មន្ត្រីសុខាភិបាលខេត្តសៀមរាប បានចុះទៅកាន់សណ្ឋាគារមួយកន្លែង បន្ទាប់ពីមានការចែករំលែកសំឡេងតៗគ្នានៅក្នុង Group Chat ហ្វេសប៊ុក ដោយការសន្ទនាបានអះអាងថា ភ្ញៀវដែលសម្រាកនៅទីនោះ មានជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណា ប្រភេទថ្មី។ លោក ក្រុស សារ៉ាត់ ដែលជាប្រធានមន្ទីរសុខាភិបាលខេត្ត បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា គ្មានករណីនេះឡើយ។
បើតាមការសន្ទនានៅក្នុង Group Chat អ្នកនិយាយសុទ្ធតែបានអះអាងថា ខ្លួនបានឃើញផ្ទាល់ភ្នែក ថាភ្ញៀវចិន៤នាក់ ក៏ដូចជាអ្នកនាំភ្ញៀវខ្មែរម្នាក់ មានផ្ទុកកូរ៉ូណាវីរុស ព្រោះភ្ញៀវទាំងនោះ ស្ថិតក្នុងចំណោមអ្នកដំណើរដែលជិះយន្តហោះជាមួយបុរសចិនទីមួយដែលក្រសួងសុខាភិបាលបញ្ជាក់ពីវត្តមានកូរ៉ូណាវីរុស នៅខេត្តព្រះសីហនុ។
«គ្មានករណីនេះទេ ហើយម៉ោងនេះ ខ្ញុំកំពុងនៅប៉ាស៊ីហ្វិក អ្នកគ្រប់គ្រងអូតែលនេះ កំពុងរកមុខអ្នកចែកចាយព័ត៌មាននោះ និងប្រកាសចង់ប្ដឹង»។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងដូច្នេះ។
នាកាលៈទេសៈបច្ចុប្បន្ននេះ ការបង្កើតព័ត៌មានក្លែងក្លាយ កាន់តែមានការផុសផុលទាក់ទងនឹងករណីកូរ៉ូណាវីរុស ដែលធ្វើប្រជាពលរដ្ឋមានការយល់ច្រឡំ។ កាលពីល្ងាចថ្ងៃម្សិលមិញ អ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីមួយរូប បានបង្ហោះវីដេអូស្ត្រីម្នាក់ដែលមានអាការៈមិនស្រួល ដោយហ៊ានសន្និដ្ឋានថា អាចបណ្តាលមកពីកើតកូរ៉ូណាវីរុស ប៉ុន្តែក្រោយមក អ្នកបង្ហោះបានលុបវីដេអូចេញ ហើយសុំទោស។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ស្ថាប័នរបស់លោកធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងយុទ្ធនាការទប់ស្កាត់ការរាលជំងឺដ៏កាចសាហាវមួយ ហើយលោកស្នើឲ្យចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com