កសិករ កែវ សុភី ដាំដំណាំដោយប្រើជីគីមីខាត៦ឆ្នាំ ទើបងាកមកប្រើជីធម្មជាតិវិញ
ភ្នំពេញ៖ រយៈពេល៦ឆ្នាំដែលកសិករ កែវ សុភី បានប្រកបរបរដាំដំណាំកសិផលដោយប្រើប្រាស់ថ្នាំគីមី បានត្រឹមតែរួចខ្លួន និងឆ្នាំខ្លះខាតប្រាក់ជាច្រើន ដោយចំណាយលើថ្លៃទិញជីគីមី។
ក្រៅពីខាតប្រាក់ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព និងគុណភាពដីដុះដំណាំរបស់អ្នកស្រី កាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំ២០១៦ អ្នកស្រី សុភី បានងាកមកផលិតជីធម្មជាតិដោយខ្លួនឯង ជំនួសឲ្យការប្រើប្រាស់ជីគីមីបានស្ទើរទាំងស្រុង។ ការប្រើជីធម្មជាតិនេះ បានធ្វើឲ្យកសិកររស់នៅខេត្តសៀមរាបរូបនេះ ចំណេញដល់ទៅ៨០ភាគរយនៃការចំណាយលើថ្លៃជីគីមីសម្រាប់ដំណាំរាប់ហិកតារបស់អ្នកស្រី បើទោះជាមិនទាន់ទទួលបានផលចំណេញក៏ដោយ។

អ្នកស្រី កែវ សុភី ជាកសិកររស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើកសិកម្មដោយប្រើជីនិងថ្នាំពុលគីមីតាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០១៦ គឺមានរយៈពេល៦ឆ្នាំមកហើយ។ កសិកររូបនេះបានរៀបរាប់ថា រយៈពេល៦ឆ្នាំដែលប្រើគីមី មិនទទួលបានប្រាក់ចំណេញឡើង ពោលគឺបានត្រឹមតែរួចខ្លួន និងឆ្នាំខ្លះខាតបង់លុយកាក់ជាច្រើន ហើយប៉ះពាល់សុខភាព និងខូចគុណភាពដី រីឯទិន្នផលកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធ្លាក់ចុះ។ អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖«ចាប់តាំងពីប្រើជីគីមីមក ខាតបង់រាល់ឆ្នាំ ប្រើកាន់តែខ្លាំង ខាតកាន់តែខ្លាំង!»។
ដោយមើលឃើញពីផលប៉ះពាល់ និងខាតបង់បែបនេះ កសិករ កែវ សុភី បានងាកមកប្រើប្រាស់ជីនិងថ្នាំពុលធម្មជាតិ នៅអំឡុងឆ្នាំ២០១៦ ក្នុងគោលបំណងស្តាគុណភាពដី និងចង់បានសុខភាពល្អ ជាពិសេស គឺកាត់បន្ថយការចំណាយថ្លៃទិញជី។
ក្រោយត្រឡប់មកប្រើជីធម្មជាតិដែលអ្នកស្រីផលិតដោយខ្លួនឯង អស់រយៈពេល៤ឆ្នាំមកហើយនោះ គឺ អ្នកស្រី សុភី អាចកាត់បន្ថយចំណាយថ្លៃទិញជីគីមីរហូតដល់ទៅ៨០ភាគរយ លើដំណាំស្រូវ៥ហិកតា និងស្វាយជាង១ពាន់ដើម ព្រមទាំងបន្លែបង្ការមួយចំនួនទៀតរបស់អ្នកស្រី។ កសិកររស់នៅឃុំត្បែង ស្រុកបន្ទាយស្រី រូបនេះ បញ្ជាក់ថា ទោះបីមិនទាន់ទទួលបានទិន្នផលច្រើន តែក៏មិនបារម្ភខ្លាចខាត ព្រោះប្រើជីធម្មជាតិចំណាយតិច។ អ្នកស្រី កែវ សុភី នៅតែបន្តប្រកបមុខរបរកសិកម្មដែលដាំដុះដោយប្រើជីធម្មជាតិជានិច្ច៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com