សម្តេច ហ៊ុន សែន​៖ អឺរ៉ុប​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​មិនជា​ល្អ​ទេ​ជាមួយ​អាស៊ាន​

30/11/-0001 12:00 am ភ្នំពេញ

​នា​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងការបរទេស​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៣១ ខែមករា នេះ សម្តេច ហ៊ុន សែន លើកឡើង​ពី​បញ្ហា​នៃ​ទំនាក់ទំនង​រវាង​តំបន់​អាស៊ាន និង​អឺរ៉ុប ជាពិសេស​ជាមួយ​ប្រទេស​ចំនួន​៥ រួមទាំង​កម្ពុជា​ផងដែរ​។
 
​ជុំវិញ​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប សម្តេច​បានកត់សម្គាល់​ថា​៖ «​អឺរ៉ុប​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​មិនជា​ល្អ​ទេ​ជាមួយ​អាស៊ាន មាន​ប្រទេស​៥​រួចទៅហើយ​ដែលមាន​បញ្ហា​ជាមួយ​អឺរ៉ុប ធ្ងន់ធ្ងរ​ជាងគេ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី  ក្រោម​ហេតុផល​នៃ​បញ្ហា​ការការពារ​បរិស្ថាន ប្រឆាំងនឹង​ការកាប់​ព្រៃ ។ អឺរ៉ុប​បានចាប់ផ្តើម ឆ្ពោះទៅរក​ការបញ្ឈប់​ការទិញ​ប្រេងដូង ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី អាចមាន​ភាព​តានតឹង​រវាង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​»​។​
 
​សម្តេច ហ៊ុន សែន បាន​បន្ថែមទៀតថា​៖ «​អឺរ៉ុប​ក៏បាន​ឆ្ពោះ​មកកាន់​កម្ពុជា មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន ទាក់ទង​នឹង​បញ្ហា​សិទ្ធមនុស្ស ដោយ​មិនទាន់​រាប់បញ្ចូល​ជាមួយ​ប្រទេស​មួយចំនួន​ផ្សេងទៀត ដែល​អឺរ៉ុប​តែងតែ​គំរាម​នៅក្នុង​តំបន់​ប្រទេស​អាស៊ាន  ដូច្នេះ​ទំនាក់ទំនង​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ រវាង​អាស៊ាន និង​អឺរ៉ុប តើ​វា​អាច​ដើរ​លឿន​ទេ​? ប្រសិនបើ​ឥរិយាបថ​បែបនេះ ត្រូវបាន ប្រកាន់យក​ជា​បន្ត នៅ​គណៈកម្មការ​អឺរ៉ុប​»​។ 
 
​ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អះអាង​សម្តេច​មិនមែន​លើ​សហភាព​អឺរ៉ុប​ទាំងមូល​នោះឡើយ ព្រោះ​បញ្ហា ប្រទេស​នៅ​អឺរ៉ុប​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ក្នុង​ក្របខណ្ឌ​អាស៊ាន ប៉ុន្តែ​អឺរ៉ុប​មាន​សភា និង​គណៈកម្មាការ​អឺរ៉ុប​ដែល​កំណត់​នយោបាយ​រប​ស់​អឺរ៉ុប ដែល​នេះ​ជា​បញ្ហា​ដែល​ត្រូវ​គិតគូរ​។ 
 
«​អាស៊ាន​គួរ​រៀនសូត្រ​ពីបទ​ពិសោធន៍​អឺរ៉ុប​ទាំង​ល្អ និង​មិនល្អ​ផងដែរ​ដែល​យើង​មាន​តួនាទី​ស្ថាបនា​អាស៊ាន​មួយ​ដែលមាន​សាមគ្គីភាព ហើយ​ជំរុញ​សុខដុមរមនា​នៅក្នុង​តំបន់​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឧទាហរណ៍​ទាក់ទង​នឹង​ការព្យាយាម​ចាកចេញ​រប​ស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។​
 
​សម្តេច​បាន​អះអាងថា សម្តេច​មិនមែន​ទិះ​តៀន​អឺរ៉ុប​ទេ តែ​ចង់​ឲ្យ​បណ្តា​ប្រទេស​នៅក្នុង​អាស៊ាន ដែល​កម្ពុជា​ជា​តួអង្គ​មួយ​នៅក្នុង​នោះដែរ ដក​ពិសោធន៍​ពី​គោលការណ៍​កុងសង់ស៊ីស និង​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​គ្នា​៕

ព័ត៌មានទាក់ទង