ទិវាយល់ដឹងពីសត្វព្រៃបណ្ដុះគំនិតឱ្យអ្នកជំនាន់ក្រោយស្រឡាញ់សត្វព្រៃ
សៀមរាប៖ នៅថ្ងៃអាទិត្យ ទី១៩ មករា ក្រុមយុវជននៃកម្មវិធី YCL (Youth Conservation Leadership) បានរៀបចំទិវាយល់ដឹងពីសត្វព្រៃសៀមរាប ដោយមានកម្មវិធីអប់រំ និងសារជច្រើនទាក់ទងនឹងសត្វព្រៃ ក៏ដូចជាធនធានធម្មជាតិនៅប្រទេសកម្ពុជា។ ទិវានេះ មានបំណងសំខាន់ ផ្តល់ចំណេះដឹងផ្សេងៗ និងបណ្ដុះគំនិតឱ្យយុវជនក៏ដូចជាអ្នកជំនាន់ក្រោយ ស្រឡាញ់ ការពារ និងអភិរក្សធនធានសត្វព្រៃនៅកម្ពុជាដែលកំពុងមាន និងខ្លះប្រឈមនឹងការបាត់បង់។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
**audio1**
នៅស្នាក់ការអង្គការផ្តោតទៅលើសត្វព្រៃកម្ពុជា (FAUNA IN FOCUS) នៅចុងសប្ដាហ៍កន្លងទៅ បានរៀបចំទិវាយល់ដឹងពីសត្វព្រៃកម្ពុជា ដើម្បីផ្តល់ចំណេះដឹងជុំវិញសត្វព្រៃកម្ពុជា និងដាក់បង្ហាញរូបភាពច្រើនសន្លឹកពីវត្តមានសត្វព្រៃទាំងប្រភេទសត្វស្លាប និងប្រភេទសត្វចតុបាត។ល។ អង្គការនេះ បានគាំទ្រថវិកាដល់ក្រុមយុវជននៃកម្មវិធីភាពជាអ្នកដឹកនាំយុវជនក្នុងកិច្ចការអភិរក្ស ហៅកាត់ថា YCL (Youth Conservation Leadership) សម្រាប់ការសិក្សា ចុះអនុវត្តន៍ និងរៀបចំទិវានេះឡើង។
កញ្ញា ពេជ្រ កញ្ញា សមាជិក YCL បានឱ្យដឹងថា សមាជិកនៃកម្មវិធីនេះបានចូលរួមវគ្គបណ្ដុះបណ្ដាលនិងរៀនសូត្រពីចំណេះដឹងផ្សេងៗទាក់ទងនឹងធនធានធម្មជាតិដូចជាសត្វព្រៃ និងបានចុះអនុវត្តន៍មេរៀនផ្ទាល់ដល់តំបន់ដែនជម្រកសត្វដូចជានៅខេត្តព្រះវិហារ។ ក្រៅពីនោះ កម្មវិធីនេះក៏បានបង្រៀនពីចំណេះដឹងទូទៅជាច្រើនដល់យុវជន ដូចជាការថតរូប ការចេះសរសេរអត្ថបទព័ត៌មាន និងចំណេះដឹងការពង្រឹងស្មារតីទាក់ទងនឹងភាពជាអ្នកដឹកនាំជាដើម។ ចំណែកការរៀបចំទិវាយល់ដឹងសត្វព្រៃនៅពេលនេះ គឺផ្តល់ចំណេះដឹងចម្រុះទាក់ទងនឹងសត្វព្រៃដល់យុវជនជំនាន់ក្រោយ។
ក្រោយពីចូលរួមវគ្គបណ្ដុះបណ្ដាល និងចុះអនុវត្តន៍ផ្ទាល់ កញ្ញា យល់ថាការងារអភិរក្សនិងការទៅដល់ដែនធនធានធម្មជាតិទាំងនោះ នៅមានកម្រិតនៅឡើយ។ កញ្ញាពន្យល់ថា ការចុះទៅគោលដៅនីមួយៗត្រូវបានរិតត្បិត និងសុំការអនុញ្ញាតជាមុនពីអាជ្ញាធរ ដែលធ្វើឱ្យការចង់ឃើញចង់យល់របស់យុវជនលើកិច្ចការទាំងនោះ មិនបានទូលំទូលាយ។
ប្រធានគម្រោងអង្គការផ្តោតទៅលើសត្វព្រៃកម្ពុជា លោក ជា សំបាន លើកឡើងថា ស្ថាប័ននេះបានបង្កើតឡើងរយៈពេល៤ឆ្នាំមកហើយ ដោយផ្តោតសំខាន់លើការងារអប់រំពាក់ព័ន្ធនឹងធនធានសត្វព្រៃ។ លោកពន្យល់ថា អង្គការនេះមានគម្រោង៣សំខាន់ៗ ដើម្បីផ្តល់ចំណេះដឹង ផ្លាស់ប្ដូរទម្លាប់មិនល្អ និងឱ្យមហាជនចាប់ផ្តើមស្រឡាញ់សត្វព្រៃ។ ក្នុងកម្មវិធីជាច្រើន អង្គការនេះបានផលិតភាពយន្តសម្បូរបែប ធ្វើយ៉ាងណាឱ្យក្មេងៗក៏ដូចជាមហាជនចេះស្រឡាញ់សត្វព្រៃ និងលែងបរបាញ់ឬជួញដូរវាតទៅទៀត។ ខុសពីអង្គការដទៃ ដែលដើរតួជាអ្នកចុះចាប់បទល្មើសផ្សេងៗ តែអង្គការផ្តោតទៅលើសត្វព្រៃកម្ពុជា ប្រើវិធីសាស្ដ្រជាការអប់រំដើម្បីផ្លាស់ប្ដូរទម្លាប់មិនល្អទាក់ទងនឹងសត្វព្រៃ។ លោក សំបាន ពន្យល់យ៉ាងដូច្នេះថា៖« ទី១ ការធ្វើភាពយន្ត ការធ្វើភាពយន្តនេះយើងនិយាយពីធ្វើយ៉ាងណាឱ្យគេឃើញស្អាត មានគុណភាពល្អ ធ្វើភាពយន្តពីរឿងវិជ្ជមានទាក់ទងនឹងសត្វព្រៃធម្មជាតិ និងភាពយន្តទាំង៣ឱ្យគេមើលហើយ ផ្លាស់ប្ដូរ ចាប់ផ្តើមស្រឡាញ់, ទី២ ការអប់រំ យើងធ្វើទៅលើបរិស្ថាន អប់រំទៅតាមសាលារៀនរដ្ឋនិងឯកជន, ទី២ សារមន្ទីរធម្មជាតិ ក្មេងៗខ្លះអត់មានពេលទៅព្រៃ គាត់អាចមកទីនេះមើល អនុវត្តន៍ខ្លួនគាត់ កាត់បន្ថយកចំណាយការដើរទៅព្រៃ...»។
មូលហេតុដែលអង្គការរបស់លោក សំបាន ជ្រើសរើសវិធីសាស្ដ្របង្រៀនជាជាងការចុះបង្ក្រាបបទល្មើស ដ្បិតថា ឆ្លងកាត់បទពិសោធន៍ការងារជាមួយសត្វព្រៃកន្លងមកទាំងថ្នាក់ដឹកនាំរបស់លោក ក៏ដូចជាខ្លួនលោកផ្ទាល់ ការចុះចាប់ឬបង្ក្រាបមិនសូវមានប្រសិទ្ធិភាពក្នុងការផ្លាស់ប្ដូរគំនិតរបស់ប្រជាពលរដ្ឋទេ ផ្ទុយទៅវិញពួកគេនឹងបន្តធ្វើសកម្មភាពនេះទៀតក្រោយលែងមានការបង្ក្រាប។ ការអប់រំឱ្យពួកគាត់ស្រឡាញ់សត្វព្រៃ គឺជាការផ្លាស់ប្ដូរដែលមានប្រសិទ្ធិភាព។
បន្ទាប់ពីបានចូលរួមសិក្សា និងចែករំលែកចំណេះដឹងពីសត្វព្រៃក្នុងទិវាយល់ដឹងសត្វព្រៃហើយនោះ កញ្ញា យល់ថា កិច្ចការទាំងនេះមានសារសំខាន់ ហើយមិនមែនខ្លួនតែម្នាក់ឯង អាចធ្វើទៅកើតនោះទេ។ កញ្ញាចង់ឱ្យយុវជនផ្សេងទៀត ត្រូវមានគំនិតចេះឈឺឆ្កាលពីបញ្ហានេះ ចេះរាយការណ៍ពីបទល្មើសផ្សេងៗទាក់ទងនឹងសត្វព្រៃ ចេះស្រឡាញ់ និងការពារធនធានទាំងនោះឱ្យបានគង់វង្សទៅថ្ងៃក្រោយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com