
«ខ្នងផ្សា» ជាតំបន់ទេសចរណ៍បែបផ្សងព្រេង ដែលភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើង។ «ខ្នងផ្សា» សម្បូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ និងវាលស្រល់ខៀវស្រងាត់។ លោក សៅ សារួន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទថា៖ «តំបន់នេះ ទាក់ទាញខ្លាំង គឺពោរពេញដោយធម្មជាតិ មានជួរភ្នំច្រើន មានព្រៃឈើ ពិសេសអាចគយគន់ថ្ងៃលិចដ៏ស្រស់ស្អាតនៅទីនោះ»។
ការធ្វើដំណើរទៅកាន់ «ខ្នងផ្សា» មានភាពងាយស្រួល រួមផ្សំនឹងទេសភាពដ៏ស្រស់ស្អាត បានធ្វើឲ្យភ្ញៀវទេសចរជាច្រើនងាកមកកម្សាន្តនៅតំបន់នេះ ដែលជាសក្ដានុពលទេសចរណ៍ធម្មជាតិ។ នាទីតាំង «ខ្នងផ្សា» ពេលព្រឹក ភ្ញៀវទេសចរអាចទស្សនាព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពលល្ងាច អាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំ។
តាមរយៈការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ បានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានជីវភាពល្អប្រសើរជាងមុន។ លោក សៅ សារួន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ប្រាប់ដូច្នេះ៖ «គាត់នាំភ្ញៀវទៅខ្នងផ្សាហ្នឹងទៅ គាត់បានចំណូលពីការនាំភ្ញៀវ ហើយគាត់ឈប់កាប់ព្រៃឈើ ពិសេសគាត់ងាកមកស្រឡាញ់ព្រៃឈើវិញ»។
លោក ជា យុទ្ធា អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ បានឲ្យដឹងថា រយៈពេលចុងក្រោយនេះ ខ្នងផ្សា ទទួលបានភ្ញៀវទេសចរទៅកម្សាន្តជាង៦០០នាក់ ខណៈឆ្នាំ២០១៩ មានភ្ញៀវទេសចរប្រមាណ ២០០នាក់ប៉ុណ្ណោះ។ លោក ជា យុទ្ធា ក៏បានពន្យល់ពីទីតាំងភូមិសាស្ត្រខ្នងផ្សាយ៉ាងដូច្នេះ៖ «ខ្នងផ្សា ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងកោះកុង មិនស្ថិតនៅចំណុចប្រសព្វមុំបីឡើយ។ ពេលយប់ ដែលភ្ញៀវទេសចរត្រូវសម្រាក គីស្ថិតនៅភូមិសាស្ត្រខេត្តកោះកុង ចំណែកពេលព្រឹក ដែលភ្ញៀវទេសចរមើលថ្ងៃរះ គឺស្ថិតនៅភូមិសាស្ត្រកំពង់ស្ពឺ »។
អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញរូបនេះ លើកឡើងថា តំបន់ខ្នងផ្សា ដែលល្បីនៅតាមបណ្ដាញសង្គមនេះ គឺល្បីដោយសារការផ្សព្វផ្សាយរបស់ភ្ញៀវទេសចរ តាមរយៈការបង្ហោះរូបភាពពីតំបន់ដ៏ស្រស់ស្អាតនេះ។ បើតាមលោក ជា យុទ្ធា នៅពេលដែលភ្ញៀវទេសចរសម្រុកមកលេងតំបន់នេះ បានធ្វើឲ្យអ្នកភូមិ មានការងារធ្វើ និងថ្ងៃខ្លះរកអ្នកភូមិសម្រាប់ជូនភ្ញៀវទៅខ្នងផ្សាស្ទើរតែមិនមាន។
តាមរយៈកំណើនភ្ញៀវទេសចរធ្វើដំណើរទៅកាន់តំបន់ខ្នងផ្សាច្រើន លោក សៅ សារួន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ អះអាងថា គោលដៅរបស់ក្រសួងទេសចរណ៍ គឺជំរុញឲ្យមានជាទេសចរណ៍សហគមន៍ និងរៀបចំជាទេសចរណ៍ផ្សងព្រេងបែបនេះ។ ទន្ទឹមនឹងការទៅកម្សាន្តច្រើនរបស់ភ្ញៀវទេសចរ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក៏អំពាវនាវឲ្យភ្ញៀវទេសចរចូលរួមការពារបរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ។
សូមបញ្ជាក់ថា ដើម្បីទៅដល់ខ្នងផ្សា ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ បត់ស្តាំ ប្រមាណ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេង មានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ លោក-អ្នក ត្រូវធ្វើដំណើរបត់ចូលតាមច្រកឱរ៉ាល់ ប្រហែល ៥០គីឡូម៉ែត្រ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ ទេទឹកពុះ នឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

