ពុទ្ធសាសនបណ្ឌិត្យ​រៀបចំ​បុណ្យខួប​៩០​ឆ្នាំ ដោយ​បង្ហាញ​ការស្រាវជ្រាវ​សំខាន់ៗ​ជាច្រើន​

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ ដំណើរការ​ចាប់តាំងពី​ថ្ងៃទី​២៥ ខែមករា​ឆ្នាំ​១៩៣០ ក្នុង​រាជ​កាល​ព្រះបាទ មុនី​វង្ស វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ (The Buddhist Institute) ឈានដល់​ការ​ប្រារព្ធ​ខួប​៩០​ឆ្នាំ​របស់ខ្លួន​នៅ​ឆ្នាំ​២០២០​នេះ ជាមួយនឹង​ការធ្វើ​បទ​បង្ហាញ​ពី​ការស្រាវជ្រាវ និង​កម្មវិធី​ផ្សេងៗ​រយៈពេល​២​ថ្ងៃ​ពេញ​។​
 
 សម្រាប់​កម្មវិធី​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២១ ខែមករា ក្រៅពី​ការធ្វើ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា ពុទ្ធសាសនបណ្ឌិត្យ ក៏បាន​រៀបចំ​ឱ្យមាន​ការសម្ដែង​ចាប៉ីដងវែង ដែល​ច្រៀង​អំពី​ប្រវត្តិ​-​សកម្មភាព​ពុទ្ធសាសនបណ្ឌិត្យ​។ បន្ថែម​ពី​នោះ​ក៏មាន​ការអាន​អត្ថបទ​សង្ខេប​រឿង​និង​កំណាព្យ​រឿង ដែល​បាន​ជាប់​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ លើក​ទី​១​និង​ទី​២​ផងដែរ​។​
 
​នៅ​ថ្ងៃ​ពុធ​ទី​២២ ខែមករា ពុទ្ធសាសនបណ្ឌិត្យ​នឹងមាន​ការធ្វើ​បទ​បង្ហាញ​អំពី​ការស្រាវជ្រាវ​សំខាន់ៗ​ចំនួន​១៤​ចំណងជើង ស្ដីពី​ប្រវត្តិសាស្ត្រ​និង​ព្រះពុទ្ធសាសនា រួមមាន​បទ​បង្ហាញ​អំពី​គំនូរ​ឈុត​ប្រតិ​ហា​រ្យ​នៅ​ក្រុង​សាវត្ថី នៅតាម​ព្រះវិហារ​នៅ​ប្រទេស​កម្ពុជា​, ព្រះអង្គ​ធំ​ក្នុង​ក្រុម​ប្រាសាទ​បា​កា​ន្ត​, ការ​គ្រប់​គ្រប​ព្រះពុទ្ធសាសនា​ក្នុង​ខេត្តស្វាយរៀង​, ពិធីបុណ្យ​ទេស​មហាជាតក​, ឥទ្ធិពល​ព្រះពុទ្ធសាសនា​ក្នុងសង្គម​កម្ពុជា​, មហោសថជាតក​ក្នុងសង្គម​ខ្មែរ​, ពុទ្ធសាសនា​និង​សង្គម​ខ្មែរ​, ទស្សនាវដ្ដី​កម្ពុជសុរិយា និង​ការចាប់​កំណើត​ប្រវត្តិសាស្ត្រ​កម្ពុជា​បែប​ទំនើប​, ព្រះពុទ្ធ​សា​នា​និង​ប្រវត្តិសាស្ត្រ​ខ្មែរ យោងតាម​ឯកសារ​ចិន​និង​ជប៉ុន​, ស្ថាន​នាម​ភី​ម​បុ​រៈ​និង​បាត់ដំបង​, វត្ត​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​(​សម័យ​ព្រះបាទ​ចៅ​ពញាយ៉ាត​), ប្រវត្តិ​សិល្បៈ​របាំ​ក្បាច់បុរាណ​ខ្មែរ​សម័យអង្គរ តាមរយៈ​សិល្បៈ​ចម្លាក់​, អក្សរ​ចាម្ប៍​នៅ​កម្ពុជា​សព្វថ្ងៃ និង​សាវ​ដា​វត្ត​សំបុក​៕ 

ព័ត៌មានទាក់ទង