ក្រុម​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ធ្វើ​ជណ្តើរ​និង​ដាក់​ខ្សែពួ​ត្រង់ចំណុច​ចោត​ខ្លាំង សម្រួល​ដល់​អ្នក​ឡើង​ភ្នំ​

30/11/-0001 12:00 am កំពង់ស្ពឺ

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៥ មករា ម្សិលមិញ ប្រជា​សហគមន៍​ភ្នំ​ឱ​រាល់​ចំនួន​២០​នាក់ នាំគ្នា​ធ្វើ​កាំជណ្តើរ​ដោយ​ជីករណ្ដៅ​ដាំ​បង្គោលក្រាក់​សម្រាប់​ចងខ្សែ​ពួ និង​យក​ដើម​ឬ​ស្សី​ធ្វើជា​បង្កាន់ដៃ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ត្រង់ចំណុច​ចោត​ខ្លាំង ដែល​នៅ​ហួស​ដំណាក់​ទី​១ ប្រមាណ​២០​ម៉ែត្រ​ប៉ុណ្ណោះ​។ លោក ឈឺ​ន ឈី​ម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការធ្វើ​កាំជណ្តើរ​នេះ តែ​កន្លែង​ចោត​ខ្លាំងជាងគេ​ប៉ុណ្ណោះ ដែលមាន​ប្រវែង​១៥០​ម៉ែត្រ ក្នុង​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ដោយ​គិតពី​ជើងភ្នំ​រហូតដល់​កំពូល​ភ្នំ​។​



​ប្រធាន​សហគមន៍​ភ្នំ​ឱ​រ៉ា​ល់ និង​ជា​ប្រធាន​ក្រុម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរ​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ លោក ឈឺ​ន ឈី​ម បាន​ឲ្យ​ដឹងថា កន្លងមក​មិន​ថា ភ្ញៀវទេសចរ អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ ឬ​រូបលោក​ទេ តែងតែ​រអិលដួល​នៅត្រង់ចំណុច​ចោត​ខ្លាំង​នេះ បើទោះជា​បាន​ប្រុងប្រយ័ត្ន​ណាស់​ក៏ដោយ​។ កន្លងមក​ភ្ញៀវទេសចរ​ដែល​បាន​ឡើង​ភ្នំ​ដ៏​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដែលមាន​កម្ពស់​រហូត​ដល់​ទៅ​១,៨១៣​ម៉ែត្រ​នោះ តែងតែ​ស្នើ​ដល់​ក្រុម​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ ឲ្យ​ជួយ​ធ្វើ​បង្កាន់ដៃ ឬ​ដាក់​ខ្សែពួ​ត្រង់ចំណុច​ចោត​ខ្លាំង​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឡើង​ភ្នំ​។​

​គំនិត​ផ្តួច​ផ្តើមធ្វើ​ជណ្តើរ និង​ដាក់​ខ្សែពួ​ឡើង​ភ្នំ​ត្រង់ចំណុច​ចោត​ខ្លាំង​នេះ កើតឡើង​ក្រោយពេល​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​នាំគ្នា​ឡើង​ភ្នំ​ឱ​រ៉ា​ល់​កាលពី​ថ្ងៃទី​១៧-១៩ ខែមករា ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត លោក សុខ ភា គឺ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​២​លាន់​រៀល សម្រាប់​ការសាងសង់​និង​ចំណាយ​ផ្សេងៗ ពី​អភិបាលស្រុក​ឱ​រ៉ា​ល់ គឺ​លោក មួង ធី ។ នេះ​ជាការ​បញ្ជាក់​របស់​ម​គ្គុ​ទ្ទេស​ក៏​ទេសចរ​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ឈឺ​ន ឈី​ម ។​

​ភ្នំ​ឱ​រ៉ា​ល់ បាន​ក្លាយជា​កន្លែង​ទេសចរណ៍​បែប​ផ្សងព្រេង​ដ៏​ពេញនិយម សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ លោក ឈី​ម បញ្ជាក់​ពី​កំណើត​ភ្ញៀវទេសចរ ថា ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ភ្នំ​ឱ​រ៉ា​ល់ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន ៤,៥១៥​នាក់ កើន​ជាង​១៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ទេសចរ​ប្រមាណ ៣,៨០០​នាក់​។

relate

«​ភ្នំ​ឱ​រ៉ា​ល់​»​ ស្ថិតនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ស្ពឺ​។ ដើម្បី​ទៅដល់​ភ្នំ​ឱ​រ៉ា​ល់ ភ្ញៀវទេសចរ​ត្រូវធ្វើ​ដំណើរ​តាម​គោយន្ត​ពី​ភូមិ​ស្រែ​កិន​៣ ទៅដល់​ជើងភ្នំ​ប្រមាណ ១២​គីឡូម៉ែត្រ និង​ធ្វើដំណើរ​ថ្មើរជើង​ឡើង​ចុះ​ភ្នំ​តូចធំ​ជាច្រើន ដែលមាន​ចម្ងាយ​សរុប​ប្រមាណ​២០​គីឡូម៉ែត្រ ទើប​ដល់​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​មាន​កម្ពស់​រហូតដល់​ទៅ​១,៨១៣​ម៉ែត្រ​៕

ព័ត៌មានទាក់ទង