នាយករដ្ឋមន្រ្តីថា បើបិទជើងយន្តហោះពីចិន កម្ពុជា ក៏ត្រូវបិទជើងយន្តហោះទាំងអស់ពីប្រទេស ដែលឆ្លងកូរ៉ូណា

30/11/-0001 12:00 am ភ្នំពេញ

បើទោះជាមេរោគកូរ៉ូណាប្រភេទថ្មី កំពុងរាលដាលខ្លាំងចេញពីចិន ទៅកាន់បណ្តាប្រទេសចំនួនក្តី ដោយបានមកដល់កម្ពុជាដែរនោះ ក៏មិនទាន់ដល់ថ្នាក់កម្ពុជា ត្រូវបិទជើងហោះហើរទាំងអស់ពីចិនដែរ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកហេតុផលថា បើកម្ពុជា បិទជើងហោះហើរទាំងអស់ពីចិន ព្រោះខ្លាចការរាលដាលមេរោគកូរ៉ូណាប្រភេទថ្មី អ៊ីចឹងកម្ពុជា ក៏ត្រូវបិទជើងហោះហើរទាំងអស់ ពីគ្រប់បណ្តាប្រទេស ដែលបានឆ្លងមេរោគនេះដែរ។



តំបន់ដែលមេរោគកូរ៉ូណាប្រភេទថ្មី បានរាលដាល់ទៅដល់ មាន ហុងកុង ម៉ាកាវ និង តៃវ៉ាន់ រួមទាំងបណ្តាប្រទេសនានា ដូចជា ថៃ វៀតណាម ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និង ណេប៉ាល់ ជាដើម។ ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពមេរោគកូរ៉ូណាប្រភេទថ្មី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«អស់លោកអ្នកនយោបាយ អស់លោកអ្នកវិភាគ អស់លោកណាក៏ដោយចុះ បើអស់លោក គិតពីរឿងបិទ មិនត្រូវបិទតែចិនទេ បិទទាំងអស់ ព្រោះប្រទេសទាំងហ្នឹងកើតដែរ»។

សម្តេចនាយករដ្ឋមន្រ្តី នៅនិយាយទៀតថា បើកម្ពុជា ត្រូវបិទមែននោះ គឺមិនមែនបិទតែជើងហោះហើរនោះទេ តែក៏ត្រូវបិទព្រំដែនផងដែរ ទាំងផ្លូវគោកនិងផ្លូវទឹក។ សម្តេច បញ្ជាក់ថា៖«អ៊ីចឹងកម្ពុជា ស្ថិតនៅជាប្រទេសឯកោ អានេះ [យើង] ដាក់ក្នុងកម្រិតឯកោខ្លួនឯង។ ...ហើយកម្ពុជា ក៏មិនចាំបាច់ចេញទៅក្រៅដែរ ព្រោះមានអីចេញទៅទៀត បើអស់ផ្លូវហោះហើយ..»។

សំឡេង
**audio2**



ក្រុមហ៊ុនអាកាសចរនៃបណ្តាប្រទេសមួយចំនួន ដូចជា អង់គ្លេស ឥណ្ឌូណេស៊ី និង រុស្ស៊ី បានផ្អាកការហោះហើរទៅ-មកពីចិន ដើម្បីកុំឲ្យមេរោគកូរ៉ូណាប្រភេទថ្មី  ឆ្លងចូលទៅក្នុងប្រទេសរបស់គេ។

ចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា យល់ថា ការបិទជើងហោះហើរទាំងមូលពីចិន គឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជាខ្លួនឯង ហើយក៏ធ្វើឲ្យល្អក់កករទំនាក់ទំនងកម្ពុជា-ចិនផងដែរ។  ប្រមុខរដ្ឋាភិបាល បន្ថែមថា សេវាកម្មដឹកជញ្ជូនទាំងផ្លូវអាកាសទាំងផ្លូវទឹក ពីចិនមកកម្ពុជា នៅតែដំណើរការ ដោយគ្មានការរើសអើងឡើយ។

ទន្ទឹមនឹងនេះ មេដឹកនាំកម្ពុជា ប្រាប់ប្រជាពលរដ្ឋ កុំឲ្យបារម្ភខ្លាំងពេកចំពោះមេរោគកូរ៉ូណាប្រភេទថ្មី។ យ៉ាងណា មេដឹកនាំរូបនេះ នៅតែក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យចេះការពារខ្លួនឯង ហើយត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើសង្ស័យថា ឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី។

កម្ពុជា បានរកឃើញបុរសជនជាតិចិនម្នាក់ មានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ គាត់ឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ បានធ្វើដំណើរជាមួយសមាជិកគ្រូសារ៣នាក់ទៀត ពីទីក្រុងវូហាន មកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ គ្រូសាររបស់គាត់ មិនបានឆ្លងមេរោគកូរ៉ូណាឡើយ។

មេរោគកូរ៉ូណាប្រភេទថ្មីនេះ មានប្រភពដើមមកពីទីក្រុងវូហាន ខែហ៊ូប៉ី ប្រទេសចិន ដែលចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់១៧០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគនេះ បានកើនឡើងដល់ជាង៧ពាន់នាក់ នៅក្នុងប្រទេសចិន។ ក្រៅពីប្រទេសចិន មិនមានអ្នកស្លាប់ដោយសារមេរោគនេះឡើយ។

រដ្ឋាភិបាលចិន បានបិទគ្រប់ច្រក មិនឲ្យប្រជាជនចិន ចេញពីទីក្រុងវូហាននោះទេ ដោយខ្លាចឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ទៅប្រជាជននៅតំបន់ដទៃ និងប្រជាជននៃប្រទេសផ្សេងៗ៕

ព័ត៌មានទាក់ទង