លោក យិន លិ​ម ម្ចាស់​សិប្បកម្ម​តែមួយគត់​ដែល​ផលិត​ឥដ្ឋ​បុរាណ​សម្រាប់​ជួសជុល​ប្រាសាទ​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ បុព្វបុរស​ខ្មែរ​បាន​កសាង​ប្រាង្គ​ប្រាសាទ​ជាច្រើន ហើយ​ផ្ដល់​សារប្រយោជន៍​សន្ធឹក​ឥត​គណនា​លើ​ផ្នែក​វប្បធម៌ ក៏ដូចជា​ក្នុង​វិស័យ​ទេសចរណ៍​រហូតដល់​ប​ច្ចុ​ប្បន្ន​។ យ៉ាងណា ប្រាសាទ​ទាំងនោះ​រង​ការខូចខាត​ដោយពេល​វេលា ដែល​ត្រូវការ​ការជួសជុល​ឡើងវិញ​។ ការជួសជុល​នេះ អ្នកជំនាញ​នៅ​បន្ត​ប្រើ​បច្ចេកទេស​និង​សម្ភារ​បុរាណ​ក្នុង​កម្រិត​អតិបរមា រួមមាន​ឥដ្ឋ​ជាដើម​។ ការជួសជុល​ប្រាសាទ​ឥដ្ឋ​បច្ចុប្បន្ន គឺ​អ្នកជំនាញ​មាន​បច្ចេកទេស​ក្នុងការ​ផលិត​ឥដ្ឋ​ឱ្យ​ដូច​ទៅនឹង​ឥដ្ឋ​បុរាណ​។ សិប្បកម្ម​ឡឥដ្ឋ​អង្គរ គឺជា​សិប្បកម្ម​មួយ​ដែល​ផលិត​ឥដ្ឋ​បុរាណ​សម្រាប់​ការងារ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​។​
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​

**audio2**


 
​ឡឥដ្ឋ​ដែល​ផលិត​ឥដ្ឋ ក្បឿង​តាមបែប​បុរាណ ហាក់​មាន​ចំនួន​តិចតួច​នាពេល​បច្ចុប្បន្ន ដោយ​ជំនួស​មកវិញ​នូវ​ឡ​ទំនើប ប្រើពេល​តិច​ម៉ោង​ក្នុងការ​ចម្អិន​។ សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង​អង្គរ គឺ​សិប្បកម្ម​មួយ​ដែលមាន​ចង្វាក់​ផលិតកម្ម​បែប​បុរាណ ពិសេស​គឺជា​សិប្បកម្ម​តែមួយគត់​ដែល​ផលិត​ឥដ្ឋ​បុរាណ​សម្រាប់​ជួសជុល​ប្រាសាទ​។ សិប្ប​កម្មនេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​
 
​លោក យិន លិ​ម ម្ចាស់​សិប្បកម្ម​អង្គរ​បាន​និយាយថា លោក​ចាប់ផ្តើម​បើក​អាជីវកម្ម​ឡឥដ្ឋ​នេះ​តាំងពី​ឆ្នាំ​១៩៨៩​មក ដោយ​យក​ឡ​បុរាណ​សល់​ពី​សង្គម​ដែល​សង់​អំឡុង​ឆ្នាំ ១៩៥០ មក​ជួសជុល កែច្នៃ​រៀបចំ​ថ្មី​។ លោក​ប្រាប់ថា ឡ​បច្ចុប្បន្ននេះ គឺជា​ប្រភេទ​ឡ​បុរាណ កម្រ ដោយ​ត្រូវ​ប្រើពេល​ដុត​ភ្លើង​ច​ម្អិ​ត​យូរ​។​


 
​ការផលិត​ឥដ្ឋ​របស់​សិប្បកម្ម​លោក យិន លិ​ម គឺ​ប្រើប្រាស់​វត្ថុធាតុដើម​ធម្ម​ជាតិ​សុទ្ធសាធ​។ ក្នុង​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​របរ​នេះ ម្ចាស់​សិប្បកម្ម​អង្គរ​ប្រាប់ថា ដី​យកមក​ផលិត​ឥដ្ឋ​ដែលមាន​គុណភាព​ល្អ​គឺ​ប្រភេទ​ដីឥដ្ឋ​បាត​បឹង ឬ​នៅក្បែរ​បឹង​។ លោក យិន លិ​ម ពន្យល់​ពី​ចង្វាក់​ផលិតកម្ម​ធ្វើ​ឥដ្ឋ​យ៉ាង​ដូច្នេះ​ថា​៖« យើង​យក​ដី​កិន​ម៉ាស៊ីន​ធម្មតា ហើយ​យក​វា​ទៅ​ហាល​ឱ្យ​ស្ងួត​មិនឱ្យ​មាន​ជាតិ​សំណើម​ទើប​ចូល​ដុត​បាន បើ​មាន​សំណើម វា​នឹង​ប្រេះ ចំណែក​ដី​នេះ​ខ្ញុំ​បាន​យកទៅ​ពិសោធណ៍​នៅ​សូន​រូប គឺ​ដុត​ក្នុង​កម្ដៅ​៩០០​ទៅ​១០០០​ដឺ​ក្រេ​បាន​ឆ្អិន ស៊ី​កម្ដៅ​ខ្ពស់ជាង​ដី​នៅ​ភ្នំពេញ នៅ​ទីនោះ​ដុត​ត្រឹម​៧០០​ទៅ​៨០០​ដី​ក្រេ​ទេ​...»​។​
 
​លោក យិន លិ​ម ប្រាប់ថា សិប្បកម្ម​របស់លោក​ចាប់ផ្តើម​ផលិត​ឥដ្ឋ​ផ្គត់ផ្គង់​ការដ្ឋាន​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ចាប់ពី​អំឡុង​ឆ្នាំ​១៩៩៤,១៩៩៥​មក ដែល​ផលិត​ឥដ្ឋ​បុរាណ​តាម​ទម្រង់​ឥដ្ឋ​ដើម​។ លោក​ប្រាប់ថា ឥដ្ឋ​នេះ​មានតែ​អាជ្ញាធរ​ជាតិ​អប្សរា​ទេ​ដែល​បញ្ជា​ទិញ និង​អង្គ​ការដែល​សហការ​ជួស​ជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​។ 


 
​ឥដ្ឋ​បុរាណ​ដែល​សិប្បកម្ម​លោក យិន លិ​ម ផលិត​សម្រាប់​ការជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​និង​តំបន់​ជុំវិញ មាន​៣​ខ្នាត ទៅតាម​ការដ្ឋាន​ប្រាសាទ​នីមួយៗ​។ ខ្នាត​ទំហំ​មាន ៦​ស​.​ម x ២៣​ស​.​ម x ១១ ស​.​ម​, ៧,៥០​ស​.​ម x ២៣​ស​.​ម x ១១ ស​.​ម​, ៥,៥០​ស​.​ម x ២៣​ស​.​ម x ១១ ស​.​ម​។ ទំហំ​ទាំងនេះ​មាន​ទម្ងន់​ពី​៣​គីឡូក្រាម​ឡើង​ក្នុង​ឥដ្ឋ​មួយ​ដុំ​។​
 
​អ្នកស្រី ស៊ី​ង រ៉ង ជា​កម្មករ​ឡឥដ្ឋ​ខាងលើ​បាន​និយាយថា ការផលិត​ឥដ្ឋ​បុរាណ​នេះ​មានការ​លំបាក​ជាង​ឥដ្ឋ​ធម្មតា ព្រោះ​ត្រូវ​កិន​ដី​២​ដង ដើម្បីឱ្យ​ស្អិត​ម៉ដ្ឋ​ល្អ​។​
 
​ចំណែក​កម្មករ​មួយរូប​ទៀត អ្នកស្រី ខួ​ត សេន ដែល​ធ្វើការ​ក្នុង​ឡឥដ្ឋ​ជាង​២០​ឆ្នាំ​មកហើយ​នោះ​ប្រាប់ថា ការផលិត​ឥដ្ឋ​បុរាណ​នេះ​ត្រូវ​ផ្ចិតផ្ចង់ និង​ត្រូវការពារ​កុំឱ្យ​បែក​ជ្រុង​។ អ្នកស្រី​បន្តថា ឥដ្ឋ​បុរាណ​ជួសជុល​ប្រាសាទ​គឺ​ផលិតឡើង​តាម​ការបញ្ជាទិញ​ពី​អ្នក​ជួសជុល​ប្រាសាទ​ប៉ុណ្ណោះ ដែល​ពេលខ្លះ​មាន​ចំនួន​ចាប់ពី​១​ម៉ឺន​ដុំ​ឡើង ហើយ​ចំណាយពេល​ដុត​ជាង​មួយខែ​ទៅ​ពីរ​ខែ​ទើប​ឆ្អិន​ល្អ​។ 
 
​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក សា​រាយ គឹម​ហួល ប្រាប់ថា​ហេតុផល​ដែល​អ្នកជំនាញ​ជ្រើសរើស​សិប្បកម្ម​ឡឥដ្ឋ​របស់លោក យិន លិ​ម មក​ជួសជុល​ប្រាសាទ ព្រោះថា​សិប្បកម្ម​នៅ​ស្រុក​សូទ្រនិគម​នេះ​គោរព​តាម​លក្ខខណ្ឌ​ព្រមព្រៀង​បច្ចេកទេស​ដែល​អ្នកជំនាញ​ចង់បាន​។ លោក​បន្តថា អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជា​ទិញ​ឥដ្ឋ​បុរាណ​ជួសជុល​ប្រាសាទពី​ឡឥដ្ឋ​លោក យិន លិ​ម តាំងពី​ឆ្នាំ​១៩៩៦​មក គឺ​ក្រោយ​អង្គការ​បរទេសមួយ​ដែល​ជ្រើសរើស​ឡឥដ្ឋ​នេះ​ក្នុង​គម្រោង​ជួសជុល​ប្រាសាទ​ព្រះ​គោ​អំឡុង​ឆ្នាំ​១៩៩៤ និង​១៩៩៥​។ 
 
​ប្រាសាទ​ឥដ្ឋ​ដែល​កំពុង​ទទួល​ការជួសជុល​ក្នុងនោះ​មាន ប្រាសាទ​ព្រះ​គោ ប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទបាតជុំ ប្រាសាទអកយំ ប្រាសាទព្រៃមន្ទីរ និង​ប្រាសាទត្រពាំងផុង​ជាដើម ហើយ​ឥដ្ឋ​ដែល​បញ្ជា​ទិញយក​មក​ជួសជុល​គឺ​ទៅតាម​បរិមាណ​និង​ទំហំ​គម្រោង​ដែលមាន​ប្រចាំឆ្នាំ​។ 


 
​ទាក់ទង​ទៅនឹង​បច្ចេកទេស​ក្នុងការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ដែល​អ្នកជំនាញ​នៅ​បន្ត​អនុវត្តន៍​តាម​ក្បួន​បុរាណ លោក សា​រា​យ គឹម​ហួល ប្រាប់ថា គេ​ប្រើ​កំបោរ​បាយអ​រលាយ​ជាមួយ​កម្ទេច​ឥដ្ឋ​ម៉ដ្ឋ លាយ​ខ្សាច់ ស្ករត្នោត និង​លាយ​កាវ​ស្បែក​គោ​។ មន្ត្រី​ជំនាញ​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« លក្ខណៈ​បច្ចេកទេស​ក្នុងការ​ជួសជុល យើង​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​ដោយ​ប្រើ​កំបោរ​បាយអរ បៀក​តាម​រន្ធ​តាម​ស្រទាប់​ថ្ម ស្រទាប់​ឥដ្ឋ ការពារ​កុំឱ្យ​សត្វ​ឬ​រុក្ខជាតិ​ដុះ ធ្វើឱ្យ​ទីតាំង​បែក​ឬ​ខូច​...»​។​
 
​បច្ចុប្បន្ន​មានតែ​សិប្បកម្ម​ឡឥដ្ឋ​អង្គរ​តែមួយ​ប៉ុណ្ណោះ ដែល​បន្ត​ផលិត​ឥដ្ឋ​បុរាណ​សម្រាប់​ការងារ​ជួសជុល​ប្រាសាទ​។ លោក សា​រា​យ គឹម​ហួល ក៏​ចង់ឱ្យ​សិប្បកម្ម​ដទៃទៀត​រៀន​ពី​បច្ចេកទេស​ផលិត​នេះ​បន្ថែម ដើម្បី​បន្ត​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ ពិសេស​ដើម្បី​ថែរក្សា​មរតក និង​បច្ចេកទេស​ផលិត​ឥដ្ឋ​បុរាណ​នេះ​ទៅ​អ្នកជំនាន់ក្រោយៗ​ទៀត​៕






 

ព័ត៌មានទាក់ទង