រដ្ឋបាលខេត្តស្ទឹងត្រែង ដាំត្នោត១០ម៉ឺនគ្រាប់ នៅព្រំដែនកម្ពុជា-ឡាវ ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរ

ភ្នំពេញ៖ គ្រាប់ត្នោតចំនួន ១០ម៉ឺនគ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង ដាក់ដាំនៅតាមបណ្ដោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ។ បើតាមលោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ការដាំគ្រាប់ត្នោតនៅតាមព្រំដែនកម្ពុជា-ឡាវនេះ គឺចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងចង់បង្ហាញពីអត្តសញ្ញាណខ្មែរនិងចង់ឲ្យនៅតាមព្រំដែនមានដើមត្នោតនៅសងខាងផ្លូវ។
នៅថ្ងៃទី៣០ ឧសភាកន្លងទៅ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីរាជការចុះដាំគ្រាប់ត្នោតចំនួន ១០ម៉ឺនគ្រាប់ នៅតាមបណ្ដោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលចាប់ពីចំណុចបង្គោលលេខ ០៤៦ ដល់បង្គោលលេខ ០៧៨ និងបន្តទៅកាន់ទីរួមស្រុកសៀមប៉ាង។
នាពិធីដាំគ្រាប់ត្នោត លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង លើកឡើងថា៖ «សកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្ត្ររបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រឡាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន»។
នេះជាលើកទី៤ ហើយដែលរដ្ឋបាលខេត្តស្ទឹងត្រែង បានដាំគ្រាប់ត្នោត នៅតាមបណ្ដោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបន្តដាំគ្រាប់ត្នោតនៅតាមបណ្ដោយខ្សែក្រវ៉ាត់បន្តទៀត ដែលស្ថិតនៅព្រំដែនកម្ពុជា-ឡាវ។ លោក ម៉ែន គុង ប្រាប់យ៉ាងដូច្នេះ៖ «ផ្លូវក្រវ៉ាត់មានប្រវែងប៉ុណ្ណា ខេត្តនឹងបន្តដាំនៅសងខាងផ្លូវនោះ»៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

