
តទៅនេះសូមប្រិយមិត្ត អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖
កម្ដៅផែនដី កាន់តែក្ដៅឡើងៗមិនឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យមនុស្សកាន់តែពិបាករស់នៅ។ មិនថានៅទីក្រុង ឬជនបទ ទាំងថ្ងៃទាំងយប់ បើមិនមានកង្ហារ ឬម៉ាស៊ីនត្រជាក់ទេ នោះនឹងពិបាកស្ថិតនៅក្នុងផ្ទះ ព្រោះចំហាយកម្ដៅ បានធ្វើទុក្ខបុកម្នេញ។
បើនិយាយពីនៅរាជធានីភ្នំពេញ ដែលសម្បូរទៅដោយអគារទាំងធំ ទាំងតូច យ៉ាងចង្អៀត និងមានដើមឈើតិចតួចនោះ នៅក្នុងផ្ទះថ្មនីមួយៗ ប្រៀបបាននឹងឡកម្ដៅទៅហើយ បើទោះបីថ្ងៃឬក៏យប់ក្ដី។ ងាកទៅផ្ទះនៅតាមជនបទវិញ បច្ចុប្បន្ន ផ្ទះភាគច្រើនធ្វើជញ្ជាំងពីស័ង្កសី ឬបន្ទះក្ដារ។ ចំណែកដំបូលធ្វើពីស័ង្កសី ឬក្បឿងជាដើម។ ដោយឡែក ផ្ទះដែលមានជញ្ជាំង និងដំបូលប្រក់ស្លឹកនោះ គឺនៅមានសេសសល់តិចតួចបំផុត ហើយភាគច្រើនផ្ទះទាំងនោះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ ក្នុងស្ថានភាពអាកាសធាតុកំពុងក្ដៅខ្លាំង ដូចបច្ចុប្បន្ន ផ្ទះស្លឹកពិតជាស័ក្ដិសម ក្នុងការរស់នៅបំផុត។
ស្ថិតក្នុងភូមិពោធិ៍អណ្ដោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ផ្ទះដែលមានជញ្ជាំង និងដំបូលធ្វើពីស្លឹកត្នោត ហ៊ុមព័ទ្ធដោយគុម្ពឫស្សី និងដើមឈើហូបផ្លែដទៃទៀតនោះ គឺជាកម្មសិទ្ធរបស់ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ នូ នែ។ ផ្ទះដែលមានទំហំទទឹងជាង៤ម៉ែត្រ និងបណ្ដោយជាង៦ម៉ែត្រនេះ មានអាយុជាង៥០ឆ្នាំមកហើយ នេះបើតាមដូនចាស់វ័យ៧៣ឆ្នាំ នូ នែ។ នៅក្នុងផ្ទះនេះ មិនក្ដៅទេទាំងយប់ និងថ្ងៃ។ វាត្រជាក់ជាងផ្ទះដែក។ បើផ្ទះដែក យើងនៅលើផ្ទះមិនបានទេ។ ផ្ទះខ្ញុំធ្វើយូរហើយ តាំងពីឆ្នាំ១៩៦៦។ ធ្លាប់ជួសជុលសសរដែរ គឺសរសរ៣នោះ តែឥឡូវវាខូចអស់ទៀតទៅហើយ»។
និយាយប្រាប់ខ្ញុំបណ្ដើរ ហើយដៃទាំងពីរហែកផ្លែគទុំបណ្ដើរ ដើម្បីយកសំឡីទុកញាត់ខ្នើយ ដូនដែលមានកូនស្ត្រី២នាក់រូបនេះ ថាជម្រកដែលជួយបាំងកម្ដៅ បាំងភ្លៀងខ្យល់នេះ គឺគាត់ជាអ្នកក្រងស្លឹកទាំងអស់។ ដូនចាស់បន្ថែម ខណៈពេលភ្នែកផ្ដោតទៅលើតែការងារហែកគគាត់បន្តដូច្នេះ៖«ដំបូល និងជញ្ជាំងផ្ទះនេះ ជួសជុលច្រើនដងហើយ។ ស្លឹកខ្ញុំមានច្រើន តែខ្ញុំជួលគេទៅកាប់ឱ្យ ហើយខ្ញុំក្រងខ្លួនឯង»។
ជាអ្នកនៅរក្សាផ្ទះ ដែលមានជញ្ជាំងស្លឹកត្នោត តែដំបូលប្រក់ស័ង្កសី អ្នកស្រី ស៊ុន សាន វ័យ៦៨ឆ្នាំ រស់នៅក្នុងភូមិជាមួយដូនចាស់ នូ នែ ដែរ តែនៅឆ្ងាយពីគ្នាបន្តិច។ អ្នកស្រី អះអាងថាដំបូលប្រក់ស័ង្កសីនេះ ធ្វើឱ្យផ្ទះអ្នកស្រី មានកម្ដៅក្ដៅពិបាករស់នៅ។ ទោះជាយ៉ាងណា ការប្រក់ដំបូលស័ង្កសី ស្ដ្រីមេមាយរូបនេះ ក៏ធ្វើដោយបង្ខំចិត្តដែរ ហើយអ្នកស្រីប្រាប់ពីមូលហេតុដូច្នេះ៖«ខ្ញុំមិនប្រក់ស្លឹក ព្រោះខ្ញុំមិនមានប្រាក់ជួលគេឡើងកាប់ស្លឹក។ វាថ្លៃពេក ប៉ះដើមខ្ពស់គេយក១ម៉ឺន បើដើមទាបៗ១ដើម៥ពាន់រៀល ហើយគេមិនកាប់ឱ្យទៀត។ នៅផ្ទះស្លឹកស្រួលជាង ព្រោះវាមិនក្ដៅ ហើយសុខភាពក៏ល្អដែរ មិនដូចផ្ទះដែកក្ដៅណាស់»។
ស្ថិតនៅក្នុងភូមិដដែល ផ្ទះដែលមានដំបូល និងជញ្ជាំងធ្វើពីស្លឹកត្នោតមួយទៀត នៅចន្លោះផ្ទះរបស់ដូន នូ នែ និង អ្នកស្រី ស៊ុន សាន ជាកម្មសិទ្ធិរបស់ដូនចាស់ ឡុង ហោ ដែលមានអាយុ៧៤ឆ្នាំ។ ផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោមជាងគេនេះ គ្រោងឆ្អឹងធ្វើពីដើមដូង និងដើមត្នោត ត្រូវសត្វល្អិតស៊ីស្ទើរសុសទៅហើយ។ អង្គុយលើកៅអីជ័រពណ៌ខៀវ នៅចំហៀងទីធ្លាខាងលិចផ្ទះ ដែលហ៊ុមព័ទ្ធដោយរបងធ្វើពីធាងដូង ដូនចាស់ដែលជាស្ត្រីមេមាយរូបនេះពន្យល់៖«បើមានភ្ញៀវពន្លឺគេមកសួរនាំអី គេឡើងលើផ្ទះមិនកើតទេ។ អាចឡើងតែខ្ញុំម្នាក់ទេ ព្រោះវាពុក។ ផ្ទះនេះធ្វើតាំងពីឆ្នាំ១៩៩០មក ឥឡូវឆ្នាំ២០២០ហើយ។ គ្រោងឆ្អឹងផ្ទះ មិនដែលជួសសោះ តែឥឡូវពុកអស់ហើយ វាត្រូវរុះចេញ តែខ្ញុំមិនមានលទ្ធភាព។ សល់ឈើត្នោតនៅខ្លឹម១ សល់ប៉ុន្មានពុកអស់ហើយ ព្រោះធ្វើពីដើមដូង»។
ទ្រាំរស់នៅលើលំនៅ ដែលមិនដឹងបាក់ស្រុតនៅថ្ងៃណាទាំងភិតភ័យរាល់ថ្ងៃ ក៏ព្រោះតែដូនចាស់ ដែលមានកូនប្រុសតែម្នាក់ ហើយបែកគ្រួសារទៅរស់នៅឆ្ងាយនោះ ត្អូញត្អែរថា ព្រោះតែមិនមានប្រាក់ធ្វើផ្ទះថ្មី។ ចិត្តស្រឡាញ់ផ្ទះស្លឹក ប៉ុន្តែដោយសារភាពឯកោ គ្មានទីពឹងពំនាក់ ដូនចាស់ថា បើពិតជាមានឱកាសបានផ្ទះថ្មីមែន ដូនចង់ប្រក់ស័ង្កសី៖«បើមានប្រាក់ ខ្ញុំរុះចេញបាត់ទៅហើយ។ ខ្ញុំរកគេឱ្យជួយឡើងទៅប្រក់ដំបូលឱ្យ តែមិនដឹងថាមានអ្នកឡើង ឬក៏អត់ទេ។ ខ្ញុំរកយាយខាងណេះជួយដេរស្លឹកឱ្យ ព្រោះខ្ញុំអង្គុយមិនកើត។ ខ្ញុំមិនចង់បានផ្ទះអ្វីធំដុំទេ បើសិនជាមានប្រាក់ ខ្ញុំធ្វើតែ៥ម៉ែត្រទៅបានហើយ ហើយខ្ញុំចង់បានផ្ទះបែបនេះ។ តែខ្ញុំចាស់ហើយ ខ្ញុំចង់ប្រក់ដែក កុំឱ្យពិបាកជួសជុល»។
កុំថាឡើយមានប្រាក់ធ្វើផ្ទះថ្មី សូម្បីប្រាក់ដើម្បីផ្គត់ផ្ដង់អាហារប្រចាំថ្ងៃ ក៏ពេលខ្លះដូនចាស់ ដែលទីពឹងដំណាំបន្តិចបន្តួច ដាំនៅជិតផ្ទះរូបនេះ ខ្វះខាតដែរ៖«ខ្ញុំមានមុខរបរតែចេក ឥឡូវវាងាប់អស់រលីង ដូងក៏ងាប់។ លក់ដំណាំទាំងនេះ ម្ដងបាន១ម៉ឺនរៀល ឬ២ម៉ឺនរៀល ហើយស្លឹកចេក បាន៥ពាន់រៀល ក៏ទុកចាយទៅ។ បើមិនមានអ្វីលក់កូនក្មួយឱ្យសម្ល ឱ្យត្រី។ កូនផ្ដល់ប្រាក់បាន៤ ឬ៥ម៉ឺនរៀល តាមគេមាន។ ជួនកាល២ ទៅ៣ខែអ៊ីចឹងទៅ គ្នាក៏មិនមានដែរ»។
ត្រឡប់មកដូន នូ នែ វិញ។ មានដំណើរជីវិត និងជីវភាព មិនខុសគ្នាប៉ុន្មានពីស្ត្រីចំណាស់ទាំងពីរខាងលើដែរ ដូនដែលជាស្ត្រីមេមាយរស់នៅជាមួយកូនស្រីម្នាក់ និងចៅ២នាក់រូបនេះ មានគម្រោងធ្វើផ្ទះថ្មីជាច្រើនលើកមកហើយ ប៉ុន្តែចេះតែអាក់ខាន់។ «ខ្ញុំថាធ្វើផ្ទះ តែចេះតែមិនបានធ្វើ ព្រោះអត់ប្រាក់។ ណាមួយចៅឈឺ ខ្លួនខ្ញុំក៏ឈឺដែរ ទៅមើលពេទ្យស្វាយរៀង ហើយចៅទៅមើលពេទ្យជប៉ុន។ បើផ្ទះនេះរុះ ខ្ញុំមិនអាល័យវាទេ គេធ្វើថ្មីទៀតក៏ធ្វើទៅ។ រុះពីផ្ទះធំ មកធ្វើផ្ទះតូចនេះ ខ្ញុំមិននឹកអាធំផង តុទូពេញផ្ទះ ព្រោះដេកតែមួយកន្លែងដូចតែគ្នាហ្នឹង»។
មុខបែរទៅក្រោយ ឆ្ពោះទៅទីតាំងដែលចៅប្រុសស្រី កំពុងអង្គុយលេងលើគ្រែក្រោមផ្ទះ ស្ត្រីពាក់អាវពណ៌ត្រួយចេកខ្ចី សក់ស មុខជ្រួញដោយអន្លើរូបនេះ ប្រាប់ពីគម្រោងធ្វើផ្ទះថ្មី៖«ធ្វើផ្ទះថ្មក៏នៅបាន ផ្ទះស្លឹកក៏នៅបាន។ បើធ្វើផ្ទះស្លឹកនៅជាប់នឹងដីបែបនេះ ខ្ញុំចង់បាន តែកូនមិនចង់បានទេ។ ចិត្តរបស់ខ្ញុំក៏នៅតែចង់ធ្វើផ្ទះស្លឹក»។
មានកូន៧នាក់ ស្រី៣ប្រុស៣ ដោយបែកគ្រួសារទៅនៅឆ្ងាយៗអស់ ហើយកូនម្នាក់បានស្លាប់ អ្នកស្រី ស៊ុន សាន ដែលរស់នៅតែម្នាក់ឯងនោះ ប្រាប់ពីស្ថានភាពផ្ទះរបស់គាត់នៅពេលមានភ្លៀងខ្យល់ម្ដងៗ ដោយហាក់សប្បាយក្នុងភាពភ័យខ្លាចដែលបានកន្លងផុតទៅហើយនោះ៖«ខ្យល់ម្ដងៗវេទនាណាស់ ផ្ទះដូចយោលទោង។ ដូចយោលទោងមែន បើខ្យល់មកពីត្បូង ខ្ញុំមកអង្គុយនៅកាំជណ្ដើរ។ ពេលយប់ខ្លាចវារលំ សង្កត់មនុស្ស វាពិបាក។ ថ្ងៃមុនខ្ញុំថា វាដួលបាត់ទៅហើយ បើវៃដែកគោលមួយៗហ្នឹង»។
អង្គុយក្រងស្លឹកត្នោត ឱ្យដូនចាស់ ឡុង ហោ ដើម្បីជួសជុលដំបូលផ្ទះ អ្នកស្រី ស៊ុន សាន ថាបើទោះបីជាដំបូលស័ង្កសីក្ដៅ ក៏ពិតមែន តែអ្នកស្រីនៅតែជ្រើសរើសយកវា។ ស្ត្រីពាក់អាវផ្កាពណ៌ចម្រុះស្រស់ឆើត ដែលមានសក់ខ្មៅខ្លី រួញអង្គាដីរូបនេះ ពន្យល់បន្ថែម៖«បើខ្ញុំធ្វើផ្ទះថ្មី ខ្ញុំឱ្យគេប្រក់ស័ង្កសី ព្រោះវាជាប់។ វាក្ដៅ យើងចងអង្រឹងដេកក្រោមផ្ទះបាន ដល់យប់ត្រជាក់យើងដេកលើផ្ទះទៅ»។
បើទោះបីមិនមានការស្រាវជ្រាវជាក់លាក់ណាមួយ ស្ដីពីចំនួនផ្ទះស្លឹកក៏ដោយ ក៏គេអាចសម្គាល់បានថា វានៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះ តាមរយៈការសង្កេតមើលជាក់ស្ដែងនៅតាមភូមិស្រុកនានា ឬនៅក្នុងភូមិកំណើតរបស់ខ្លួន។ ចំនួនដែលនៅសល់តិចតួចនេះ ទំនងមកពីចរន្តសង្គម ហើយក៏អាចមានចំណែក នៃគុណវិបត្តិរបស់ផ្ទះបែបសាមញ្ញ របៀបស្រុកស្រែនេះខ្លះៗដូចជា ជញ្ជាំង និងដំបូលងាយពុកផុយដោយសារទឹកភ្លៀង ដូច្នេះត្រូវជួសជុលញឹកញាប់ និងអាចប្រឈមនឹងអសន្តិសុខខ្ពស់ ជាដើម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

