មួកបាន១០ឬបាន២០ ខ្ញុំយកទៅលក់ហើយ។ តម្លៃឈ្មួញជាអ្នកដាក់។ ដំបូងឡើយខ្ញុំចាក់អំបោះកន្សែង នោះធូរថ្លៃ ១តែ៤ពាន់ឬ៥ពាន់រៀលទេ។ តែអំបោះថ្មីនេះថ្លៃ ដោយសារតែទិញអំបោះមកថ្លៃដែរ»។

ក្រៅពីការងារចាក់មួក យូរៗម្ដងអ្នកស្រី រ៉ាវី បានទទួលការងាររៀបអាវប៉ុងឱ្យអ្នកនៅក្នុងភូមិនេះ បន្ថែមទៀត។ អ្នកស្រីពន្យល់បន្ថែម៖«ក្រៅពីចាក់មួក ខ្ញុំទៅរៀបអាវប៉ុងឱ្យគេ នៅក្នុងភូមិជាមួយគ្នាដែរ។ គេជាអ្នកបោះអីវ៉ាន់តាមខេត្ត ពេលដាច់ខ្លាំងគេមិនមានពេលច្រកអាវប៉ុងហ្នឹង គេឱ្យខ្ញុំទៅច្រកឱ្យគេដល់ផ្ទះតែម្ដង។ ខ្ញុំប្រាប់គេថាមិនបាច់ខ្លាចចិត្តអ្វីទេ ឱ្យតែមានការងារហៅទូរសព្ទមកប្រាប់ខ្ញុំមក ឱ្យខ្ញុំទៅធ្វើពេលណាក៏ខ្ញុំទៅធ្វើឱ្យដែរ។ គេឱ្យតម្លៃ១ថង់៤ពាន់រៀល ហើយក្នុង១ថង់មាន ១២០អាវ»។
ទោះជាយ៉ាងណាការងាររៀបអាវប៉ុងនេះ អ្នកស្រី រ៉ាវី ឆ្លៀតធ្វើតែនៅពេលយប់តែប៉ុណ្ណោះ៖«រៀបអាវប៉ុងហ្នឹងបានប្រាក់គ្រាន់បើជាងចាក់មួក។ ភាគច្រើនខ្ញុំមិនសូវធ្វើពេលថ្ងៃទេ គឺខ្ញុំធ្វើតែពេលយប់។ នៅម៉ោង៧ឬ៨យប់ ទើបឡានដែលគេដឹកពីភ្នំពេញ យកមកដល់ក្នុងភូមិ។ ដូច្នេះបើទៅធ្វើនៅម៉ោង៧ឬ៨យប់ ខ្ញុំធ្វើដល់ម៉ោង១០យប់។ តែបើមានច្រើនថង់ ខ្ញុំធ្វើដល់ម៉ោង១២យប់ ឬដល់ម៉ោង១ ឬម៉ោង២ទៀបភ្លឺ អាស្រ័យថា មានអាវច្រើនឬក៏តិច។ កន្លែងធ្វើនោះនៅជិតផ្ទះដែរ ដូច្នេះខ្ញុំចេះតែហ៊ានទៅ។ ខ្ញុំទៅ២នាក់ប្អូន។ ទោះបីខ្ញុំធ្វើការដល់ម៉ោង១ឬម៉ោង២យប់ក៏ដោយ ក៏ម៉ោង៥ឬម៉ោង៤កន្លះ ខ្ញុំក្រោកឡើងហើយ។ ជួនកាលខ្ញុំភ្ញាក់ពីយប់ចាក់មួកទៀត»។

មានប្ដីទៅធ្វើការនៅរាជធានីភ្នំពេញ ផ្នែកបើកឡានឱ្យក្រុមហ៊ុន ស្ត្រីដែលមានកូនស្រីកំពុងរៀននៅសកលវិទ្យាល័យរូបនេះ អះអាងថាអ្នកស្រីបានបោះបង់ចោលការងារ២មុខ ដោយសារតែមានឧបសគ្គច្រើន ក្នុងដំណើរការងារនោះ។ អ្នកស្រីបញ្ជាក់ថា៖«មុនពេលចាក់មួក ខ្ញុំដេរមួក ជួនអីដេរខោរយ តាមតែគេឱ្យខ្ញុំធ្វើ។ ឥឡូវខ្ញុំនៅតែចាក់មួក និងរៀបអាវប៉ុងហ្នឹង ព្រោះមួកដេរ ពេលគេត្រូវការផ្ញើមកប្រញាប់ ជួនអីម៉ាស៊ីនរបស់ខ្ញុំវាខូចនេះខូចនោះអ៊ីចឹង ជួនអីខ្ញុំដេរមិនទាន់តម្រូវការគេ។ ម្យ៉ាងវាពិបាកផ្ញើទៅនិងផ្ញើមកផង ហើយដល់ពេលមានគេទិញមួក នៅក្នុងភូមិរបស់ខ្ញុំស្រាប់អ៊ីចឹង ក៏ខ្ញុំមកចាក់មួកហ្នឹងវិញទៅ»។
អ្នកស្រី ហ៊ុន រ៉ាវី រំឭកពីពេលវេលាដេរមួកកាលពីពេលកន្លងទៅ៖«កាលពីខ្ញុំនៅដេរមួកខ្ញុំភ្ញាក់ឡើងម៉ោង៣ទៀបភ្លឺ ទល់ទៅម៉ោង១០យប់ទើបខ្ញុំសម្រាក។ ប៉ុន្តែខ្ញុំនឹកឃើញថា បើមានមួកចាក់ ហើយមានគេទិញរហូត ខ្ញុំក៏ចាក់មួកវិញទៅ ព្រោះខ្ញុំមិនបាច់ពិបាកផ្ញើតាមឡានទៅវិញទៅមក។ ចាក់មួកវាមិនថ្លង់ដល់អ្នកជិតខាង តែបើដេរមួកវិញ ឮថ្លង់សំឡេងម៉ាស៊ីនដល់អ្នកជិតខាង ព្រោះខ្ញុំធ្វើយប់ជ្រៅពេក ហើយភ្ញាក់ពីយប់ធ្វើទៀតអ៊ីចឹង»។
ជាកសិករដែលមានដីធ្វើស្រែប្រមាណជិត១ហិកតា អ្នកស្រី រ៉ាវី ដែលនៅគ្រប់គ្រងផ្ទះតែម្នាក់ឯង ខំឆ្លៀតពេលទៅព្រួសស្រូវឱ្យអ្នកភូមិជាមួយគ្នាខ្លះទៀត ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម៖«ដល់ខែវស្សាបើអ្នកភូមិគាត់មិនមានពេលវេលាបាចស្រូវ គាត់រកខ្ញុំទៅព្រួស ខ្ញុំទៅទៀត។ ព្រួសស្រូវនៅទីនេះតម្លៃអាស្រ័យទៅតាមអ្នកដែលគេឱ្យដែរ ជួនអី១ហិកតា៣ម៉ឺនឬក៏៤ម៉ឺនរៀល ទៅតាមគេដៃទូលាយដែរ។ គេមិនរកច្រើនទេ ១ឆ្នាំជួនគេរក៤ឬ៥នាក់អីហ្នឹង»។
លើសពីនោះទៅទៀត អ្នកស្រី រ៉ាវី នៅមានការងារបន្ទាប់បន្សំមួយទៀត គឺការងារចម្អិនសាច់ជូរ។ ការងារនេះអ្នកស្រីត្រូវទិញសាច់ជូរដែលគេយកទៅកូរទឹកឱ្យរងថ្លានោះ ទៅដាក់ដាំក្នុងឆ្នាំងដី ហើយត្រូវនៅមើលថែភ្លើងរយៈពេលពេញ៨ម៉ោង ដើម្បីឱ្យសាច់ជូរនោះឆ្អិនល្អ។ ក្នុង១ឆ្នាំ អ្នកស្រី រ៉ាវី ធ្វើសាច់ជូរឱ្យអ្នកបញ្ជាទិញតែ២ដងតែប៉ុណ្ណោះ៖«ភាគច្រើនគេឱ្យខ្ញុំធ្វើ២៥គីឡូក្រាម។ បើធ្វើ២៥គីឡូក្រាម នៅពេលសុសហើយ នៅសល់១២គីឡូកន្លះឬ១៣គីឡូក្រាម។ គុណប្រយោជន៍សាច់ជូរនេះខ្ញុំដឹងដោយប្រយោលទេ គឺគេយកទៅលាបក្លៀក បំបាត់ក្លិនក្លៀក កាត់បន្ថយញើស ធ្វើឱ្យក្លៀកស្ងួត»។
ស្ត្រីវ័យ៤០ឆ្នាំ ហ៊ុន រ៉ាវី ប្រាប់ពីប្រាក់កម្រៃដែលទទួលបានពីការធ្វើសាច់ជូរយ៉ាងដូច្នេះ៖«អ្នកធ្វើសាច់ជូរនេះនៅមិនទាន់ធំដុំទេ ព្រោះគាត់ទើបតែសាកល្បងដែរ ដល់អ៊ីចឹងគាត់ឱ្យខ្ញុំ១ថ្ងៃ ២៥,០០០រៀលសិន ថ្លៃកម្លាំងពលកម្ម។ ហើយបើសិនគាត់យកទៅលក់បានច្រើន គាត់ឡើងថ្លៃទៅតាមហ្នឹងទៀត។ គ្រឿងដែលត្រូវធ្វើទាំងអស់ គាត់ជាអ្នកទិញឱ្យទាំងអស់។ សាច់ជូរនេះត្រូវដុតភ្លើង៨ម៉ោងពេញ ហើយ១ថ្ងៃ ធ្វើបានតែ៥គីឡូក្រាមទេ ដោយត្រូវប្រើឆ្នាំងដី២»។
ដៃយកឧសទៅដាក់ដុតក្នុងចង្ក្រាន ដែលដាំឆ្នាំងដីដើម្បីរម្ងាស់សាច់ជូរ អ្នកស្រី រ៉ាវី អះអាងថាខ្លួនអាចធ្វើការងារបានគ្រប់យ៉ាង ឱ្យតែជាការងារសុចរិត ដើម្បីទទួលបានប្រាក់ចំណូល៖«ដោយសារខ្ញុំនៅស្រុកស្រែអ៊ីចឹង បើមានការងារអ្វីខ្ញុំចេះតែឆ្លៀតធ្វើទៅកុំឱ្យនៅទំនេរ។ កាលឆ្នាំទៅមួយ ខ្ញុំធ្វើសាច់ជូរនេះបាន២ដង ចំណែកឆ្នាំនេះគេទើបតែឱ្យខ្ញុំធ្វើបានម្ដង។ បើខ្ញុំធ្វើទៅវាបានកម្រៃចូលខ្លះអ៊ីចឹងដែរ»។
ស្ត្រីកូន២នាក់ ដែលប្ដីចេញទៅធ្វើការឆ្ងាយផ្ទះ ហ៊ុន រ៉ាវី មានក្ដីប្រាថ្នាឱ្យកូនទាំង២របស់ខ្លួន មានចំណេះដឹងជ្រៅជ្រះ មានការងារល្អ និងមានអនាគតភ្លឺស្វាង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

