លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ម្ចាស់សហគ្រាសទាំងអស់ ដែលកំពុងជួបប្រទះបញ្ហារកស៊ីនោះ គឺអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីបាន ដោយសហគ្រាសមួយ អាចទទួលបានថវិកាដល់៣០ម៉ឺនដុល្លារ។
ថវិកា៥០លានដុល្លារ ដែលរដ្ឋាភិបាលទម្លាក់ឱ្យសហគ្រាសធុនតូច និងមធ្យម គឺដើម្បីដោះស្រាយការរកស៊ីរបស់ពួកគេ ដែលរងផលប៉ះពាល់ពីវីរុស Covid-19 និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅក្នុងវិស័យកែច្នៃផលិតផលកិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ។ ជាពិសេសពង្រឹងចង្វាក់ផលិតកម្ម ក្នុងការប្រកួតប្រជែងជាដើម។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ស្តីពីវិធានការគ្រប់គ្រងផលប៉ះពាល់ពីបញ្ហា Covid-19 និង EBA កាលពីចុងខែកុម្ភៈកន្លងមក។
ជុំវិញបញ្ហានេះលោក កៅ ថាច មិនអាចបញ្ជាក់ថា បញ្ហាCOVID-19 នឹងប៉ះពាល់សេដ្ឋកិច្ចកម្រិតណានោះទេ។ ប៉ុន្តែលោក រំពឹងថា ទឹកប្រាក់ទាំងនេះ នឹងអាចជួយដោះស្រាយបញ្ហាSME បានមួយកម្រិត។ ថ្លែងក្នុងសន្និសីទកាសែត ស្តីពីហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាល នៅរសៀលថ្ងៃទី១៦ មីនានេះ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បាននិយាយដូច្នេះថា៖«ខ្ញុំមិនទាន់មានការវាយតម្លៃយ៉ាងមិចទេ ហើយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុកំពុងធ្វើកិច្ចការហ្នឹងថា COVID-19 វាប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុណ្ណា ប៉ុន្តែជាទូទៅយើងឃើញមានការវាយតម្លៃដំបូងហើយថា វាមានផលប៉ះពាល់មួយចំនួនធំដែរ ហើយមិនមែនតែកម្ពុជា គឺទូទាំងពិភពលោក»។
បើតាមលោក កៅ ថាច សហគ្រាសអាចខ្ចីបានរយៈពេលខ្ចី២ឆ្នាំ សម្រាប់យកទៅធ្វើជាទុនបង្វិល និងទុនវិនិយោគ ត្រូវសងមិនលើសពី៥ឆ្នាំ នៃអត្រាការប្រាក់៦ភាគរយ។ «អត្រាការប្រាក់ប៉ុណ្ណេះ វាមិនខ្ពស់ហើយមិនទាបទេ ហើយធនាគារក៏មិនចំណេញដែរ ព្រោះត្រូវចំណាយលើបុគ្គលិក និងសេវាកម្មនានា។ ធនាគារមិនអាចទម្លាក់ការប្រាក់ឱ្យទាបជាងនេះទៀតទេ ព្រោះវាមិនអាចឱ្យធនាគារ រត់រួចនៅសេវាកម្មរបស់ខ្លួន»។ នេះជាការបញ្ជាក់របស់លោក កៅ ថាច។
ម្ចាស់សហគ្រាសដែលចូលរួមសន្និសីទនេះ ក៏ស្នើសុំឱ្យធនាគារអភិវឌ្ឍជនបទ ជួយពន្យាពេលសងត្រឡប់ផងដែរ ក្រោមហេតុផលថា បញ្ហាដំណើរការផលិត និងទូទាត់ប្រាក់ជាមួយអ្នកបញ្ជាទិញអាចមានការយឺតយ៉ាវ រួមទាំងចំណូលប្រចាំខែ ដែលអាចឱ្យពិបាកសងត្រឡប់វិញ នៅក្នុងអំឡុងពេលនេះ។
លោក កៅ ថាច បានបញ្ជាក់ថា បញ្ហាទាំងនេះ វាមិនមែនជារឿងដែលព្រួយបារម្ភនោះទេ ព្រោះធនាគារក៏មានការយោគយល់ដល់សហគ្រាសដែរ ។ បើតាមអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទរូបនេះ នៅក្នុងអំឡុងពេលនៃការខ្ចី៥ឆ្នាំនោះ គឺសហគ្រាសទទួលបានការអនុគ្រោះ ដោយមិនចាំបាច់សងប្រាក់ដើមត្រឡប់មកវិញ ក្នុងរយៈពេលមួយឆ្នាំទេ ពោលគឺបង់តែការប្រាក់ប៉ុណ្ណោះ។
ដោយឡែកនៅឆ្នាំទី២នៃការខ្ចីនោះ ទើបសហគ្រាសត្រូវបង់សងទាំងការប្រាក់ និងប្រាក់ដើម នៅរយៈពេល៣ខែ ឬ៦ខែម្ដង តាមការចរចាជាមួយធនាគារ។ នេះបើតាមលោក កៅ ថាច៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com