បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី តវ៉ា​បិទផ្លូវ ក្រោយ​គ្មាន​ដំណោះស្រាយ​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ជាច្រើន​នាក់ បាននាំគ្នា​មក​តវ៉ា​ជាថ្មី នៅ​រសៀល​ថ្ងៃទី​២៩ មករា​នេះ ក្រោយពី​គ្មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគេ​។​

 
​បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​នាំគ្នា​តវ៉ា​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​ទាមទារ​សំណង​តាមច្បាប់​ការងារ​១០០​ភាគរយ និង​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ទទួលយក​ពួកគេ​ចូលធ្វើ​ការងារ​នៅក្នុង​រដ្ឋ​ករ​ស្វ័យ​យ័​ត​ដដែល​។​ការតវ៉ា​បិទផ្លូវ​នេះ គឺ​ក្រុម​បុគ្គលិក​ទាំងនោះ បាននាំគ្នា​ឈរលើ​កប​ដា​រូបថត​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា និង​ស្រែក​ស្នើឱ្យ​ថ្នាក់ដឹកនាំ​កម្ពុជា ជួយ​រក​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពួកគេ​ទៀតផង​។​

 
 
​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩ ខាង​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ប្រជុំ​បញ្ចប់​កិច្ចសន្យា​បុគ្គលិក​ការិយាល័យ​ទាំងអស់ ដែលមាន​ចំនួន​១០៦​នាក់ ហើយ​មួយថ្ងៃ​ក្រោយ​បញ្ចប់​កិច្ចសន្យាការងារ ពោលគឺ​នៅ​ថ្ងៃទី​១​មករា​ឆ្នាំ​២០២០ ខាង​ក្រុមហ៊ុន បាន​សន្យា​ផ្តល់​សំណង ត្រឹមតែ​៥០​ភាគរយ​ប៉ុណ្ណោះ​។ ដោយសារតែ​ប្រាក់​សំណង​ត្រឹមតែ​៥០​ភាគរយ​នេះ បានធ្វើឱ្យ​បុគ្គលិក​ទាំងអស់ មិន​សប្បាយចិត្ត និង​មិន​ទទួលយក​នោះ ទើប​កើតមាន​ការតវ៉ា​បែបនេះ​។​
 
​កន្លងមក​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ក៏បាន​ចរចារ រក​ដោះស្រាយ​លើ​សំណើរ​ទាមទារ​របស់​បុគ្គលិក​ស៊ី​ទ្រី​នេះដែរ កាលពីដើម​ខែមករា ដោយ​សន្យាថា នឹង​ដោះស្រាយ​នៅ​ថ្ងៃទី​១៥ មករា ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​ឡើយ​។ បុគ្គលិក​ទាំងអស់ ប្រកាស​តវ៉ា​បន្តទៀត បើសិនជា​នៅតែ​គ្មាន​ដំណោះស្រាយ​ជូន​ពួកគេ​។ នេះ​ជាការ​បញ្ជាក់​របស់​បុគ្គ​លិ​ក​ក្រុមហ៊ុន​ស៊ិន​ទ្រី​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ដក​សិទ្ធ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​យកមក​គ្រប់គ្រង​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០១៩ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​រៀបចំ​កំណែទម្រង់​សម្អាត​ទីក្រុង​ឡើងវិញ ។ បើតាម​សម្ដេច ហ៊ុន សែន ការយក​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​គ្រប់គ្រង​បណ្តោះអាសន្ន​នេះ គឺ​រដ្ឋ​នឹង​គ្រប់គ្រង​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន រួមទាំង​សម្ភារៈ​ផងដែរ​។​

ព័ត៌មានទាក់ទង