លោក កឹម សុខា ទាមទារ​ឱ្យ​តុលា​ការហៅ​អាមេរិក​មក​សួរ តែ​អយ្យកា​រ ថា ច្បាប់​ខ្មែរ ដាក់ទោស​តែ​ពលរដ្ឋ​ខ្មែរ​ទេ​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​ទាមទារ​ឱ្យ​តុលា​ការហៅ​រដ្ឋាភិបាល​អាមេរិក មក​សួរនាំ​នៅក្នុង​សំណុំរឿង​«​គប់គិត​ជាមួយ​បរទេស​» ដែល​ខ្លួន​កំពុង​រង​ការចោទប្រកាន់​នេះ​។ ប៉ុន្តែ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឆ្លើយតប​វិញ​ថា ច្បាប់​នៅក្នុង​ប្រទេស​ខ្មែរ គឺ​សម្រាប់​ដាក់ទោស​ពលរដ្ឋ​ខ្មែរ ដែល​ប្រព្រឹត្តិ​ខុសច្បាប់​ប៉ុណ្ណោះ ទោះជា​បុគ្គល​នោះ​មាន​ទំនាក់ទំនង​ជាមួយ​បរទេស​ណាក៏ដោយ​។​

 
​សវនាការ​ដោយ​ប្រើពេល​វេលា​ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​២៩ មករា​នេះ បាន​បន្ត​សួរនាំ​លោក កឹម សុខា ជុំវិញ​សកម្មភាព​នយោបាយ និង​ជា​ថ្នាក់ដឹកនាំ​សិទ្ធិមនុស្ស ចាប់​តាំង​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧​។ សវនាការ​នៅ​សប្ដាហ៍​ទី​៣​នេះ បាន​ប្រព្រឹត្តិ​ទៅដោយ​សំនួរ​ដដែលៗ​ជាច្រើន សួរនាំ​លោក កឹម សុខា ជុំវិញ​ការ​ទៅ​សិក្សា​រៀនសូត្រ​ពី​គោលការណ៍​ដឹកនាំ​របស់​អាមេរិក ពី​អ្នកជំនាញការ និង​សាស្ត្រាចារ្យ នៅ​ទីក្រុង​វ៉ា​ស៊ិន​តោន​, ការចង្អុលបង្ហាញ​ឱ្យធ្វើតាម​ចលនា​ផ្ដួលរំលំ​អតីត​មេដឹកនាំ យូ​ហ្គោ​ស្លា​វី​, ការឈប់​ធ្វើ​នយោបាយ​មួយរយៈ ហើយ​មក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស នៅ​ឆ្នាំ​២០០២ តាម​ការណែនាំ​របស់​អា​មេ​រិ​ក​, ការយក​ថវិកា​ពី​អាមេរិក ចំនួន​៥​ម៉ឺន​ដុល្លារ មក​ជួល​វិ​ទ្យ​សំបុក​ឃ្មុំ ផ្សព្វផ្សាយ​សកម្មភាព និង​ការប្រើប្រាស់​ពាក្យសម្តី​នយោបាយ​ឱ្យ​ពលរដ្ឋ​ក្រោកឈរ​ផ្លាស់ប្ដូរ​ជាដើម​។ 
 
​សំនួរ​ទាំងអស់នេះ បាន​សួរ​ចេញពី​មាត់​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក ធា​ម ពិសិដ្ឋ និង​លោក ប្លង់ សុផល រួមទាំង​មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល​លោក លី ចាន់​តុលា និង​ក្រុមប្រឹក្សា​ជំនុំ​ជម្រះក្តី​។​
 
​លោក កឹម សុខា ឡើងឈរ​បកស្រាយ​នៅក្នុង​រង្វង់​ក្រចកសេះ​ជា​បន្តបន្ទាប់ តប​សំនួរ​របស់​តុលាការ​។ សារព័ត៌មាន​ថ្មីៗ ដែល​បាន​ចូល​អង្គុយ​សវនាការ​ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​២៩ មករា សូម​សង្ខេប​នូវ​ចម្លើយ​របស់លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ឆ្លើយតប​នឹង​សំនួរ​ដដែលៗ​របស់​ព្រះរាជអាជ្ញា និង​មេធាវី​រដ្ឋប្បវេណី​នេះ លោក កឹម សុខា ក៏បាន​បកស្រាយ​ចម្លើយ​ដដែល​វិញ​ថា ទោះបីជា​ខ្លួន​បាន​ទៅ​រៀន​សិក្សា​ពី​គោលនយោបាយ​ពី​អាមេរិក​មែន ប៉ុន្តែ​លោ​ករៀនតែ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដើម្បី​យកមកចែក​រំលែក​ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​សិទ្ធិ​របស់​ពួកគេ ហើយ​ហ៊ាន​ក្រោកឈរ​តវ៉ា និង​ឈប់​ភ័យខ្លាច ចំពោះ​ការគំរាមកំហែង​របស់​អ្នកនយោបាយ ឬ​អ្នកមានអំណាច ដែល​ស្របតាម​បែបបទ​ប្រជាធិបតេយ្យ ។ 
 
​ដោយឡែក​ការយក​ថវិកា​ពី​អាមេរិក​មក​ជួល​វិទ្យុ​សំបុក​ឃ្មុំ​វិញ លោក កឹម សុខា បាន​អះអាងថា តាមពិត​អាមេរិក ចង់​សុំឱ្យ​បើក​វិទ្យុ​ផ្ទាល់ខ្លួន​ទេ ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា អស់​ហ្វ្រេ​កង់​វិទ្យុ ដូច្នេះ​បានជា​លោក​ទៅ​ជួល​វិទ្យុ​សំបុក​ឃ្មុំ​នេះ​។ តាមរយៈ​ការផ្សព្វផ្សាយ​ក្នុង​វិទ្យុ​សំបុក​ឃ្មុំ​នេះ លោក កឹម សុខា បាន​បញ្ជាក់ថា លោក​លើកយក​បញ្ហា​សង្គម សិទ្ធិមនុស្ស និង​សិទ្ធិ​ពលរដ្ឋ ពន្យល់​ទៅ​ពួកគេ​ឱ្យ​យល់​ពីអ្វី ដែល​ពួកគេ​ត្រូវ​ទទួលបាន​តាមរយៈ​សិទ្ធិ​ពួកគេ​។ បើតាម​លោក កឹម សុខា ការពន្យល់​ឱ្យ​ពលរដ្ឋ​ដឹង​ពី​សិទ្ធិ​ខ្លួន​នេះ គឺជា​យុទ្ធសាស្ត្រ​លុបបំបាត់​ភាព «​ខ្លៅ ខ្លាច ឃ្លាន »​របស់​ពលរដ្ឋ​ខ្មែរ​។ 
 
​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ពិសិដ្ឋ នៅតែ​បន្ត​សំនួរ​ចង់ដឹង​ពី​មេរៀន​អ្វីដែល​អាមេរិក​បង្រៀន​លោក កឹម សុខា​? មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ក្រោកឈរឡើង​ហើយ និយាយ​បែប​ធុញ​នឹង​សំនួរ​ច្រំ​ដែល​នេះ ប្រាប់​ទៅកាន់​ចៅក្រម​ថា ៖«​ខ្ញុំ​មិន​ឆ្លើយ​តទៅទៀតទេ ព្រោះ​ខ្ញុំ​បានបញ្ជាក់​ហើយ​ថា ខ្ញុំ​ទៅ​រៀន​ពី​អាមេរិក តែ​ពី​របៀប​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​»​។​
 
​ទោះជា​លោក កឹម សុខា បដិសេធ​មិន​ឆ្លើយ​ហើយ ក៏​លោក ធា​ម ពិសិដ្ឋ នៅ​បន្ត​សំនួរ​ទៀតថា ចុះ​ពាក្យ​ដែល​លោក​លើកឡើង​នៅក្នុង​វីដេអូ​ឃ្លី​ប​ថា គេ​ឱ្យ​រូបលោក​យក​ម៉ូ​ឌែ​ល​តាម​យ៉ូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប៊ី ហើយ​ឥឡូវ​កំពុង​ជោគជ័យ​មួយ​ដំណាក់កាល​នេះ​…​។ តើ​ពាក្យ​នេះ​មានន័យ​ដូចម្ដេច​? លោក កឹម សុខា បាន​បកស្រាយ​តប​ថា លោក​ចង់​សំដៅលើ​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស និង​អន្តរជាតិ (​ពាក្យ​ថា​គេ​) ដែល​ជំរុញ​ឱ្យ​លោក​យក​ម៉ូ​ឌែ​លតា​មយូ​ហ្គោល​ស្លា​វី (​ផ្ដួលរំលំ​រដ្ឋាភិបាល​)​នេះ​។ ប៉ុន្តែ​លោក មិនបាន​ធ្វើតាម​នោះទេ ។ «…​ខ្ញុំ​ក៏បាន​បកស្រាយ​នៅ​ឃ្លា​បន្ទាប់ ក្នុង​វីដេអូ​ដោយបាន​ប្រើពាក្យ​ថា កុំ​យក​ក្បាល​ជល់​ថ្ម ដូច្នេះ​វា​បានន័យថា ខ្ញុំ​មិនបាន​ធ្វើតាម​គេ​នោះទេ ។​ហើយ​គេ​(​អ្នកគាំទ្រ និង​អន្តរជាតិ​)​មិនដឹងថា ខ្ញុំ​អត់​ធ្វើតាម​គេ​នោះទេ ដោយ​គេ​ស្មានតែ​ខ្ញុំ​ធ្វើតាម​គេ​។ តាមពិត​ខ្ញុំ​ធ្វើតាម​គោលការណ៍ ឆន្ទៈ និង​នយោបាយ​អហិង្សា​របស់ខ្ញុំ​។ ដូច្នេះ​ពាក្យ​ថា កុំ​យក​ក្បាល​ជល់​ថ្ម បែកក្បាល​ហ្នឹងហើយ គឺជា​ការឆ្លើយតប​រប​ស់​ខ្ញុំ​ថា មិន​ធ្វើតាម​គេ​ណែនាំ​»​។ នេះ​ជាការ​ពន្យល់​របស់លោក កឹម សុខា ជុំវិញ​អត្ថន័យ​ពាក្យ​ខ្លួន ដែល​អយ្យការ​កត់សម្គាល់​ក្នុង​វីដេអូ​ឃ្លី​ប យកមក​ធ្វើជា​ភស្តុតាង​ចោទប្រកាន់​។  
 
​ដោយ​មិន​អស់ចិត្ត មេដឹកនាំ​អតីត​បក្សប្រឆាំង​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ បាន​ឆ្លើយ​ទាំង​អារម្មណ៍​ក្រេវក្រោធ ប្រាប់​ទៅ​ព្រះរាជអាជ្ញា​ថា បើ​លោក​ចង់ដឹង​ច្បាស់ ហៅ​សហរដ្ឋអាមេរិក​មក​សួរ​ទៅ​។ «​ខ្ញុំ​បានបញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​រួចមកហើយ ហើយ​ខ្ញុំ​ហួសចិត្ត​ថា បញ្ជាក់​ប​ណ្ណឹ​ង​ហើយ​នៅតែ​សួរ​ខ្ញុំ​ទៀត មិនដឹងថា​ពួកលោក​ចង់​ធ្វើ​អ្វី​ខ្ញុំ​ទេ​…​។​បើ​អស់លោក​សង្ស័យថា រដ្ឋាភិបាល​អាមេរិក​បញ្ជា​ឱ្យ​ខ្ញុំ​ធ្វើ​នេះ ឬ​ធ្វើ​នោះ សូម​លោក​ហៅ​រដ្ឋាភិបាល​អាមេរិក​មក​សួរ​ដោយ​ខ្លួនឯង​»​។ លោក កឹម សុខា បាន​និយាយ​ក្នុង​សម្ដី​ខ្លាំងៗ​បែបនេះ​។ 
 
​តុលាការ​មិន​ឆ្លើយតប​នឹងការទាមទារ​របស់លោក កឹម សុខា ដែល​ស្នើឱ្យ​កោះហៅ​រដ្ឋាភិបាល​អាមេរិក​មក​សួរនាំ​ឡើយ​។ ប៉ុន្តែ​លោក ប្លង់ សុផល អយ្យការ​សាលាដំបូង បាន​ក្រោក​ឡើង​អាន​ខ្លឹមសារ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ត្រង់​មាត្រា ៤៤៣ ពីបទ​ស​ន្ទិ​ដ្ឋិ​និយម​ជាមួយ​បរទេស ដែលមាន​ចែងថា​៖«​ប​ទស​ន្ទិ​ដ្ឋិ​និយម​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ជាសម្ងាត់​ជាមួយ​រដ្ឋ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​»​។ 
 
​ត្រង់ចំណុច​នេះ លោក ប្លង់ សុផល បាន​ពន្យល់ថា ច្បាប់​នេះ​គឺ​ដាក់ទោស​តែ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​មិន​ផ្តន្ទាទោស​រដ្ឋ​បរទេស​ឡើយ​។ «​ទោះជា​ពលរដ្ឋ​ខ្មែរ​មានការ​ទាក់ទង​ជាមួយ​បរទេស​ប៉ុណ្ណា​ក៏ដោយ ក៏​ច្បាប់​នេះ​មិន​ដាក់ទោស​បរទេស​ដែរ គឺ​ដាក់ទោស​តែ​ខ្មែរ​ប៉ុណ្ណោះ​»​។​
 
«​គេ​អត់​មានចែង​ផង ចេះតែ​បកស្រាយ​ហើយ​»​។ លោក អាង ឧ​ត្ត​ម មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ច្រានចោល​ការបកស្រាយ​របស់លោក ប្លង់ សុផល ថា អយ្យការ​កំពុង​បកស្រាយ​ខុសពី​ក្បួនច្បាប់ ។ 
 
​ជាមួយគ្នានេះ​អ្នកនាង ម៉េង សុធា​រី មេធាវី​លោក កឹម សុខា ម្នាក់ទៀត ក៏បាន​ឡើង​បកស្រាយ​ថា ការយក​វីដេអូ​មក​វែកញែក​លើ​ពាក្យពេចន៍​កូនក្តី​ខ្លួន​នេះ គឺជា​រឿង​អត់​ប្រយោជន៍​។ បើតាម​អ្នកនាង សុធាវី រាល់​ពាក្យពេចន៍​របស់​អ្នកនយោបាយ​នោះ គឺ​វា​តែងតែមាន​ការប្រើប្រាស់​ស​ម្តី​លើសលួស​ជៀស​មិន​ផុត​ទេ ប៉ុន្តែ​ការប្ដឹង​ផ្ដល់​នោះ​ត្រូវការ​ទាម​ឱ្យមាន​ភស្តុតាង និង​អង្គហេតុ​ច្បាស់លាស់​មក​បញ្ជា​ក់​។ 
 
​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ដែល​ទាមទារ​ឱ្យ​ព្រះរាជអាជ្ញា​បង្ហាញ​អង្គហេតុ​នោះ បាន​និយាយ​ដូច្នេះ​ថា​៖«​អស់​រយៈពេល​២​ឆ្នាំ​ហើយ ដែល​ស៊ើបអង្កេត​លើ​កូនក្តី​ខ្ញុំ ដូច្នេះ​តើ​មាន​ភស្តុតាង​អ្វី រកឃើញថា​កូនក្តី​ខ្ញុំ​មាន​កំហុស ហើយ​ទាក់ទង​ជាមួយ​បរទេស​ណា នៅ​កន្លែង​ណា យកមក​បង្ហាញ​មក​…​។ ហើយ​បើ​ថា​កូនក្តី​ខ្ញុំ​ប្រព្រឹត្ត​នៅ​ឆ្នាំ​១៩៩៣ គួរតែ​បង្ហាញថា​កូនក្តី​ខ្ញុំ​ជាប់​ពាក់ព័ន្ធ​បរទេស​ណា នៅពេលណា​ សូមបង្ហាញ​មក​»​។​
 
«​គេ​កំពុង​ដំណើការ​ក្តី​របស់លោក កឹម សុខា ពី​ឆ្នាំ​១៩៩៣ ដល់​២០០៧ ដូច្នេះ​វា​ជា​ដំណើរការ​ថ្មី​ហើយ​»​។ លោក កួយ សៅ ប្រធាន​ក្រុម​ជំនុំ​ជម្រះក្តី ដែល​បាន​ឆ្លើយ​កាត់​សម្តី​អ្នកនាង សុធា​រី ថា នៅពេល​គេ​សួរដេញដោល​ហើយ គឺ​នឹងមាន​ភស្តុតាង​បង្ហាញ​បន្ថែម​។ 
 
«​បើ​អស់​ការកត់សម្គាល់​ហើយ ខ្ញុំ​ឱ្យ​អ្នកផ្សេង​លើកឡើង​ម្ដង »​។ នេះ​ជាស​ម្តី​សម្របសម្រួល​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​មេធាវី​លោក កឹម សុខា ម្នាក់ទៀត​ឡើង​បកស្រាយ​វិញ​ម្ដង​។​
 
​លោក ចាន់ ចេ​ន ដែល​ទទួលបាន​សិទ្ធិ​បកស្រាយ​ច្បាប់​ពី​ចៅក្រម​នោះ បាន​និយាយថា ដំណាក់កាល​ជំនុំជម្រះ​នេះ គឺ​ត្រូវ​ប្រមូល​អង្គហេតុ​ច្បាស់លាស់​មក​ដាក់បន្ទុក​កូនក្តី​ខ្លួន ហើយ​មិនមែន​មក​អង្គុយ​ជជែក​ដេញដោល​លើ​វីដេអូ​ទេ ។ « បើ​រក​មិនឃើញ​កំហុស​ទេ លើកលែង​ការចោទប្រកាន់​កូនក្តី​ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មេធា​វី​ការពារ​ក្តី​លោក កឹម សុខា បាន​និយាយ​ផ្លែផ្កា​ទាំងមុខ​ស្ងួត​ថា លោក កួយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះក្តី ក៏​ជា​សិស្ស​រួម​ជំនាន់ ដែល​ទទួលបាន​ការអប់រំ​ផ្នែក​ច្បាប់​នេះ ពី​គ្រូ​និង​សាលារៀន​ជាមួយគ្នា ដូច្នេះ​ប្រាកដជា​យល់ច្បាស់​ពី​ដំណើរការ​ច្បាប់​នេះ​។​
 
«​ប្រហែលជា​ខ្ញុំ​រៀន​ខ្សោយ​ក៏​មិនដឹង​។ ដូច្នេះ​ការវាយតម្លៃ​លើ​អង្គហេតុ​យ៉ាងម៉េច វា​អាស្រ័យ​លើ​ការគិត​របស់លោក​ចុះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កួយ សៅ ឆ្លើយតប​ទៅ​លោក ចាន់ ចេ​ន វិញ មុននឹង​ស្នើឱ្យ​មេធាវី​ទាំងសងខាង និង​អយ្យ​ការបន្ត​សួរដេញដោល​គ្នា ដោយ​វិជ្ជាជីវៈ ហើយ​កុំ​យក​កំហឹង​មក​ជជែក​ដេញដោល​គ្នា​នៅក្នុង​សវនាការ​។ 
 
​តុលាការ​សម្រេច​បន្តស​វនា​ការសួរដេញដោល​លើ​វីដេអូ​សកម្មភាព​លោក កឹម សុខា ចាប់ពី​ឆ្នាំ​២០០៧ ដល់​២០១២ នៅ​រសៀល​ថ្ងៃទី​២៩ មករា​នេះ​។ គួរ​បញ្ជាក់ថា តុលាការ​សម្រេច​ដំណើរការ​ជំនុំ​ជម្រះក្តី​លោក កឹម សុខា ដោយ​ប្រើ​ពេលវេលា​៣​ខែ ក្រោម​ហេតុផល​ថា ជា​រឿងក្តី​ធំ​៕  

ព័ត៌មានទាក់ទង