
តំបន់បេតិកភណ្ឌធម្មជាតិថ្មី៣កន្លែង ដែលស្ថិតនៅខេត្តបាត់ដំបងនោះ មានតំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំប្រាំពីរ»មានផ្ទៃដី ៣៥៣,៩ហិកតា នៅឃុំបួរ ស្រុកភ្នំព្រឹក។ តំបន់បេតិកភណ្ឌធម្មជាតិ«គិរីយង់»មានផ្ទៃដីជិត១ពាន់ហិកតា និងតំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំបាក់ទ្រាំង» មានផ្ទៃដីជិត៨០ហិកតា មានទីតាំងនៅឃុំត្រែង និងឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល។
រីឯតំបន់បេតិកភណ្ឌធម្មជាតិ៦ទៀត នៅខេត្តបន្ទាយមានជ័យនោះ មានតំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំជញ្ជាំង»ផ្ទៃដី១៩ហិកតា។ តំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំស្វាយ»ផ្ទៃដី១៦ហិកតា និងតំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំបាក់»ផ្ទៃដី៣៦ហិកតា គឺស្ថិតនៅក្រុងសិរីសោភណ្ឌ។ ដោយឡែក តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះនេត្រព្រះ» ផ្ទៃដី១៣ហិកតា មានទីតាំងនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ តំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំព្រះ-ភ្នំវែង»មា នផ្ទៃដីរហូតដល់ ១,៥០០ហិកតា ស្ថិតនៅឃុំថ្មពួក ស្រុកថ្មពួក និងតំបន់បេតិកភណ្ឌធម្មជាតិ«យាយសំ» មានផ្ទៃដីជាង៤០០ហិកតា ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ។
ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំង៩នេះឡើង គឺដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សជំនាន់ក្រោយ។ ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ជំនឿ ដោយធានាថាគ្រប់សកម្មភាពទាំងនេះ មិនបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌ក្នុងមូលដ្ឋានឡើយ។ ពិសេសរក្សាកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។
លើសពីនេះ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិថ្មីនេះ នឹងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព ជាមួយនឹងការលើកកម្ពស់ការចូលរួមពីសហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យក្រសួងបរិស្ថានរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិថ្មីទាំងនេះ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃរដ្ឋបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្រមតាមបទប្បញ្ញត្តិនៃច្បាប់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

