
លោក សោម ស៊ីថា បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះថា៖«ការលែងទៅវាមានការប្រឈមច្រើនសម្រាប់កូន ភាគច្រើនយើងលែងកូនហ្នឹងទៅ វាត្រូវបានស៊ីដោយត្រីធំៗ។ យើងអត់មានជម្រើសទេ ដោយសារតែការចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលកន្លងមក អត់មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការចិញ្ចឹម ដោយយើងត្រូវចំណាយច្រើន។ ដល់អ៊ីចឹងកូនភាគច្រើនលូតលាស់អត់សូវបានល្អ។ យើងក៏សម្រេចចិត្តថាពេលវាញាស់បានយើងយកវិញទៅលែង»។
បើតាមលោក សោម ស៊ីថា ការលែងសត្វកន្ធាយក្បាលកង្កែបដែលអង្គការយកមកចិញ្ចឹមទើបវាមានលទ្ធភាពអាចបន្តជីវិតបានយូរជាងការទុកវាឲ្យរស់នៅដោយឯកឯងនៅដែនជម្រកធម្មជាតិ បើកាលណាគ្មានករណីការប្រមូលពង និងកូនកន្ធាយក្បាលកង្កែបយកទៅលក់នៅទីផ្សារ។
ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)រូបនេះបន្តរៀបរាប់ដូច្នេះថា៖«ធាតុពិតរបស់សត្វ បើសិនជាគ្មានការគម្រាមកំហែងពីការអ្នកនេសាទខុសច្បាប់ ឬចាប់យកទៅលក់។ ជាទូទៅយើងទុកឲ្យកូនវាញាស់មក ឲ្យវាចូលទឹកក្នុងធម្មជាតិ គឺវាល្អ។ ដល់សព្វថ្ងៃនេះយើងមានកត្តាគំរាមកំហែងច្រើន អ៊ីចឹងយើងក៏មានកម្រោងអភិរក្ស ដើម្បីយកមកចិញ្ចឹម ដោយវាអាចមានអត្រារស់បានដល់១០០ភាគរយ។ អ៊ីចឹងយើងអាចកាត់បន្ថយអត្រាស្លាប់បានច្រើន»។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សអណ្តើងហ្លួងនៃអង្គការWCS រួមទាំងសហគមន៍កំពុងតែប្រមូលពងកន្ធាយក្បាលកង្កែប
បើតាមលោក សោម ស៊ីថា ក្រៅពីមានអង្គការ WCS ដែលចូលរួមក្នុងកិច្ចការការពារ និងអភិរក្សសត្វកន្ធាយក្បាលកង្កែបនេះ ក៏មានការចូលរួមពីសហគមន៍ដែលរស់នៅតាមតំបន់ដែនជម្រកសត្វព្រៃផងដែរ។ លោក ប្រាប់ដូច្នេះថា៖«យើងមានក្រុមការពារកន្ធាយក្បាលកង្កែប គឺយើងមានការចូលរួមពីសហគមន៍ផ្ទាល់ និងក្រុមបច្ចេកទេសមកពីមន្ត្រីសមភាគីពីរដ្ឋបាលជលផល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យើងឲ្យសហគមន៍ដើររកសំបុក និងការពារសំបុក»។
លោក សោម ស៊ីថា បន្តថា អង្គការបានណែនាំដល់អ្នកដែលធ្លាប់តែប្រមូលពងកូនកន្ធាយក្បាលកង្កែបលក់ និងបានផ្តល់ឱកាសឲ្យពួកគេមកចូលរួមសកម្មភាពអភិរក្សវិញ។ «យើងមានប្រាក់ឧបត្ថម្ភដល់ពួកគាត់។ បើសិនជាគាត់បន្តលក់គឺគាត់ចូលបានចំណូលច្រើន។ ប្រជាជនគាត់ស្ម័គ្រចិត្តចូលរួមការពារវិញ។ យើងអបអរសាទរនឹងទឹកចិត្តរបស់គាត់ក្នុងការចូលរួមអភិរក្ស»។ នេះបើតាមការបញ្ជាក់ពីលោក ស៊ីថា ដែលបន្តថាក្រោយពីមានការចូលរួមអភិរក្សពីសហគមន៍ក្នុងរយៈពេលមួយឆ្នាំចុងក្រោយកន្លងទៅ កម្រិតនៃការគំរាមកំហែងមានការថមថយជាងមុន។
ដើមឡើយពោលគឺនៅឆ្នាំ២០០៧ អង្គការWCS មានកម្មវិធីប្រមូលកូនកន្ធាយដែលអង្គការប្រទះឃើញនៅដែនជម្រកធម្មជាតិ យកមកចិញ្ចឹមឲ្យវាធំធាត់ដល់អាយុ៣ ទៅ៥ឆ្នាំ ទើបយកវាទៅលែងនៅទីជម្រករបស់វាវិញ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៧មក អង្គការខ្វះលទ្ធភាពដើម្បីរៀបចំកន្លែងចិញ្ចឹម ទើបតម្រូវឲ្យអង្គការចិញ្ចឹមកន្ធាយក្បាលកង្កែបត្រឹមតែ៣ ទៅ៤សប្តាហ៍ ទម្រាំវាអាចរឹងដៃ រឹងជើង ទើបយកទៅលែងនៅជម្រករបស់វាវិញ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

