ដើមឆ្នាំ​២០២០ កម្ពុជា រកចំណូលបាន​ជាង​១០​លាន​ដុល្លារ ថយចុះ​១៤​ភាគរយ ពី​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ នៅ​ខែមករា ឆ្នាំ​២០២០​នេះ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​ជាង​១០​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំណូល​នេះ មានការ​ធ្លាក់ចុះ​១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​នៅ​ថ្ងៃទី​១ កុម្ភៈ​។​

 
​គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​អង្គរ​នៅ​ខែមករា មាន​ចំនួន​២២២,៥៦១​នាក់ ដោយ​ថយចុះ ១៧.៨៩​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។  ដោយឡែក​ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន ១០,៥៤៧,៣៣២​ដុល្លារ​អាមេរិក​នេះ ក៏មាន​ការថយចុះ ១៤.៨១​ភាគរយ​ដែរ បើ​ធៀប​នឹង​ខែមករា ឆ្នាំមុន​។​
​បើតាម​គ្រឹះស្ថាន​អង្គរ ទឹកប្រាក់​ជាង​៤៤៥, ១២២​ដុល្លារ ត្រូវបាន​ឧបត្ថម្ភ​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ខែម​ករានេះ​។​
 
​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​បរទេស ចំនួន​ប្រមាណ ៦.៧​លាន​នាក់ នៅក្នុង​ឆ្នាំ​២០១៩​។ តួលេខ​នេះ កើន​៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​៦.២ លាន​នាក់​។​ក្នុងនោះ​ទេសចរ​ចិន ឈរ​នៅ​លេខ​រៀង​ទី​១ គឺ​ប្រមាណ ២.៥​លាន​នាក់​។​នេះ​បើតាម​លោក តុ​ប សុភ័គ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​។​
 
​គួរ​បញ្ជាក់ថា រមណីយដ្ឋាន​អង្គរ​រកចំណូលបាន ៩៩,០៨៨,៨៩៤​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង​២,២​លាន​នាក់ ដែល​បានមក​ទស្សនា​តំបន់​អង្គរវត្ត នៅ​ឆ្នាំ​២០១៩ កន្លងមកនេះ  ។ ប្រាក់ចំណូល​នេះ ថយចុះ ១៤,៨៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​ថ្ងៃទី ១​មករា ឆ្នាំ​២០២០​កន្លងមក​៕
 

ព័ត៌មានទាក់ទង