គណៈឱសថការីកម្ពុជា ហៅការដំឡើងថ្លៃម៉ាស់ថា ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈផ្នែកឱសថសាស្រ្ត

30/11/-0001 12:00 am ភ្នំពេញ

គណៈឱសថការីកម្ពុជា ចាត់ទុក ឱសថស្ថាន ដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ហួតហេតុ ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្រ្ត ក៏ដូចជា កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជា។



នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ គណៈឱសថការីកម្ពុជា បានចេញសារអំពាវនាវ ទៅកាន់សមាជិក-សមាជិកាទាំងអស់ ដែលជាម្ចាស់ឱសថស្ថាន អ្នកទទួលខុសត្រូវឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហរ័ណនីហរ័ណឱសថ និង អ្នកទទួលខុសត្រូវក្រុមហ៊ុនអាហរ័ណនីហរ័ណឱសថ កុំឲ្យដំឡើងថ្លៃម៉ាស់ ដែលធ្វើឱប៉ះពាល់ដល់កិត្តិយសក្នុងការប្រកបវិជ្ជាជីវឱសថសាស្រ្តរបស់ឱសថការីកម្ពុជា។

តាមរយៈសារអំពាវនាវនោះ គណៈឱសថការីកម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«ឱសថការីទាំងអស់ ត្រូវតែគោរពឲ្យបាននូវក្រមធម៌ឱសថការី ក៏ដូចជា ចូលរួមចំណែកកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី»។

ដោយខ្លាចឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ប្រជាពលរដ្ឋកម្ពុជា បាននាំគ្នាទិញម៉ាស់ពាក់ការពារ។ តែទន្ទឹមនេះ មានពលរដ្ឋខ្លះ រអ៊ូរទាំ និងហួសចិត្ត ដែលកន្លែងលក់ដូរ និងឱសថស្ថានមួយចំនួន ដំឡើងថ្លៃម៉ាស់ហួសហេតុ។

ក្រសួងសុខាភិបាល ក៏អំពាវនាវដែរ កុំឲ្យឱសថស្ថាន ឬកន្លែងលក់ដូរដទៃ ដំឡើងថ្លៃម៉ាស់។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ឲ្យប្រជាពលរដ្ឋ កត់អាសយដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះរបស់ឱសថស្ថានណា ដែលដំឡើងថ្លៃម៉ាស់ ហើយផ្ញើទៅលោក តាមគណនីហ្វេសប៊ុក Siphan Phay។ លោក អះអាងថា លក នឹងស្នើឲ្យក្រសួងសុខាភិបាល ចុះទៅពិនិត្យ បើរកឃើញឱសថស្ថានណា ដំឡើងថ្លៃម៉ាស់។

កម្ពុជា បានរកឃើញករណីឆ្លងមេរោគកូរ៉ូណលើកទី១ នៅលើបុរសជនជាតិចិនម្នាក់ អាយុ៦០ ឆ្នាំ ឈ្មោះ ចា ជិនហួ។ គាត់ និង សមាជិកគ្រួសារ៣នាក់ទៀត បានធ្វើដំណើរពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ គ្រួសាររបស់គាត់ មិនបានឆ្លងមេរោគកូរ៉ូណាឡើយ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសុខាភិបាល លើកឡើងថា បច្ចុប្បន្ននេះ បុរសជនជាតិចិននោះ ស្ទើរតែជាសះស្បើយទៅហើយ។ លោក ហ៊ានអះអាងថា ក្រុមគ្រូពេទ្យកម្ពុជា អាចព្យាបាលគាត់ឲ្យជាសះស្បើយ១០០ភាគរយ។ គាត់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

មេរោគកូរ៉ូណាប្រភេទថ្មីនេះ  មានប្រភពដើមមកពីទីក្រុងវូហាន ខែហ៊ូប៉ី ប្រទេសចិន ដែលចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១៣០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគប្រភេទថ្មីនេះ បានកើនឡើងដល់ជិត៦ពាន់នាក់ នៅក្នុងប្រទេសចិន។

មេរោគប្រភេទថ្មី ដែលអាចបង្កទៅជាជំងឺរលាកសួត និងមិនទាន់មានវ៉ាក់សាំងការពារនេះ បានរាលដាលទៅដល់តំបន់ដទៃទៀត ដូចជា ម៉ាកាវ ហុងកុង និង តៃវ៉ាន់ រួមទាំងបណ្តាលប្រទេសនានា ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និង ណេប៉ាល់ ជាដើម។  តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕

ព័ត៌មានទាក់ទង