សុធីរ ប្រាប់ សំណាង រឿង​«​មន្ត្រី​» ឬ​«​បុគ្គលិក​»​សត្វ​ព្រាប និង​សត្វ​ដង្កូវ​!

30/11/-0001 12:00 am ភ្នំពេញ

​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ សំណាង និង សុធីរ មិន​ជជែក​គ្នា​ពី​រឿង កូ​រ៉ូ​ណា វីរុស ទៀតឡើយ​។ តែ​ពួកគេ​ទាំងពីរ​នាក់​បែរជា​មក​និយាយ​រឿង​មន្ត្រី​មិនល្អ បុគ្គលិក​មិនល្អ​ម្តងវិញ​។ សម្រាប់​សុធីរ បុគ្គលិក ឬ​មន្ត្រី​មិនល្អ ប្រៀប​ដូច​សត្វ​ដង្កូវ រីឯ បុគ្គលិក ឬ​មន្ត្រី​ល្អ ប្រៀប​ដូច​សត្វ​ព្រាប​។
 
​សំណាង​៖ អា សុធីរ​!​។ អី​គេ​អ្ហា​? មន្ត្រី ឬ​បុគ្គលិក​សត្វ​ព្រាប និង​មន្ត្រី ឬ​បុគ្គលិក​សត្វ​ដង្កូវ​នោះ​? 
 
​សុធីរ​៖ អា សំណាង​។ អ្ហែង​អត់​យល់​មែន​ក៏​អី​? 
 
​សំណាង​៖ បើ​អញ​យល់ អញ​ចាំបាច់​សួរ​អ្ហែង​ធ្វើ​អី​នាំ​ខាត​ពេល​។ 
 
​សុធីរ​៖ អើ បើ​អ្ហែង​អត់​យល់ អញ​បកស្រាយ​ឲ្យ​ស្តាប់​ខ្លះ​។ មន្ត្រី ឬ​បុគ្គលិក​ព្រាប ឬ​សត្វ​ព្រាប គឺជា​មន្ត្រី ឬ​បុគ្គលិក​ដែល​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម អំណត់ អត់ធ្មត់ សំភី និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការងារ​។ លើសពីនេះទៅទៀត គឺជា​មន្ត្រី ឬ​បុគ្គលិក​ដែល​ស្រឡាញ់​សុខដុមរមនា ស្រឡាញ់​មិត្តភាព ស្រឡាញ់​ស្ថាប័ន ចង់​ឲ្យ​ស្ថាប័ន​រីកចម្រើន​។​ល​។ សត្វ​ព្រាប គឺ​តំណាង​ឲ្យ​សន្តិភាព ស្លូត មិនចេះ​រករឿង​គេ នាំសារ​ពិតៗ​។ 
 
​សំណាង​៖ ចុះ​មន្ត្រី ឬ​បុគ្គលិក​ដង្កូវ​មានន័យ​ម៉េច​? 
 
​សុធីរ​៖ ប្រ​ញ៉ាប់​កាត់​អញ​ម្ល៉េះ​? អញ​កំពុងតែ​និយាយប្រាប់​ហ្នឹង​តើ​។ មន្ត្រី​ឬ​បុគ្គលិក​ដង្កូវ ភាគច្រើន គឺជា​មន្ត្រី ឬ​បុគ្គលិក​អត់​ប្រយោជន៍ ចូលចិត្ត​ចាក់រុក​ឲ្យ​គេ​ឈ្លោះ​គ្នា​ក្នុង​ស្ថាប័ន ចូលចិត្ត​ចាក់​បំបែក​ក្រុមការងារ ខ្ជិល​ធ្វើការ ចូលចិត្ត​រាយការណ៍​ព័ត៌មាន​ខុសៗ ចាក់​ចូ​ច​គ្រប់​រឿង ក្នុងន័យ​តែ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​។ 
 
​សំណាង​៖ មន្ត្រី ឬ​បុគ្គលិក​ប្រភេទ​ទី​២​នេះ មាន​ច្រើន​ឬទេ អា សុធីរ​? 
 
​សុធីរ​៖ អូ​ហ៍​! មាននៅ​គ្រប់​ប្រទេស​ទាំង​ក្នុង​ស្ថាប័នឯកជន និង​ស្ថាប័នរដ្ឋ​។ ក្នុង​ស្ថាប័ន​នីមួយៗ វា​អាចមាន​មន្ត្រី ឬ​បុគ្គលិក​ប្រភេទ​នេះ​ច្រើន​គួរសម​ដែរ​។ មិន​ច្រើនពេក​ទេ តែ​ច្រើន​ដែរ​ណា៎​!​។ អញ​ប្រាប់​អ្ហែង​ឲ្យ​ច្បាស់​ថា មន្ត្រី ឬ​បុគ្គលិក​ប្រភេទ​នេះ គ្រោះថ្នាក់​សម្រាប់​ស្ថាប័ន​ណាស់​។ វា​អត់​ធ្វើ​អ្វី​ទេ​មួយថ្ងៃៗ​។ វា​គិតតែ​ពី​ចាក់រុក​គ្រប់​រឿង​។ វា​ចាក់​បំបែក​គ្រប់​រឿង​។  
 
​សំណាង​៖ បើ​មាន​ចំនួន​ច្រើន​ដែរ​។ អ៊ីចឹង​វា​មិន​វីវរ​ហើយ​សម្រាប់​ស្ថាប័ន​? អ៊ីចឹង​ធ្វើ​ម៉េច​ទៅ​អា សុធីរ​? 
 
​សុធីរ​៖ វិធានការណ៍​កាត់បន្ថយ​ឥទ្ធិពល​បុគ្គលិក​ដង្កូវ គឺមាន​តែ​លោក​ប្រធាន​ទេ​។ លោក «​មេ​»​ត្រូវតែ​ចេះ​មើល​មនុស្ស​។ មនុស្ស​ខ្លះ​ខូច តែ​ពូកែ​យកចិត្ត ចាក់​ចូ​ច​គេ​ឲ្យ​ឈ្លោះ​គ្នា​ដើម្បី​ប្រយោជន៍​ខ្លួនឯង​។ សរុប​មកវិញ មានតែ​លោក​«​មេ​»​ទេ ដែល​អាច​ដោះស្រាយបាន ហើយ​លោក​«​មេ​»​ទៀតសោត មិនត្រូវ​«​ត្រចៀកស​»​ឡើយ​។ ពោល គឺ​ចៀសវាង​កុំ​ឲ្យ​មន្ត្រី​ដង្កូវ ទាញ​ទម្លាក់​ទឹក​ឲ្យ​បាន​។ អា សំណាង​! អញ​និយាយ​នេះ គឺ​សំដៅ​តែម​ន្ត្រី ឬ​បុគ្គលិក​ខូចៗ​ខ្លះៗ​ទេ​វើ​យ​។ អញ​អត់​មាននិយាយ​សរុប​ថា មន្ត្រី ឬ​បុគ្គលិក​ទាំងអស់​ស្អុយ​ទេ​ណា៎​។ មាន​មន្ត្រី និង​បុគ្គលិក​ល្អៗ​ច្រើនណាស់​នៅក្នុង​សង្គម​នីមួយៗ​។ អ្ហែង​ស្តាប់​អញ​ឲ្យ​ច្បា​ស់ណា៎​! 
 
​សំណាង​៖ អញ​យល់​អ្ហែង​ច្បាស់​តើ​។ អ្ហែង​និយាយ​ភាសា​ខ្មែរ​តើ មិនមែន​និយាយ​បារាំង ឬ​អង់គ្លេស​ឯណា​អ្ហា​!? 
 
​មុននឹង​បែក​គ្នា​ពី​ហាង​ការ​ហ្វេ សុធីរ សួរ​បែប​ឌឺ​ទៅកាន់​សំណាង​ថា អ្ហែង​យល់​អត់​?​។ សំណាង​ឆ្លើយ​ភ្លាម​វិញ​ថា Why not?​។ មិត្ត​ទាំងពីរ​នាក់​ក៏​លើកដៃ Bye Bye ដាក់គ្នា ហើយ​សន្យា​ជួបគ្នា​ថ្ងៃស្អែក​បន្តទៀត​៕ 

ព័ត៌មានទាក់ទង