សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​មួយក្រុម បង្កើត​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ ក្រុម​យុវ​សិស្ស​ព្រះស៊ីសុវត្ថិ​ចំនួន​១០​នាក់ បាន​ផ្តួចផ្តើម​គ្នា​បង្កើត​យុទ្ធនាការ កាត់បន្ថយ​ការប្រើប្រាស់​បា្ល​ស្ទិ​ក​នៅក្នុង​វិទ្យាល័យ ។ យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សិស្ស លោកគ្រូ​-​អ្នកគ្រូ និង​អ្នកលក់ដូរ ឯកភាពគ្នា ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ជំរុញ​ឲ្យ​សាលា​ក្លាយជា​សាលា​ស្អាត និង​ឆ្នើម​។

 
​ពេល​ចូល​ទៅដល់​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សិស្សានុសិស្ស​ខ្លះ ក៏បាន​អនុវត្ត​គោលការណ៍​នេះ​បានល្អ​រួចហើយ ឯ​ខ្លះទៀត​នៅ​មិនទាន់​អនុវត្តបាន​នៅឡើយ​។ ហេតុតែ​មិនទាន់​អនុវត្តបាន ក៏​ព្រោះតែ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ទើបតែ​បង្កើតឡើង​ត្រឹម​រយៈពេល​២​ខែ​កន្លងទៅ​តែប៉ុណ្ណោះ ។​យុទ្ធនាការ​នេះ នឹងត្រូវ​អនុវត្ត​ឲ្យ​ដល់​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត ដើម្បី​ធានាបាន​ថា​សាលារៀន ពោរពេញ​ទៅដោយ​បរិស្ថាន​ល្អ និង​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​សាលា​។ 
 
​យុវ​សិស្ស ប៉ុល រតន​វិសាល ជា​សិស្ស​ថ្នាក់​ទី​១១ ដែល​រៀន​វេន​ទី​ពីរ និង​ជា​អ្នកដឹកនាំ​ក្រុម​យុវ​សិស្ស​ព្រះស៊ីសុវត្ថិ​ស្អាត​ស្ម័គ្រចិត្ត ដែលមាន​គ្នា​៩​នាក់​ទៀត បាន​បញ្ជាក់ថា សិស្ស​ភាគច្រើន​បាន​អនុវត្ត​ដោយ​យក​ដប​ទឹក​ផ្ទាល់ខ្លួន និង​ប្រើប្រាស់​ចានស្រាក់​សម្រាប់​ខ្ចប់​អាហារ​បានល្អ​ហើយ លើកលែងតែ​សិស្ស​ដែល​រៀន​វេន​ទីមួយ ដែល​មិនទាន់​អនុវត្តបាន​ឲ្យ​ល្អ​នៅឡើយ​ទេ​។ បើតាម​យុវ​សិស្ស​រូបនេះ មូលហេតុ​ដែល​សិស្ស មិនទាន់​អនុវត្តបាន​ត្រឹមត្រូវ ដោយសារតែ​កម្មវិធីសិក្សា​របស់​វេន​មួយ មិនទាន់មាន​អ្នកគ្រប់គ្រង និង​ណែនាំ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ​។  
 
​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក នៅក្នុង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ត្រូវបាន​យុវ​សិស្ស​ចំនួន​១០​នាក់ បង្កើតឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​ការសហការ​ពី​គណៈ​គ្រប់គ្រង​សាលា​។ រតន​វិសាល បាន​និយាយ​ដូច្នេះ​ថា​៖«​សិស្ស​បាន​អនុវត្ត​គោលការណ៍​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​សាលា បាន​៦០​ភាគរយ​ហើយ​។ នៅមាន​អ្នកខ្លះ​នៅ​ប្រើ​ប្លា​ស្ទិ​កទៀត ដោយ​គាត់​មិនទាន់​ភ្ញាក់រលឹក​។ ចំណែក​អ្នកលក់ដូរ បាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​បានតែ​៤០​ភាគរយ​តែប៉ុណ្ណោះ ព្រោះ​អ្នកលក់ដូរ​ភាគច្រើន គាត់​មាន​អាយុ​ចាស់​ជាង​ខ្ញុំ​។ អ៊ីចឹង​ខ្ញុំ​និយាយ​អី គាត់​មិនសូវ​ស្តាប់​ប៉ុន្មាន​ទេ​»​។ 


ទិដ្ឋភាព​ក្រុម​សិស្សានុសិស្សនៅ​ក្នុង​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ កំពុង​តែ​រង់ចាំ​ទិញ​​ភេសជ្ជៈ​ដែល​ចុះ​តម្លៃ​ ដោយ​គ្រាន់តែ​យក​ដប​ទឹក​​​ផ្ទាល់​ខ្លួន
 
​បើតាម យុវ​សិស្ស រតន​វិសាល ខាង​ក្រុម​យុវ​សិស្ស​ព្រះស៊ីសុវត្ថិ​ស្អាត ក៏​នឹង​សហការ​ជាមួយនឹង​យុវជន​កាយ​រិ​ទ្ធិ និង​បង្កើន​យុវជន​ស្ម័គ្រចិត្ត​បន្ថែមទៀត​សម្រាប់​ឃ្លាំមើល និង​ពង្រឹង​ការណែនាំ​ដល់​សិស្ស​ឲ្យ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​បន្ថែមទៀត ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន​។ ជាពិសេស​ឲ្យ​សាលា​ក្លាយជា​សាលា​ឆ្នើម​ដែល​មិនមាន​ប្លា​ស្ទិ​ក​។ យុវ​សិស្ស រតន​វិសាល បាន​លើកឡើងថា ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​បា្ល​ស្ទិ​ក​នៅក្នុង​សាលា សិស្ស​ណា​ដែល​មិន​គោរព​តាម​ការណែនាំ អំពី​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ខាង​សាលា​ក៏មាន​ការពិន័យ ឲ្យ​សិស្ស​រើស​សំរាម​នៅក្នុង​សាលា និង​បោស​សំរាម​ក្នុង​ថ្នាក់​ទៀតផង​។ ចំណែក​អ្នកលក់ដូរ ក៏​នឹងត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​។ បើ​អ្នកលក់​នៅតែ​មិន​អនុវត្ត​ទៀត សាលា​ក៏​នឹងមាន​វិធានការ​បញ្ឈប់​ឲ្យ​អាជីវករ​លក់ដូរ​តែម្តង​។ 
 
​ទើបតែ​ទទួលបាន​ពានរង្វាន់​ផ្ការំដួល​មួយទង ពី​ការប្រកួត​សាលា​ស្អាត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​តំណាង​ឲ្យ​សាលា​សា្អ​ត​ជាងគេ និង​ឆ្នើម​ជាងគេ យុវ​សិស្ស រតន​វិសាល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង​អនុវត្ត​គោលការណ៍​ដោយ​ឲ្យ​សិស្ស​ដែល​ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​សាលា រើស​សំរាម​នៅតាម​ថ្នាក់រៀន វា​ប្រសើរ​ជាង​ពិន័យ​ពួកគាត់​ជា​ទឹកប្រាក់​។ បើ​យើង​ពិន័យ​គាត់​ជា​ទឹកប្រាក់ គាត់​នឹង​អាង​ថា​គាត់​មាន​លុយ  ហើយ​គាត់​នៅតែ​ហ៊ាន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដដែល​ហ្នឹង​។ មាន​សិស្ស​ភាគច្រើន​ទៀត ដែល​មិនទាន់បាន​អនុវត្ត ហើយ​យើង​នៅតែ​បន្ត​ណែនាំ​ពួកគាត់​បន្ថែមទៀត នៅតាម​ថ្នាក់រៀន​ផងដែរ​»​។​


យុវសិស្ស ប៉ុល រតនវិសាល ជាសិស្សនៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ និងជាអ្នក​ដឹក​នាំ​ក្រុម​យុវសិស្ស​ប្រមាណ​១០​នាក់​ទៀត បង្កើត​យុទ្ធ​នាការ​ កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក នៅ​ក្នុង​សាលា​​
 
​នៅក្រោម​ដើមឈើ​ក្រោយ​អាគារ​សិក្សា ដែលមាន​កុមារ​មួយក្រុម​កំពុងតែ​រៀប​ប្រអប់​បាយ​ជ័រ​ដែល​ឪពុកម្តាយ​បានរៀបចំ​ពី​ផ្ទះ សម្រាប់​ទុក​ពិសារ​អាហារ​ថ្ងៃត្រង់​មុនពេល​ចូលរៀន​នោះ វា​ជា​កន្លែង​ដែល​សិស្សានុសិស្ស​តែងតែ​អង្គុយ​ជុំគ្នា​រំលឹក​មេរៀន និង​បរិភោគ​នំចំណី​ជាដើម​។ រតន​វិសាល បាន​ប្រាប់ថា បន្ទាប់ពី​សិស្សានុសិស្ស​បរិភោគ​អាហារ​រួច សិស្សានុសិស្ស​ទាំងអស់​អា​ចមក​ច្រក​ទឹក​ទៅតាម​ធុង​ចម្រោះ​ទឹក ដែល​មាននៅ​ពីមុខ​ថ្នាក់រៀន​ផងដែរ​។ យុវ​សិស្ស រតន​វិសាល បាន​និយាយថា​៖«​មុននឹង​ពួកគាត់​អាច​ច្រក​ទឹក​ហ្នឹង​បាន ទាល់តែ​ឲ្យ​គាត់​បង់លុយ ដើម្បី​បាន​កាត​ទុក​ស្កែ​ន ទើប​អាច​ឲ្យ​គាត់​យក​ទឹក​ផឹក​បាន​ដោយ​គ្រប់ពេល​»​។ 
 
​ដៃ​កំពុងកាន់​ដប​ទឹក​ផង​នោះ យុវ​សិស្ស រតន​វិសាល ដែល​រៀន​នៅ​ថ្នាក់​ទី​១១ បាន​និយាយថា សមាជិក​របស់ខ្លួន​គឺ​សុទ្ធតែជា​សិស្ស​ថា្នក់​ទី​១០ និង​ទី​១១ ទាំងអស់ ហើយ​ជា​ឆ្នាំ​ដែល​រវល់​នឹង​ការសិក្សា​ខ្លាំង ជាហេតុ​នាំ​ឲ្យ​ពួកគេ​រឹតតែ​គ្មាន​ពេល​គ្រប់គ្រាន់ សម្រាប់​អនុវត្ត​យុទ្ធនាការ​នេះឡើយ​។ ថ្វី​ដ្បិត​យុទ្ធនាការ​នេះ​ទើបតែ​បង្កើតឡើង តែ​យុវ​សិស្ស​ទាំង​១០​នាក់​នេះ នឹង​បេ្ត​ជា្ញ​ចិត្ត​ធ្វើយ៉ាងណា ប្រមូល​យុវ​សិស្ស​ស្ម័គ្រចិត្ត​ដែល​រៀន​នៅ​ថ្នាក់​ទី​៩ និង​ទី​១០​ប្រមាណ​២០​នាក់​ទៀត មក​បន្តការងារ​មួយ​នេះ ដើម្បី​ឲ្យ​សាលា​មាន​បរិស្ថាន​ល្អ​។ 
 
​នៅ​ឆ្នាំ​២០២១ ជា​ឆ្នាំ​ចុងក្រោយ​ដែល​យុវ​សិស្ស​ទាំង​១០​នាក់ សិក្សា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ រតន​វិសាល​បាន​និយាយថា ក្រោយពី​បញ្ចប់​ការសិក្សា​ជា​សិស្ស​វិទ្យាល័យ ក្រុម​យុវ​សិស្ស​របស់ខ្លួន នឹង​នៅតែ​បន្តការងារ​នេះ​ឲ្យ​បានល្អ ដើម្បី​ជួយ​ឲ្យ​សាលា​ប្រកបដោយ​ផាសុកភាព​។ យុវ​សិស្ស រតន​វិសាល ប្រាប់ថា​៖«​ខ្ញុំ​រំពឹងទុក​ថា អ្នកដឹកនាំ​ជំនាន់​ក្រោយៗ​ទៀត នឹង​អាច​ផ្លាស់ប្តូរ​ឲ្យ​សាលា​មាន​បរិស្ថាន​ល្អ ដែល​នឹង​មិនមាន​ប្លា​ស្ទិ​ក​នៅក្នុង​សាលា​។ នៅពេលដែល​ខ្ញុំ​បាន​លទ្ធផល​ច្រើន​ហើយ ខ្ញុំ​នឹង​អាច​បង្ហាញ​លទ្ធផល​ហ្នឹង ទៅសុំ​ជាការ​ឧបត្ថម្ភ​ពី​បណ្តា​ស្ថាប័ន​នានា ឲ្យ​មកជួយ​សាលា ដើម្បី​អនុវត្ត​គម្រោង​ផ្សេងៗ​ទៀត​»៕ 
 
Relate
 


យុវសិស្ស​ចំនួន​​៣​នាក់ កំពុង​តែ​​អង្គុយ​ហូប​បាយប្រអប់​ដែល​ឪពុក​ម្តាយ​បាន​រៀបចំ​ឲ្យ នៅ​ក្រោម​ម្លប់​ដើម​ឈើ ក្នុង​វិទ្យាល័យព្រះស៊ីសុវត្ថិ


សកម្មភាព​សិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅពេល​ម៉ោង​ចេញ​លេង

ព័ត៌មានទាក់ទង