អាជ្ញាធរ​៖ រមណីយដ្ឋាន​អង្គរ​មានទឹក​បរិបូរ និង​អាច​ធានាបាន​និរន្តរភាព​ប្រាង្គ​ប្រាសាទ​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ នៅពេលដែល បឹងបួរ ដងស្ទឹង ត្រពាំង និង​ស្រះ​ភាគច្រើន បាន​រីងស្ងួត​ស្ទើរ​អស់​នា​រដូវប្រាំង​នេះ  ប៉ុន្តែ​តំបន់​រមណីយដ្ឋាន​អង្គរ នៅតែមាន​ទឹក​ពេញ​បរិបូរ និង​បង្អួត​សម្រស់​ដ៏​ល្អ​បំព្រង​ទាក់ភ្នែក​ភ្ញៀវទេសចរ​។ ទឹក គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ធានាបាន​នូវ​និរន្តរភាព​ប្រាង្គ​ប្រាសាទ​ផងដែរ​។ តើ​មាន​កត្ដា​អ្វីខ្លះ ទើប​ធ្វើឱ្យ​ទឹក ក្នុង​តំបន់​អង្គរ​បរិបូរ​ខួប​ប្រាំង ខួប​វស្សា​បែបនេះ​?


សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ដូចតទៅ​៖
 
**audio1**

 
​អ៊ី​សា រ៉​ហា​នី​៖ អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទទួល​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​បាន​បង្កើតឡើងរ​យៈ​ពេល​២៥​ឆ្នាំ​ហើយ​។ ២៥​ឆ្នាំ​មកនេះ អាជ្ញាធរ​ជាតិ​អប្សរា សម្រេចបាន​សមិទ្ធផល​ជាច្រើន ក្នុងនោះ​ក៏មាន​ការគ្រប់គ្រង​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ​។ លោក ឡុង កុសល តើ​អ្វី​ជា​គន្លឹះ​សំខាន់ ដែល​នាំ​ឲ្យ​ការងារ​គ្រប់គ្រង​ទឹក​នេះ​ជោគជ័យ​?
 
​ឡុង កុសល​៖ បាទ សំណួរ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះ​កន្លងមក​អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន នោះ​គឺ​យើង​បាន​ផ្តោត​អាទិភាព​សំខាន់ៗ​ជាច្រើន​ក្នុងពេល​តែមួយ ដូចជា​លើ​កិច្ចការ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែល​ក្នុងនោះ​វិស័យ​ទេសចរណ៍​បាន​ដើរតួ​សំខាន់ ក្នុងការ​បង្កើន​មុខរបរ​ដល់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​។ ជាងនេះទៅទៀត យើង​ក៏បាន​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ជាច្រើន ដូចជា​ផ្លូវ ស្ពាន​យ៉ាង​ខ្វាត់ខ្វែង​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ធ្វើឱ្យ​ការរស់នៅ ការដឹកជញ្ជូន​ទេសចរ ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​ការនាំយក​ទំនិញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​ភាពងាយស្រួល​។​
 
​មួយវិញទៀត ផ្នែក​នៃ​ការគ្រប់គ្រង​ទឹក គឺជា​កិច្ចការ​ដែលមាន​សារសំខាន់​មួយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើក​ជា​អាទិភាព​ដែរ ដោយសារ​ទឹក​ដើរតួនាទី​យ៉ាងសំខាន់ ទាំង​ក្នុង​កិច្ចការ​អភិរក្ស​ប្រាង្គ​ប្រាសាទ ក៏ដូចជា​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹមជីវិត រស់នៅ​ដោយ​ភាពល្អប្រសើរ​។ នៅ​ឆ្នាំ​២០០៤ ជា​ចំណុច​ចាប់ផ្តើម​សិក្សា អំពី​រចនាសម្ព័ន្ធ​ធារាសាស្ដ្រ​សម័យអង្គរ តើ​វា​មាន​ទំហំធំធេង​ប៉ុណ្ណា​? ពេលនោះ យើង​មាន​អ្នកជំនាញ​ខាង​ទឹក​របស់​យើង ជាពិសេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​កែសម្រួល​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​នេះ​ដែល​បាន​បាត់បង់​តួនាទី​។ យើង​បាន​ស្ដារ​ឱ្យមាន​ដំណើរការ​ឡើងវិញ ប្រហែល​៥២​គីឡូម៉ែត្រ​។ យើង​បានធ្វើឱ្យ​បារាយណ៍​ខាងជើង ដែលមាន​ប្រាសាទនាគព័ន្ធ​នៅ​កណ្ដាល ដែល​បាន​បាត់បង់​តួនាទី​របស់ខ្លួន​អស់​រយៈពេល​រាប់រយឆ្នាំ​ទៅហើយ មានជីវិត​ឡើងវិញ ក្លាយជា​អាង​ស្ដុក​ទឹក​ដ៏​សំខាន់​មួយ នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ មុននឹង​យើង​ស្ដារ នៅ ប្រាសាទនាគព័ន្ធ​នេះ មាន​ទឹកតែ​ក្នុង​រដូវវស្សា​ទេ​។ អាង​ទាំង​៤​នៃ​ប្រាសាទ​នេះ បាន​ក្លាយជា​អាង​រងទឹក​ភ្លៀង​...​។ នេះហើយ​យើង​ចង់​បញ្ជាក់ថា ការសិក្សា​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ ធ្វើឱ្យ​ការគ្រប់គ្រង​ទឹក​របស់​យើង​ក្នុងពេល​បច្ចុប្បន្ន មាន​ភាពល្អប្រសើរ​។ លើសពីនេះ​ទៀត គឺ​ក​សិន្ធុ​ទឹក​សំខាន់ៗ​ដូចជា ក​សិន្ធុ​ទឹក​ប្រាសាទ​ព្រះ​ខ​ន្ត ក​សិន្ធុ​ទឹក​ប្រាសាទអង្គរវត្ត ក​សិន្ធុ​ទឹក​ក្រុង​អង្គរធំ ដែល​ពីមុន​ក៏មាន​បញ្ហា​ដូច​នៅ​ប្រាសាទនាគព័ន្ធ​ដែរ​...​ក្រោយ​ជួសជុល​ប្រព័ន្ធធារាសាស្ដ្រ​រួចមក គឺ​យើង​បាន​រក្សា​ទឹក​ទាំងនេះ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ហើយ​យើង​អាច​ប្រើប្រាស់​ទឹក​នេះ ក្នុង​កិច្ចការ​អភិរក្ស​បាន​យ៉ាង​ល្អប្រសើរ ដោយ​គ្មាន​ការព្រួយបារម្ភ​ទៀត​ទេ​។ ខ្ញុំ​ចង់​បញ្ជាក់ថា បន្ទាប់ពី​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​ឱ្យមាន​ជីវិត​ឡើងវិញ ក្នុង​មួយឆ្នាំៗ យើង​អាច​រក្សា​ទឹកបាន​១០០​លាន​ម៉ែត្រ​គីប​។​
 
​អ៊ី​សា រ៉​ហា​នី​៖ លោក ឡុង កុសល ឃើញថា​ស្ថាប័ន​ជាច្រើន​បានប្រកាស​ប្រាប់​ពលរដ្ឋ​ឱ្យមាន​ការកាត់បន្ថយ និង​ប្រើប្រាស់​ទឹក​ដោយ​ការ​សន្សំសំចៃ​ខ្ពស់​នា​រដូវប្រាំង​ឆ្នាំនេះ ហើយ​តាម​ស្ទឹង ត្រពាំង បឹង​អី​រីង​ទឹក​ស្ទើរ​អស់ហើយ ដោយឡែក​តែ​រមណីយដ្ឋាន​អង្គរ​ឃើញ​ទឹក​នៅ​ពេញ តើ​យើង​មានបំណង​បើក​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ដែរ​ទេ​?


 
​លោក ឡុង កុសល​៖ បាទ​ពិត​ហើយ បើទោះបី​យើង​មាន​បញ្ហា​ប្រឈម​ដោយសារ​អាកាសធាតុ ក៏ប៉ុន្តែ​ក្នុង​រដូវវស្សា​កន្លងមក​នេះ ដោយសារ​ការសិក្សា​ស្វែងយល់​របស់​យើង​មាន​ភាពច្បាស់លាស់ ហើយ​ការគ្រប់គ្រង​ទឹក​របស់​យើង​មានការ​ច្បាស់លាស់ អាជ្ញាធរ​ជាតិ​អប្សរា​មិន​ត្រឹមតែ​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ ក៏ប៉ុន្តែ​យើង​បាន​បង្កើត​នូវ​ទ្វារ​ទឹក​។ ទ្វារ​ទឹក​គឺជា​ចំណុច​សំខាន់ ក្នុង​ការឱ្យ​យើង​គ្រប់គ្រង​ទឹក​ឱ្យបាន​ល្អប្រសើរ​។ បានន័យថា យើង​អាច​បង្វែរ​ផ្លូវទឹក​ទៅតាម​ចំណុច​ដែល​យើង​ត្រូវការ ដែល​យើង​ចង់បាន​។ ព្រោះ​កន្លងមក​ទឹក​ដែល​បាន​ហូរ​ពី​ប្រភព​ភ្នំ​គូលែន គឺ​ហូរ​ចាក់​ទៅ​ចោល​ដោយ​ពុំបាន​រក្សាទុក​ទេ ប៉ុន្តែ​ក្រោយ​សិក្សា​មក​យើង​បាន​រក្សា​ទឹក​នោះបាន​យ៉ាង​ល្អប្រសើរ​។ ដូច្នេះហើយ បើទោះបី​ប្រឈម​នឹង​ភាពរាំងស្ងួត កូន​រដូវប្រាំង​រៀង​យូរ​បន្ដិច​មែន តែ​ទឹក​យើង​រក្សាបាន​ក្នុង​កម្រិត​អតិបរិមា​។ ចឹ​ង​តើ​ការប្រើប្រាស់​ទឹក​មាន​ជា​ប្រយោជន៍​ដូចម្ដេចខ្លះ​នាពេល​កន្លងមក​។ គឺ​អាជ្ញាធរ​ជាតិ​អប្សរា ក្រៅពី​តម្កល់​ទឹក​សម្រាប់​កិច្ចការ​ថែរក្សា​អភិរក្ស​ប្រាង្គ​ប្រាសាទ​របស់​យើង ជាពិសេស​សំដៅ​ធ្វើ​យ៉ាង​រក្សា​ទឹក​អតិបរិមា​ក្រោម​ដី យើង​ក៏បាន​ចែកចាយ​ទឹក​នោះ សម្រាប់​ផ្គត់ផ្គង់​ក្នុង​របរ​កសិកម្ម​រប​ស់​ប្រជាពលរដ្ឋ​។ យើង​ឃើញថា​សម្រាប់​បារាយណ៍​ខាងលិច ឬ​បារាយណ៍ទឹកថ្លា យើង​បាន​ចែកចាយ ដល់​ការស្រោចស្រព​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ ដែល​នៅ​ផ្នែក​ខាងក្រោមៗ រហូតដល់​ផ្ទៃដី​៧,៥០០​ហិកតា​។ នេះ​បើ​និយាយ​ពី​ទំហំ​ដី មិនមែនជា​រឿង​តូចតាច​ទេ ហើយ​ទំហំ​៧,៥០០​ហិកតា​តើ​ត្រូវការ​ទឹក​ប៉ុន្មាន​? ចំណុច​ទី​២ យើង​ក៏បាន​ផ្គត់ផ្គង់​ទឹក​ហ្នឹង សម្រាប់​ជា​ទឹកស្អាត សម្រាប់​រដ្ឋាករទឹក​ស្វ័យ​ត​ខេត្តសៀមរាប យកមក​ផ្គត់ផ្គង់​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។​
 
​អ៊ី​សា រ៉​ហា​នី​៖ ក្រោយពី​ជោគជ័យ​នៃ​ការស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ តើ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គ្រោង​ស្ដារ​នៅ​តំបន់​ផ្សេងទៀត​ដែរឬទេ​?
 
​លោក ឡុង កុសល​៖ ពិតណាស់ ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រ គឺ​យើង​នឹងសិក្សា​ពង្រីក​វិសាលភាព នៃ​ប្រព័ន្ធធារាសាស្ដ្រ​សម័យអង្គរ​កាន់តែខ្លាំង​ក្លា​បន្ថែមទៀត​។ ដូចជា​យើង​បានដឹង​ច្បាស់​ហើយ ដូចជា​នៅ​បាគង និង​តំបន់​រលួស​នេះ ក៏មាន​បារាយណ៍​ដែរ គឺ​បារាយណ៍​ខាងកើត ឬ​បារាយណ៍​ឥន្ទ្រ​ត​ដាក​។ បារាយណ៍​នេះ ពីមុន​ក៏មាន​លក្ខណៈ​ដូចជា​បារាយណ៍​ខាងជើង​ដែរ អ៊ីចឹង​បារាយណ៍​ខាងជើង​បាន​ដើរតួ​ជា​ឧទាហរណ៍​ហើយ ដូច្នេះ​បារាយណ៍​ឥន្ទ្រ​រត​ដាក​នេះ​ក៏​អាចជា​ចំណុច​មួយទៀត ក្នុង​ការពង្រីក​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​ដែរ​។ ក្រៅពីនេះទៀត អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​ផែនការ​ពង្រីក​វិសាលភាព ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ ឱ្យបាន​កាន់តែ​ទំ​លូ​ទូលាយ​ថែមទៀត ក្នុងនោះ​ក៏មាន​កិច្ចការ​មួយចំនួន ដែលជា​កិច្ចការងារ​ដែល​យើង​កំពុង​ពិភាក្សា ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ពិសេស​ការស្ដារ និង​ពង្រីក​ដងស្ទឹង​សៀមរាប ដែលជា​ស្ទឹង​ប្រវត្តិសាស្ដ្រ​ដ៏​មាន​សារសំខាន់​មួយ​ក្នុង​ខេត្តសៀមរាប ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។​
 
​ក្រៅពីនេះទៀត អាជ្ញាធរ​ជាតិ​អប្សរា​មាន​ទស្សនវិស័យ​ក្នុងការ​ស្ដារឡើងវិញ នូវ​ត្រពាំង និង​ស្រះ​បុរាណ ដែល​ឃើញ​នៅ​ខេត្តសៀមរាប​ច្រើនណាស់​។ ការស្ដារ​ឡើងវិញ​នេះ មាន​ប្រយោជន៍​២ ទី​១​គឺ​យើង​អភិរក្ស​បាន​ប្រព័ន្ធ​សង្គម​រស់នៅ របស់​មនុស្ស​បុរាណ​ឱ្យបាន​ច្បាស់លាស់ ទី​២ ស្រះ ឬ​ត្រពាំង​បុរាណ​នោះ នឹង​ក្លាយជា​ប្រភពទឹក​សម្រាប់​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​របស់ខ្លួន​។ អ៊ីចឹង​នេះ​ជា​ចំណុច​ដែល​សំខាន់ យើង​បាន​រក្សា​នូវ​អ្វី​ដែលជា​មរតក​ដូនតា​ផង យើង​បានឱ្យ​អ្វីដែល​បានកើត​ឡើង​ពីមុន​នោះ មក​ចិញ្ចឹមជីវិត ឬ​ផ្គត់ផ្គង់​តម្រូវការ​របស់​មនុស្ស​សម័យថ្មី បាន​ដូចគ្នា​ដែរ​៕

ព័ត៌មានទាក់ទង