មន្ត្រី​កសិកម្ម ៖​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក កើនឡើង​និង​រក្សា​តម្លៃ​ថេរ ក្រោយ​រឹតបន្តឹង​ការនាំ​ចូល​

25/05/2020 2:33 pm ភ្នំពេញ

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២១​ខែឧសភា ស្ដីពី​ការ​រឹតបន្តឹង​ការនាំ​ចូល​សត្វ​ជ្រូក​ពី​ក្រៅប្រទេស លោក តាន់ សុផាន់​ណា​រ៉ា ថ្លែងថា​៖«​ផែនការ​ត្រូវ​ប្រើ​២​ទៅ​៣​ឆ្នាំ ដែល​យើង​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​បាន នេះ​ខ្ញុំ​និយាយ​ក្នុង​កាលៈទេសៈ​មួយ​ថា ប្រសិនបើ​មិនមាន​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​ប៉េ​ស​ជ្រូក​អា​ហ្រិ្វ​ក​»​។
 
​វិធានការ​រឹតបន្តឹង​ការ​នាំចូល​ជ្រូក ផ្ដើម​អនុវត្ត​កាលពី​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ បានធ្វើ​ឲ្យ​ចំនួន​ការចិញ្ចឹម​ជ្រូក​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ការកើនឡើង​នេះ លោក តាន់ សុផាន់​ណា​រ៉ា បានបញ្ជាក់​ពី​របាយការណ៍​ជ្រូក​ពូជ​សម្រាប់​ចិញ្ចឹម​ដែល​នាំចូល​ឆ្នាំ​២០១៩ មាន​មេ​ជ្រូក​ពូជ​៧​ពាន់​ក្បាល និង​កូនជ្រូក​ពូជ​ជាង​២​ម៉ឺន​ក្បាល​។ ប៉ុន្តែ​ត្រឹម​ដើម​២០២០​នេះ មាន​មេ​ជ្រូក​ពូជ​នាំចូល​៥​ពាន់​ក្បាល និង​កូនជ្រូក​ពូជ​ដល់​ទៅ​៦​ម៉ឺន​ក្បាល​។ ចំនួន​ជ្រូក​ពូក​នេះ គឺ​បញ្ជាក់ថា​ពលរដ្ឋ​ចាប់អារម្មណ៍​លើ​ការចិញ្ចឹម​សត្វ​ច្រើន ជាជាង​ការ​ចំណាកស្រុក​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក តាន់ សុផាន់​ណា​រ៉ា ដដែល​។
 
​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ដែល​រក្សាបាន​តម្លៃ​ជ្រូក​រស់ ពី​១,១​ម៉ឺន ទៅ ១,២​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម ចាប់តាំងពី​មានការ​រឹតបន្តឹង​មក​។ លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា​៖«[​ខ្ញុំ​] មើលទៅ​ឃើញជាក់ស្តែង គ្រាន់​តែមាន​ចំណាត់ការ​បន្តិចបន្តួច ឃើញ [​ការចិញ្ចឹម​ជ្រូក​របស់​] ប្រជាជន កើនឡើង រីក​ពេញ​ប្រទេស អ៊ីចឹង ពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​ទទួលបាន [​ផល​ពី​ការចិញ្ចឹម​ជ្រូក​] ហើយ​នេះ គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ការ​ចំណាកស្រុក​»​។
 
​ចំពោះ​ការ​រឹត​ប​ន្តឹ​ត​ការ​នាំចូល​នេះ គឺ​ពិនិត្យ​សុខភាព​ជ្រូក​និង​ចំនួន​នាំចូល​ស្របតាម​ការអនុញ្ញាត ដោយ​ក្នុង​មួយក្រុម​ហ៊ុន​អាច​នាំចូល​ជ្រូក​បាន​៣០០​ទៅ​៦០០​ក្បាល​។ ជាមួយគ្នានេះ ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​នាំចូល​ជ្រូក​៣០០​ក្បាល​ប៉ុណ្ណោះ មកកាន់​រាជធានី​ភ្នំពេញ ហើយ​ជ្រូក​នៅសល់ គឺ​ដាក់​តាម​បណ្ដាល​ខេត្ត​។ នេះ​បើតាម​ការបញ្ជាក់​របស់ ស្រ៊ុន ពៅ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២២ ខែឧសភា​។​
 
​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​៧ ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក ប៉ុន្តែ​កាលពី​ថ្ងៃទី​២០ ខែឧសភា​នេះ ក្រសួង​បាន​បញ្ឈប់​ក្រុមហ៊ុន​មួយ ដោយសារ​នាំចូល​ជ្រូក​គ្មាន​លិខិត​ពិនិត្យ​សុខភាព​ច្បាស់លាស់​។ បច្ចុប្បន្ន កម្ពុ​ជាមាន​សមត្ថភាព​ផ្គត់ផ្គង់​ទីផ្សារ​សាច់សត្វ  ក្នុងស្រុក​ប្រមាណ​៨០​ភាគរយ ហើយ​តម្រូវការ​នាំចូល​មាន​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ​។ សត្វ​ជ្រូក ដែល​កំពុង​ចិញ្ចឹម​ទាំងអស់​នៅ​កម្ពុជា មាន​ចំនួន​២.៣​លាន​ក្បាល​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​៕

ព័ត៌មានទាក់ទង