បឹងទន្លេសាប ជួរភ្នំក្រវាញ និងរមណីយដ្ឋានជាង៣០ទៀត ជាតំបន់សក្តានុពលទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ខេត្តពោធិ៍សាត់ ជាខេត្តមួយដែលស្ថិតនៅតំបន់ពាយ័ព្យនៃប្រទេសកម្ពុជា មានតំបន់ទេសចរណ៍សក្ដានុពលចំនួន ៣៤កន្លែង សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត។
តំបន់ទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ ត្រូវបានចែកចេញជា ៣តំបន់ គឺតំបន់ភ្នំ, តំបន់ផ្ទៃទឹកបឹងទន្លេសាប និងតំបន់ទីប្រជុំជន ក្នុងចំណោមតំបន់ទាំងនេះ មានរមណីយដ្ឋានទេសចរណ៍ចំនួន ៣៤កន្លែង។ នាផ្ទៃទឹកបឹងទន្លេសាប នៅរដូវប្រាំង និងរដូវវស្សា មានទេសភាពខុសគ្នា។ នៅតំបន់ផ្ទៃទឹកបឹងទន្លេសាបនេះ ក្រៅពីមានវាលស្មៅលិចទឹកដ៏ស្រស់ស្អាត ដើមរាំង និងដើមសណ្ដាន់ ក៏ជាផ្នែកមួយ ដែលទាក់ចិត្តភ្ញៀវទេសចរឲ្យកម្សាន្តផងដែរ។

ចំណែកតំបន់ទេសចរណ៍នៅតំបន់ភ្នំវិញ ដែលមានជួរភ្នំ និងទឹកជ្រោះ ក៏ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ចន្លោះខែ៩-១០ ភ្ញៀវទេសចរអាចទៅស្រូបខ្យល់អាកាសបរិសុទ្ធនៅតំបន់រាំងខ្វាវ ដែលមានទេសភាពស្រស់ត្រកាល។

តំបន់ទេសចរណ៍នាទីប្រជុំជន រួមមាន រមណីយដ្ឋានទាំង ៣៤កន្លែងរួមមាន បុរីវប្បធម៌កោះសំពៅមាស, បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង និងលោកជំទាវខាន់ខៀវ និងវត្តគិរីបរវង្សមានជ័យ។ រីឯតំបន់ទេសចរណ៍បឹងទន្លេសាប រួមមាន សហគមន៍ភូមិអណ្តែតទឹកកំពង់លួង, សហគមន៍ទេសចរណ៍រាំងទិលគ្រួសារខ្ញុំ និងតំបន់សត្វស្លាបជ្រោយស្វាព្រាហ្មណ៍។

ចំណែកតំបន់ទេសចរណ៍ជួរភ្នំក្រវាញ រួមមាន រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង, ភ្នំលាំងត្រាច, ភ្នំបាយឃ្លះ, ភ្នំបាក់ត្រា, ទំនប់ឈើតោក, ភ្នំថ្មកែវ, សហគមន៍អេកូទេសចរណ៍រាំងខ្វាវ, អូរដា, ចម្ការក្រូចពោធិ៍សាត់ ចម្ការទុរេន, ល្បាក់កំរោញ, ជំរំសត្វស្លាបបឹងព្រះពន្លៃ, បាកាន, ភ្នំទំព័រ, ភ្នំរូងប្រចៀវ, ព្រៃក្រវាញធម្មជាតិ, ជម្រកសត្វក្រពើភ្នំ, ចម្ការហូបផ្លែ, សហគមន៍ជនជាតិជង, ទឹកធ្លាក់ស្ទឹងតាចាន់ អូរកន្ធាយ, ទឹកធ្លាក់ឆាយរកា, ទឹកធ្លាក់ឆាយខ្ពស់, ទឹកធ្លាក់ភ្នំសំពៅ, ទឹកធ្លាក់ថ្មថ្លើមខ្មៅ, ទឹកធ្លាក់ឆាយប្រុយ, ទឹកធ្លាក់ស្ទឹងតាសុខ,ជម្រកសត្វព្រៃភ្នំសំកុស, ទឹកធ្លាក់ថ្មដាតូច និងទឹកធ្លាក់ថ្មដាធំ។
សូមបញ្ជាក់ថា ក្នុងចំណោមរមណីយដ្ឋាន ៣៤កន្លែងនេះ មានរមណីយដ្ឋានមួយចំនួនបានរៀបចំរួច និងមានដំណើរការ។ ដោយឡែករមណីយដ្ឋានមួយចំនួនទៀត កំពុងរៀបចំអភិវឌ្ឍឲ្យមានដំណើរការ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

