៨០​ភាគរយ​នៃ​ប្រជាជន​នៅ​ខេត្តព្រះវិហារ​ធ្វើ​កសិកម្ម ពិសេស​ស្រូវ​សរីរាង្គ​

28/05/2020 11:47 am ព្រះវិហារ

​ភ្នំពេញ​៖ ប្រជាជន​ប្រមាណ​៨០​ភាគរយ នៅ​ខេត្តព្រះវិហារ​ធ្វើ​កសិកម្ម និង​បង្កបង្កើន​ផលដំណាំ​រួមផ្សំ​ក​សិ​-​ឧស្សាហកម្ម​ឈើ​ហូប​ផ្លែ ពិសេស​ដំណាំ​ស្រូវ​សរីរាង្គ​។ ខេត្តព្រះវិហារ​មាន​សហគមន៍​បង្កបង្កើន​ផលដំណាំ​ស្រូវ​សរីរាង្គ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ប្រមូលបាន​របស់​កសិករ មាន​ទីផ្សារ និង​តម្លៃ​សមស្រប​។ លោក តោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ បញ្ជាក់​ដូច្នេះ​នៅក្នុង​សន្និសីទកាសែត ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ព្រះវិហារ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៦ ខែឧសភា​។​

​បើតាម​លោក​អភិបាលខេត្ត​ដដែល ក្រុមហ៊ុន​ចំនួន​៣​ដូចជា ក្រុមហ៊ុន​អេ​ម​រ៉ុ​រ៉ា​យ​, ក្រុមហ៊ុន​ស៊ិ​កណេ​ត​ឈ័​រ​អេ​ហ្វ​អេ​ស៊ា និង​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យ បាន​ចុះ​កុងត្រា​ពី​សហគមន៍​បង្កើន​ផល​ស្រូវ​សរីរាង្គ​ចំនួន​៣៤ ដែល​ផលិត​ផ្គត់ផ្គង់​សម្រាប់​ក្រុមហ៊ុន និង​ទទួលបាន​ការធានា​ពី​តម្លៃ និង​ទីផ្សារ​នាំចេញ​ផងដែរ​។​

​ក្នុងនោះ​សម្រាប់​កសិករ​ដែល​មិនបាន​ចូល​ជា​សមាជិក​សហគមន៍​ផលិត​ស្រូវ​សរីរាង្គ​ក៏​អាច​លក់​ចេញទៅ​ក្រៅ ដោយមាន​ឈ្មួ​ល​ជាច្រើន​ទៅ​ប្រមូល​ទិញ ហើយ​មិនមាន​បញ្ហា​រាំងស្ទះ ក្នុង​ការរក​ទីផ្សារ​ស្រូវ​ទេ​។​ក្រៅពី​ស្រូវ​ក្នុង​ខេត្តព្រះវិហារ ក៏មាន​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ផ្សេងទៀត​ដូចជា ដំឡូង​មី ពោត សណ្ដែកសៀង ចេក គ្រាប់ស្វាយចន្ទី ស្វាយ និង​ជ័រកៅស៊ូ​ជាដើម​។ នេះ​បើតាម​លោក តោ​ស៊ុំ ប៊ុន​សឿត​។​

​លោក​ក៏បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​កសិកម្ម ពិសេស​ដំណាំ​ចេក ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាក់ស្រុក​ផងដែរ​៕

ព័ត៌មានទាក់ទង