ផ្សោតជាសត្វចិញ្ចឹមកូនដោយទឹកដោះ ត្រូវការរស់នៅជាក្រុម និងងើបដកដង្ហើមលើទឹករាល់១៥នាទីម្តង
ក្រចេះ៖ សត្វផ្សោត ជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងរស់នៅតាមដងទន្លេមេគង្គកម្ពុជាក្នុងខេត្តក្រចេះ និងស្ទឹងត្រែង និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ អ្នកស្រី ប៊ុត ចាន់មេត្តា មន្ត្រីជាន់ខ្ពស់ផ្នែកអប់រំផ្សព្វផ្សាយរបស់អង្គការ WWF កម្ពុជា បានអះអាងថា សត្វផ្សោតទន្លេមេគង្គ ឬផ្សោតអ៊ីរ៉ាវ៉ាឌី ត្រូវការដកដង្ហើមមកលើបរិញ្ញាកាសរាល់ចន្លោះពី១២ទៅ១៥នាទីម្ដង។
សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោមនេះ ដូចតទៅ៖
មន្ត្រីជាន់ខ្ពស់របស់អង្គការ WWF Cambodia រូបនេះ បានប្រាប់ថ្មីៗ២៥ដូច្នេះថា៖ «ផ្សោតគេចាត់ទុកជាថនិកសត្វថ្នាក់ទឹក ដែលចិញ្ចឹមកូនដោយទឹកដោះ។ កូនផ្សោតអាយុក្រោម១ឆ្នាំ គឺពឹងលើការបៅដោះមេវាជាសំខាន់។ ថ្វីត្បិតតែផ្សោតនៅក្នុងទឹក ប៉ុន្តែផ្សោតដកដង្ហើមតាមសួត។ អ៊ីចឹង វាត្រូវការបរិញ្ញាកាសខាងលើដើម្បីដកដង្ហើម។ នៅពេលវាដកដង្ហើម វាត្រូវងើបឲ្យផុសពីទឹក។ ផ្សោតនៅយ៉ាងយូរបំផុតពី១២ទៅ១៥នាទីនៅក្នងទឹក»។
«ប្រសិនបើ ១២ទៅ១៥នាទី ផ្សោតមិនអាចងើបបាន នោះផ្សោតនៅស្លាប់ ដោយសារវាមិនអាចដកដង្ហើមបាន»។ នេះជាការអះអាងរបស់អ្នកស្រី ចាន់មេត្តា ដោយបន្ថែមថា នៅពេលដែលផ្សោតជាប់ម៉ង ផ្សោតងាយនឹងស្លាប់ណាស់ ដ្បិតថា ផ្សោតមិនអាចងើបមកដកដង្ហើមបាន។ នៅខាងលើក្បាលរបស់ផ្សោតមានរន្ធមួយ ដែលយើងឃើញវាងើបឡើងឮសូរសំឡេង។ នៅពេលដែលផ្សោតងើបមកខាងលើបរិញ្ញាកាស រន្ធនោះនឹងបើកឡើងដើម្បីដកដង្ហើម។
សត្វផ្សោតមាន៧ប្រភេទ ប៉ុន្តែប្រភេទពិសេសជាងគេនៅទន្លេមេគង្គ គេហៅឈ្មោះជាភាសាបរទេសថា ផ្សោតអ៊ីរ៉ាវ៉ាឌី ឬផ្សោតទន្លេមេគង្គ។ ប៉ុន្តែឈ្មោះជាភាសាខ្មែរ គឺផ្សោតក្បាលត្រឡោក ហើយប្រជាជនមិនសូវស្គាល់ឈ្មោះជាភាសាខ្មែរទេ គឺតែងតែនិយមហៅផ្សោតទន្លេមេគង្គ។
ផ្សោតក្បាលត្រឡោក គឺជាសត្វផ្សោតទឹកសាបមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបសរុបចំនួន៧ប្រភេទក្នុងពិភពលោក។ សត្វផ្សោតនេះត្រូវបានគេចាត់ទុកជាចលករនៃសុខភាពរបស់ប្រព័ន្ធទន្លេមេគង្គដែលប្រជាជនជាង ៦០លាននាក់កំពុងពឹងអាស្រ័យ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងការបង្កើតសហគមន៍អេកូរទេសចរណ៍ផ្សេងៗ។ សត្វផ្សោតទន្លេមេគង្គក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកជារតនសម្បតិ្តជាតិមានជីវិតសម្រាប់វិស័យទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា អង្គការ WWF Cambodia បានបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១៩ ផ្សោតចំនួន៨ក្បាលបានស្លាប់ និងមានផ្សោតចំនួន១៣ក្បាលបានកើតថ្មី នៅអន្លង់ផ្សោតខេត្តក្រចេះនិងស្ទឹងត្រែង។ បច្ចុប្បន្ន កម្ពុជា មានផ្សោតចំនួន៩២ក្បាល ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ ចំនួនសត្វផ្សោតទន្លេមេគង្គនេះ កំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជ ដោយសារការដាក់ម្មងរបស់អ្នកនេសាទខុសច្បាប់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com