Fake News ជុំវិញ​កូ​រ៉ូ​ណាវី​រុស ជា​មេរោគ​ដែល​សម្លាប់​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​?

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កំពុង​រាលដាល​នៅ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស​ពី​សំណាក់​ពលរដ្ឋ​ចិន​ពី​ក្រុង​វូ​ហាន ទីកន្លែង​ដែល​ជំងឺ​បាន​ផ្ទុះ​ដំបូង​។ កាលពី​ថ្ងៃទី​២៧ ខែមករា កម្ពុជា​បានប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង ដោយ​អ្នកជំងឺ​ជា​ជនជាតិចិន​វ័យ​៦០​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ​។ នៅ​ខេត្តសៀមរាប​ឯណោះ​វិញ ព័ត៌មាន​មិន​ពិត​ជុំវិញ​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ រហូតដល់​មាន​ករណី​សមត្ថកិច្ច​ហៅ​អ្នក​បំប៉ោង​ព័ត៌មាន​ទៅ​សាកសួរ​ផងដែរ​។ តើ​ព័ត៌មាន​ក្លែងក្លាយ​កំពុង​សម្លាប់​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឬ​យ៉ាងណា​?
 
​ទ្រាំ​មិនបាន​ចំពោះ​ការបន្ត​ចែករំលែក​នូវ​ព័ត៌មាន​មិន​ពិត មិន​ផ្លូវការ ថា​មាន​ករណី​កូ​រ៉ូ​ណា​វីរុស​ឆ្លង​មកដល់​ខេត្តសៀមរាប លោក ជា សុខន អ្នកគ្រប់គ្រង​សណ្ឋាគារ​ដ៏​ធំ​មួយ​នៅ​ខេត្តសៀមរាប បាន​ឡាយ​វីដេអូ​បញ្ចេញ​នូវ​ការមិន​ពេញចិត្ត​របស់លោក​ទាំងយប់​ថ្ងៃទី​២៨ មករា​។ 
 
​ក្នុង​វីដេអូ​នោះ លោក សុខន បញ្ជាក់ថា ការធ្វើ​ដូច្នេះ ដូច​កំពុង​សម្លាប់​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ដូច្នោះ​ដែរ​។ អ្នកគ្រប់គ្រង​សណ្ឋាគារ​រូបនេះ​បាន​និយាយទៀតថា បុគ្គល​ខ្លះ​ហាក់​សប្បាយរីករាយ​ចំពោះ​ការពាក់​ម៉ា​សថត​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ដោយ​មិន​គិតពី​ផលប៉ះពាល់​បន្ដិច​សោះ​។ តាម​ការពន្យល់​របស់​លោក ជា សុខន សកម្មភាព​ទាំងនោះ រឹតតែ​ឱ្យ​ភ្ញៀវទេសចរ​ភ័យខ្លាច​ចំពោះ​កូ​រ៉ូ​ណាវី​រុស​ដែល​កំពុង​រាតត្បាត​ខ្លាំងក្លា​។ 
 
​លោក ជា សុខន  ហាក់​មិន​យល់​ទាល់តែសោះ​ពេល​ឃើញ​បុគ្គល​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ឬ​ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយរូប​ដែរនោះ នាំគ្នា​ចែករំលែក​ព័ត៌មាន​មិន​ពិត និង​ពាក់​ម៉ាស​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​ខ្លាំងពេក​ក្នុង​បណ្ដាញ​សង្គម ខណៈដែល​បុគ្គល​ទាំងនោះ​គួរ​នាំគ្នា​រក្សា​ស្ថានការណ៍​ឬ​ជួយ​ទ្រទ្រង់​ស្ថានការណ៍​នេះ​កុំឱ្យ​អាក្រក់​ខ្លាំង​។ លោក ជា សុខន ប្រាប់ថា លោក​មិន​ហាម​ការចែករំលែក​នេះ​ទេ ថា​គួរ​ផុស​ឬ​ចែករំលែក​ព័ត៌មាន​ទាំងនោះ​ដោយ​គ្រាន់តែ​ប្រាប់​ពី​វិធី​ការពារ ឬ​វីដេអូ​អប់រំ​ពី​ជំងឺ​នេះ​។​
 
​ដោយ​យល់​ពី​ផលប៉ះពាល់​ខ្លាំង​ទៅលើ​វិស័យ​ទេសចរណ៍ ដែល​កើតឡើង​ដោយសារ​ព័ត៌មាន​មិន​ពិត​នេះហើយ ទើប​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដុតដៃដុតជើង​តាមរក​បុគ្គល​ដែល​ចែករំលែក​សា​រថា​មាន​ជំងឺ​នេះ​ក្នុង​ខេត្តសៀមរាប​។ 
 
​ជា​លទ្ធផល នៅ​យប់​ថ្ងៃទី​២៨ មករា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​ចិន​មួយរូប បាន​ចូលខ្លួន​មក​សារភាព​ជុំវិញ​ការ​លេច​ធ្លាយ​សារ​ដែល​ប្រាប់​ដល់​បុគ្គលិក​ទាំងអស់​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​បន្ថែម​សា​រថា​មាន​ជនជាតិ​ចិន​៤​នាក់​កំពុងស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប បាន​ឆ្លង​ជំងឺ​នេះ​។ បុគ្គល​រូបនោះ​អះអាងថា មាន​បុគ្គលិក​ខ្លួន​ម្នាក់ទៀត​បាន​ចែករំលែក​សារ​នោះ​ចេញពី​ក្រុប​សារ​ក្រុមហ៊ុន​ដល់​អ្នកដទៃ ដែល​ធ្វើឱ្យមាន​ភាពចលាចល​លើ​ករណីនេះ​។ អាជ្ញាធរ​បានឱ្យ​បុគ្គល​នោះ​ធ្វើ​កិច្ចសន្យា និង​អប់រំ​មិនឱ្យ​ធ្វើបែបនេះ​ទៀត​នៅពេល​ក្រោយ​។​
 
​ជុំវិញ​ករណី​នេះដែរ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា លោក ទៀ គី​ឡេង ក៏​យល់ថា ការបំពុល​ព័ត៌មាន​មិន​ពិត​បានធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​។ ប្រធាន​សមាគម​រូបនេះ បាន​បដិសេធ ជុំវិញ​ការ​លើកឡើងថា​មាន​មគ្គុទ្ទេសក៍​ភាសា​ចិន​-​កម្ពុជា​ឆ្លង​មេរោគ​នេះ​។ 
 
​បន្ថែម​ពីនេះ តាម​ការបញ្ជាក់​ពី​លោក គី​ឡេង នៅ​យប់​ថ្ងៃទី​២៨ មករា លោក​បាន​សម្របសម្រួល​ជួយ​បញ្ជូន​ជនជាតិ​ចិន​២១​នាក់ ដែល​មក​តាម​ជើងហោះហើរ​ជាមួយ​ជនជាតិ​ចិន​ទាំង​៧៩​នាក់ ឬ​ជាមួយ​បុរស​ដែល​រកឃើញ​មេរោគ​កូ​រ៉ូ​ណា​នៅ​ព្រះសីហនុ ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​។ 
 
​លោក ទៀ គី​ឡេង បញ្ជាប់​យ៉ាង​ដូច្នេះ​ថា​៖« សមាគម​ខ្ញុំ​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន និង​បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ មន្ទីរ​សុខាភិបាល និង​ស្ថាន​កុងស៊ុល​ចិន ហើយ​ក្រុមហ៊ុន​ទេសចរណ៍​ចិន​បាន​ម៉ា​វ​យន្តហោះ​មួយគ្រឿង​បញ្ជូន​ជនជាតិ​ចិន​ទាំង​២១​នាក់​ទៅវិញ​ហើយ​នៅ​យប់មិញ (​យប់​ថ្ងៃទី​២៨ មករា​) ហើយ​មុន​ហោះហើរ​សុខភាព​ពួកគេ​ល្អប្រសើរ​ទេ គឺមាន​ការត្រួតពិនិត្យ​សុខភាព​ពី​មន្ត្រី​សុខាភិបាល​...»​។​
 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់ថា មកទល់នឹង​ព្រឹក​ថ្ងៃទី​២៩ មករា​នេះ មិនទាន់មាន​ករណី​សង្ស័យ​ពី​មេរោគ​កូ​រ៉ូ​ណា​វីរុស​នៅ​ខេត្តសៀមរាប​ទេ​៕

ព័ត៌មានទាក់ទង