​«ភ្នំគូលែន» ​អតីត​រាជធានី​បុរាណដ៏រុងរឿង​អស្ចារ្យ នា​ដើម​សតវត្ស​ទី​៩ ដែល​ភ្ញៀវទេសចរ​មិន​គួរ​មើល​រំលង​

08/06/2020 5:00 pm សៀមរាប

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២-១៤ ខែមិថុនា​ខាងមុខនេះ Cambodia Amazing Trip Planner នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​រាជធានី​បុរាណ លើ​ភ្នំ​គូលែន ក្រោម​ប្រធានបទ «​ការវិលត្រឡប់​ទៅកាន់​សម័យកាល​ដ៏​រុងរឿង​អស្ចារ្យ អតីត​រាជធានី​បុរាណ ម​ហិ​ន្ទ្រ​ប​ព៌​ត នា​ដើម​សតវត្ស​ទី​៩ ភ្នំ​គូលែន​»​។

លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា​៖ «​ដំណើរ​ឆ្ពោះទៅ​រាជធានី​បុរាណ​នេះ ដើម្បី​សិក្សា​ស្វែងយល់ និង​ស្វែងរក​កំណប់​អាថ៌កំបាំង ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក នៅ​រាជធានី​បុរាណ ម​ហិ​ន្ទ្រ​ប​ព៌​ត នា​ដើម​សតវត្ស​ទី​៩»​។ 

​ដំណើរ​កម្សាន្ត​ដែល​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តសៀមរាប ទៅកាន់​រាជធានី​បុរាណ ម​ហិ​ន្ទ្រ​ប​ព៌​ត នា​ភ្នំ​គូលែន​នេះ មាន​រយៈពេល ២​យប់ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៤ មិថុនា​។ បើតាម​លោក សា ឌី​ណា ថ្ងៃទី​១ នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រាសាទ​ព្រះ​គោ​, ប្រាសាទលលៃ​, ប្រាសាទបាគង និង​បន្ទាយ​ជ័យ ៨០២​។ សម្រាប់​ថ្ងៃទី​២ ទៅ​ទស្សនា​សួន​កេស​គោល​ជើងភ្នំ​គូលែន​, ពើង​តា​ខុ​, លិង្គ​១០០០, ទឹកជ្រោះ​, ព្រះអង្គ​ធំ​, ជំរំ​យុវជន​, ព្រះ​ក្រាល​, ស្រះ​ដំរី​, ប្រាសាទ​ក្របី​ក្រាប​, អារាម​រោង​ចិន​, ពើង​ត្បាល់​, ទំនប់​ថ្នល់​ដាច់ និង​ទស្សនា​ថ្ងៃ​លិច​។ 



​ដោយឡែក​ថ្ងៃទី​៣ នឹងធ្វើ​ដំណើរ​ទៅកាន់​ពើង​វត្ត​ចាស់​, ភូមិ​សង្កែ​ឡាក់​, ភូមិ​ខ្លាឃ្មុំ​, ប្រាសាទក្រហម និង​ស្រះ​ដូន​រីក​។ តាមរយៈ​ដំណើរ​កម្សាន្ត​នេះ លោក ឌី​ណា ជឿជាក់ថា អ្នកចូលរួម​នឹង​ទទួលបាន​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​ភ្នំ​គូលែន ពិសេស​ភាព​អស្ចារ្យ​នៃ​មរតក​ដូនតា​ខ្មែរ​។ លើសពីនេះ អ្នកចូលរួម​ក៏បាន​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សហគមន៍ រួមទាំង​វប្ប​ធ​ម៍ និង​ធម្មជាតិ​នៅលើ​ភ្នំ​គូលែន​។ ជាមួយគ្នានេះ ដំណើរ​កម្សាន្ត​នេះ ក៏​ការចូលរួមចំណែក​គាំពារ​ថែរក្សា​ធនធានធម្មជាតិ តាមរយៈ​ការពង្រីក​កញ្ចប់​ទេសច​រណ៍​ក្នុងស្រុក ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​រស់​នៅលើ​ខ្នងភ្នំ​គូ​លេន​ផងដែរ​។​



សូមបញ្ជាក់ថា ភ្នំ​គូលែន​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប ដែល​ស្ថិតនៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយមាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៤​ពាន់​គ្រួសារ ក្នុងភូមិ​ចំនួន ៩​។ ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ដំណើរ​កម្សាន្ត​នេះ អាចទាក់ទង​តាម​លេខ​ទូរ​សព្ទ 085 939441, 096 533 3338, 088  533 3338៕ 













ព័ត៌មានទាក់ទង