ទូត​អាមេរិក ប្រាប់​កសិករ​នៅ​កំពង់ធំ​ពី​ការរួមចំណែក​របស់អាមេរិកលើ​វិស័យ​កសិកម្ម​កម្ពុជា​

30/11/-0001 12:00 am កំពង់ធំ

​កំពង់ធំ​៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា រីករាយ​និង​លើកទឹកចិត្ត​ដល់​កសិករ​ខ្មែ​រគ្រប់រូប​ឱ្យធ្វើជា​គំរូ​ល្អ​ដល់​អ្នកដទៃ​ក្នុងការ​អនុវត្ត​ការងារ​កសិកម្ម ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ក្នុង​ដំណើរ​ទស្សនកិច្ច​សួន​បន្លែ​សុវត្ថិភាព ផលិតកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី និង​ឡ​ជីវឧស្ម័ន នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៣០​មករា ឆ្នាំ​២០២០ ឯកអគ្គរដ្ឋទូត​រូបនេះ បាន​លើកឡើងថា អាមេរិក​នឹង​បន្ត​ជួយ​ជំរុញ និង​បំពេញ​ចន្លោះ​ខ្វះខាត​កសិករ​ឱ្យ​ឈានដល់​ភាពជោគជ័យ​ក្នុង​វិស័យ​កសិកម្ម តាមរយៈ​គម្រោង​អភិវឌ្ឍ​នានា​។​
 
​លោក W. Patrick Murphy បាន​បន្តថា​ផ្នែក​កសិកម្ម​គឺមាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​អាមេរិក មាន​មោទកភាព​យ៉ាងខ្លាំង​ក្នុងការ​​ជួយ​ទៅដល់​ការងារ​ផ្នែក​កសិកម្ម​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ជំរុញឱ្យមាន​ការងារ​ធ្វើ​ច្រើន និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​ជានិច្ច​។​
 
​លោក​បានបញ្ជាក់​ដូច្នេះ អាមេរិក​គឺជា​ដៃគូ​គួរឱ្យ​ទុកចិត្ត​របស់​កម្ពុជា ហើយ​កន្លងមក​អាមេរិក​បាន​ជួយ​ដល់​កសិករ​ច្រើន​តាមរយៈ​គម្រោង​នានា ដូចជា​គម្រោង​កម្ពុជា​ហា​វែ​ស II (Cambodia Harvest II) ដែល​ទទួលបាន​ជំនួយ​ពី​ពលរដ្ឋ​អាមេរិក (USAID)  ដើម្បីឱ្យ​កសិករ​ទាំងអស់​ក្លាយជា​គំរូ​ដល់​អ្នក​ទៃ និង​ក្លាយជា​សហគ្រិន​ផ្នែក​កសិកម្ម ក្នុងការ​បង្កើត​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​ក្នុង​តំបន់ ពិសេស​ផ្តល់​ការងារ​ដល់​ស្ត្រី ដើម្បី​លើកកម្ពស់​ជីវភាព​ស់​នៅ ផងដែរ​។ 
 
​ខេត្តកំពង់ធំ ជា​ខេត្ត​មួយ​ដែល​ស្ថិតក្នុង​តំបន់​ប្រតិបត្តិការ​នៃ​គម្រោង​ហា​វែ​ស II រួមជាមួយ​ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប​។​
 
​បើតាម​អគ្គរដ្ឋទូត​រូបនេះ ក្នុង​រយៈពេល​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​អាមេរិក​ជាមួយ​កម្ពុជា​មកនេះ អាមេរិក​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ក្នុង​កសិកម្ម ជិត​២,០០០​លាន​ដុល្លារ តាមរយៈ USAID ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ជាដើម​៕ 






លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ។








ព័ត៌មានទាក់ទង