ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​បរទេស​ជាង ៦.៧​លាន​នាក់ ក្នុងនោះ​ជនជាតិ​ចិន ២.៥​លាន​នាក់​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​បរទេស ចំនួន​ប្រមាណ ៦.៧​លាន​នាក់ នៅក្នុង​ឆ្នាំ​២០១៩​។ តួលេខ​នេះ កើន​៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​៦.២ លាន​នាក់​។ នេះ​បើតាម​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​បណ្តាញ​តេ​ឡេ​ក្រាម​។

 
​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ដដែល បញ្ជាក់ទៀតថា ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​នោះ ទេសចរ​ចិន ឈរ​នៅ​លេខ​រៀង​ទី​១ គឺ​ប្រមាណ ២.៥​លាន​នាក់​។ ដ្បិតតែ​ស្ថិតនៅ​លំដាប់​ទី​១​មែន តែ​ចំនួន​ទេសចរ​ចិន​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ថយចុះ​ប្រមាណ​១០​ម៉ឺន​នាក់ ធៀប​នឹង​ឆ្នាំ​២០១៨​។ 
 
​បើទោះបី​ភ្ញៀវទេសចរ​អន្តរជាតិ​ទូទាំងប្រទេស​កើនឡើង​៨​ភាគរយ ប៉ុន្តែ​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍​ទី​១​នៅ​កម្ពុជា ចំនួន​ទេសចរ​បរទេស​បាន​ថយចុះ​ជាង​១០​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ ការថយចុះ​នេះ ត្រូវបាន​លោក តុ​ប សុភ័ក ពន្យល់ថា​ដោយសារ​កត្តា​រៀបចំ​ខាងក្នុង​របស់​ខេត្ត និង​កត្តា​ខាងក្រៅ​ប្រទេស គឺ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន អាមេរិក ធ្វើ​ឲ្យ​ប៉ះពាល់​មួយផ្នែក ដល់​ដំណើរ​ទេសចរណ៍​របស់​ជនជាតិ​ចិន​។ 
 
​លោក តុ​ប សុភ័ក បន្ថែមថា ខេត្តសៀមរាប​ថយចុះ​ភ្ញៀវទេសចរ ប៉ុន្តែ​តំបន់​គោលដៅ​ផ្សេងទៀត ដូចជា​កែប កំពត កោះកុង ព្រះសីហនុ និង​ភូមិភាគ​ឦ​សាន្ត គឺមាន​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​៕ 

ព័ត៌មានទាក់ទង