នាយករដ្ឋមន្ត្រី​៖ គ្មាន​ការជម្លៀស​ខ្មែរ​ចេញពី​ចិន​ទេ​, យើង​ទុក​នៅ​ទីនោះ រួមសុខទុក្ខ​ជាមួយគ្នា​

30/11/-0001 12:00 am ភ្នំពេញ

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជា មិន​ជម្លៀស​និស្សិត​ឬ​មន្ត្រី​ទូត​ខ្មែរ​ចេញពី​ចិន​ឡើយ​។ សម្តេច ហាក់​ចង់បង្ហាញ​សមានចិត្ត​ថា កម្ពុជា មិនត្រូវ​បោះបង់​ចិន ក្នុង​គ្រា​ដែល​ចិន ជា​មិត្ត​ដែក​ថែម​របស់​កម្ពុជា ជួប​ទុក្ខលំបាក​នោះទេ​។

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​វិមាន​ស​ន្តិ​ភាព​នា​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែងថា​៖«​អត់​មាន​តម្រូវការ​នៃ​ការជម្លៀស​និស្សិត​ខ្មែរ អ្នកការទូត​ខ្មែរ កុងស៊ុល​ខ្មែរ នៅតាម​បណ្តា​ទីកន្លែង​នានា មកកាន់​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទីនោះ ដែល​ជាការ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​បញ្ហា​នោះ​»​។ 
 
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួម​សាមគ្គី​ជាមួយ​ខ្មែរ​គ្នាឯង និង​ចូលរួម​សាមគ្គី​ជាមួយ​ប្រជាជន​ចិន ក៏ដូចជា​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា រួមទាំង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។  
 
​ចំពោះ​និស្សិត​ខ្មែរ សម្តេចនាយក​រដ្ឋមន្ត្រី យល់ថា បើ​ជម្លៀស​ពួកគេ ចេញពី​ចិន​នាពេលនេះ ដោយ​ខ្លាច​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដូច្នេះ​លើក​ក្រោយ កម្ពុជា មិនចាំបាច់​សុំ​អាហា​រូបក​រណ៍​ពី​ចិន​ទៀត​នោះទេ ដោយ​សម្តេច សន្និដ្ឋានថា ចិន​ច្បាស់​ជា​មិន​ផ្តល់​ឲ្យ​ឡើយ​។ សម្តេច បញ្ជាក់ថា​៖«​ខ្ញុំ មិនដឹងថា ចិន​គាត់​គិត​យ៉ាងម៉េច​ទេ ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ជា​ចិន ខ្ញុំ​អត់​ឲ្យ​អ្នកឯង​ទៀត​ទេ​។ ពេល​ស្រួល​អ្នកឯង​មករក​ខ្ញុំ ពេល​លំបាក​អ្នក​ឯក​រត់ចោល​ខ្ញុំ​...»​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចាត់ទុក ការស្នើសុំ​ឲ្យ​ជម្លៀស​និស្សិត​ខ្មែរ ចេញពី​ចិន មក​កម្ពុជា​វិញ ថា​ជា​វិធានការ ដែល​ឈានទៅដល់​ការបញ្ចប់​ការសិក្សា​របស់​ពួកគេ នៅ​ប្រទេស​ចិន​តែម្តង​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា អះអាងថា រដ្ឋាភិបាល​ចិន មានការ​ទទួលខុសត្រូវ ក្នុងការ​មើលថែ​និស្សិត​ខ្មែរ​។​
 
​លើសពីនេះ មេដឹកនាំ​កម្ពុជា ប្រកាសថា កម្ពុជា ក៏​មិន​បិទ​ជើងហោះហើរ​ពី​ចិន​ដែរ​។ មេដឹកនាំ​រូបនេះ សង្កត់ធ្ងន់ថា ការបិទ​ជើងហោះហើរ​ទាំងមូល​ពី​ចិន គឺជា​ការជាស​ម្លា​ប់សេដ្ឋ​កិច្ច​កម្ពុជា​ខ្លួនឯង​។​
 
​រដ្ឋាភិបាល​បរទេសមួយ​ចំនួន ដូចជា អាមេរិក ជប៉ុន និង សិង្ហ​បុរី បាន​ជម្លៀស​ប្រជាជន​ខ្លួន ចេញ​ទីក្រុង​វូ​ហាន ខណៈ​មាន​រដ្ឋាភិបាល​បរទេស​ផ្សេងទៀត ក៏មាន​គម្រោង​ជម្លៀស​ផងដែរ​។ ប្រទេស​ខ្លះ ដូចជា អង់គ្លេស ឥណ្ឌូណេស៊ី និង រុស្ស៊ី បាន​ផ្អាក​ការហោះហើរ​ពី​ចិន ហើយ​ប្រទេស​ខ្លះទៀត កាត់បន្ថយ​ការហោះហើរ​ពី​ចិន​។

​មានការ​លើកឡើង​លើ​បណ្តាញ​សង្គម​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ជម្លៀស​និស្សិត​និង​ពលរដ្ឋ​ខ្មែរ​ចេញពី​ចិន ជា​ពិ​សេ​ពី​ទីក្រុង​វូ​ហាន ដោយ​ខ្លាច​ពួកគេ ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ខ្លះ ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បិទ​ជើងហោះហើរ​ពី​ចិន​ផងដែរ​។ 
 
​មាន​និស្សិត​ខ្មែរ​ជាង​២០​នាក់ ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដែលជា​កន្លែង​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​។ សារព័ត៌មាន​ក្នុងស្រុក បាន​សម្ភាស​និស្សិត​ខ្មែរ​ចំនួន ដែល​កំពុង​រៀន​នៅ​វូ​ហាន ដោយ​ពួកគេ អះអាងថា មិនបាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​នោះទេ​។ 
 
​ថ្មីៗ​នេះ និស្សិត​ខ្មែរ​ប្រមាណ​៣០​នាក់ ដែលរៀន​នៅ​ចិន បានមកដល់​កម្ពុជា​។ ប៉ុន្តែ ពួកគេ ជា​និស្សិត រៀន​នៅ​សាកលវិទ្យាល័យ​ហឺ​ហ្វី ខេត្ត​អាន​ហួយ មិនមែនជា​និស្សិត រៀន​នៅ​ទីក្រុង​វូ​ហាន​ឡើយ​។ មន្ត្រី អះអាងថា ពួកគេ មានការ​នឹករលឹក​គ្រូ​សារ ទើប​មកលេង​ស្រុកកំណើត​មួយរយៈ ក្នុងពេល​វិស្សមកាល​។ 
 
​ដោយ​ខ្លាច​សិស្ស​-​និស្សិត​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី រដ្ឋាភិបាល​ចិន បាន​បិទ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​មួយរយៈ​សិន​។ តែ​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​ទៅ រដ្ឋាភិបាល​ចិន នឹង​បើក​បង្រៀន​តាម​អន​ឡាញ​សម្រាប់​សិស្ស​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា នៅ​ទីក្រុង​វូ​ហាន​។​
 
​រដ្ឋាភិបាល​ចិន បាន​បិទ​គ្រប់​ច្រក មិន​ឲ្យ​ប្រជាជន​ចិន ចេញពី​ទីក្រុង​វូ​ហាន​នោះទេ ដោយ​ខ្លាច​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ទៅ​ប្រជាជន​នៅ​តំបន់​ដទៃ និង​ប្រជាជន​នៃ​ប្រទេស​ផ្សេងៗ​។​
 
​តំបន់​ដែល​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​រាលដាល់​ទៅដល់ មាន ហុងកុង ម៉ា​កាវ និង តៃវ៉ាន់ រួមទាំង​បណ្តា​ប្រទេស​នានា ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេ​ប៉ាល់ ជាដើម​។ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ បង្ក​ទៅជា​ជំងឺ​រលាក​សួត ហើយ​មកដល់ពេលនេះ គេ មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​នោះទេ​។

​គិត​មកដល់​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​កើន​ឡើងដល់​១៧០​នាក់​ហើយ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជាង​៧​ពាន់​នាក់ នៅក្នុង​ប្រទេស​ចិន​។ ក្រៅពី​ប្រទេស​ចិន មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​នេះឡើយ​៕

ព័ត៌មានទាក់ទង