
វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យរ៉ែ ជាវិស័យចំបងៗ ដែលផ្ដល់ប្រាក់ចំណូលដល់ខេត្តឧត្តរមានជ័យ។ របាយការណ៍វឌ្ឍនភាពរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បញ្ជាក់ វិស័យកសិកម្ម មានដំណាំដូចជា កៅស៊ូ, ស្រូវ, ស្វាយចន្ទី, ស្វាយកែវរមៀត និងដំឡូងមី។
របាយការណ៍ខាងលើ បន្តថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៩-២០២០ កសិករបានអនុវត្តការងារភ្ជួររាស់ដីសរុបបានចំនួន ៩៥, ៧៨៥ហិកតា និងការប្រមូលផលអនុវត្តបាន ៦៨, ៨៤៦ហិកតា។ ចំណែក បរិមាណស្បៀងនៅសល់លើសពីតម្រូវការក្នុងខេត្តគិតជាស្រូវ ប្រមាណ ១៧២,២៦០តោន ឬគិតជាអង្គរប្រមាណ ១១០,២៤៦តោន អាចនាំចេញទៅលក់នៅទីផ្សារក្រៅខេត្តបាន។
ទាក់ទងនឹងវិស័យទេសចរណ៍វិញ ខេត្តឧត្តរមានជ័យ មានទេសចរណ៍ធម្មជាតិចំនួន ៧កន្លែង, ទេសចរណ៍វប្បធម៌ចំនួន ១៤៤កន្លែង ក្នុងនោះរួមមាន ប្រាសាទតាមាន់ ប្រាសាទតាក្របី ស្ពានបុរាណ ទួលបុរាណជាដើម និងតំបន់ប្រវត្តិសាស្ត្រចំនួន ១៤កន្លែង។ សម្រាប់វិស័យរ៉ែ ខេត្តឧត្តរមានជ័យ មានរ៉ែមាស, រ៉ែត្បូង, សំណ និងរ៉ែធ្យូងថ្ម។
ជាមួយគ្នានេះ ការងារអាទិភាព និងកំពុងអន្តវត្ត រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងបន្តពង្រឹងលើសេវាសាធារណៈបន្តរួមមាន សុខភាព អប់រំ សន្តិសុខសណ្ដាប់ធ្នាប់ និងការកាត់បន្ថយក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម។ នេះបើតាមរបាយការណ៍ខាងលើ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

